Friday, November 29, 2024
Homeព័ត៌មានជាតិច្របាច់កកូនក្លើ កាប់ឪ១កាំបិត

ច្របាច់កកូនក្លើ កាប់ឪ១កាំបិត

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពេលផឹកស្រាស្រវឹងធ្លាក់ភ្នែក បានដើរចូលក្នុងផ្ទះក្លើរបស់ខ្លួនម្នាក់ លុះទៅដល់ក៏ធ្វើសកម្មភាពច្របាច់កកូនក្លើ ជាហេតុធ្វើឱ្យបុរសជាម្ចាស់ផ្ទះឃើញ ក៏ស្ទុះមកជួយកូន ស្រាប់តែត្រូវជនបង្កហេតុ ទាញកាំបិតប៉័ងតោ កាប់១កាំបិត បណ្តាលឱ្យរងរបួស។

ហេតុការណ៍អំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជ័យ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះ មានឈ្មោះមែក សុខរៀន ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កហេតុ ឈ្មោះជ័យ កុសល បានផឹកស្រាស្រវឹង រួចដើរមកចូលផ្ទះរបស់ខ្លួន ហើយមិនដឹងជាយ៉ាងម៉េច ស្រាប់តែចូលទៅចាប់ច្របាច់កកូនរបស់ខ្លួន ឃើញដូចនេះ គាត់ក៏ស្ទុះទៅជួយឃាត់ និងសង្គ្រោះកូន ស្រាប់តែត្រូវជនបង្កហេតុខាងលើ យកកាំបិតប៉័ងតោ កាប់មកលើខ្លួន ចំស្មាខាងឆ្វេង បណ្តាលឱ្យរងរបួសតែម្តង។

លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីករណីហិង្សាខាងលើ លោកបានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនបង្កហេតុ ឈ្មោះជ័យ កុសល រួមនិងវត្ថុតាង កាំបិតប៉័ងតោ ១ដើម នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធី និងធ្វើការអប់រំតាមសំណើរបស់ជនរងគ្រោះ។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច កន្លងមក ជនបង្កហេតុ និងជនរងគ្រោះ ធ្លាប់ជាដៃគូផឹកស៊ីជាមួយគ្នា ជាញឹកញាប់ណាស់ តែនៅថ្ងៃកើតហេតុ អ្នកទាំងពីរមិនបានផឹកស៊ីជាមួយគ្នាឡើយ ហើយក៏មិនដឹងថា ជនបង្កហេតុខឹងរឿងអ្វី បានជាច្របាច់កកូនរបស់ជនរងគ្រោះ និងថែមទាំងកាប់ប្រហារជនរងគ្រោះ ដែលជាក្លើរបស់ខ្លួនបែបនេះទៅវិញ៕

RELATED ARTICLES