Thursday, April 25, 2024
Homeព័ត៌មានជាតិចោរលួចម៉ូតូជាប់ GPS ម្ចាស់តាមរកឃើញ

ចោរលួចម៉ូតូជាប់ GPS ម្ចាស់តាមរកឃើញ

ភ្នំពេញ ៖ បុរសម្នាក់ បានចតម៉ូតូនៅមុខហាង ជាប់កន្លែងធ្វើការរបស់ខ្លួនដូចសព្វដង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពលួចបានសម្រេច លុះជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឱ្យជួយតាមរកម៉ូតូរបស់ខ្លួនដែលមានភ្ជាប់ប្រព័ន្ធ GPS ស្រាប់ ក៏រកឃើញវិញភ្លាមៗ នៅចំណុចទីតាំងចំណតម៉ូតូ ក្នុងផ្ទះជួល ១កន្លែង ដោយបានត្រឹមដកហូតម៉ូតូយកមកប្រគល់ឱ្យម្ចាស់ដើមវិញតែប៉ុណ្ណោះ ចំណែកជនសង្ស័យ នៅមិនទាន់វែកមុខរកឃើញនៅឡើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០ព្រលប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅម្តុំផ្ទះជួល ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះលាង នាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់ក្រុមហ៊ុន (ជីអឹនធី) នៅផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូ ដែលត្រូវជនសង្ស័យលួចយកទៅទុកលាក់ទុកនៅផ្ទះជួលនោះ ម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-9935។

តាមសម្តីបុរសជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ រូបគាត់បានទុកម៉ូតូ នៅមុខហាងដឹកជញ្ជួនអីវ៉ាន់ខាងលើដូចសព្វដង ហើយម៉ូតូរបស់គាត់ មានភ្ជាប់ប្រព័ន្ធស្មាតឃី និងជីភីអេស (GPS) ផងដែរ ។ បន្ទាប់មក ស្រាប់តែមិត្តភក្តិរបស់គាត់បានសួរគាត់ថា “មកធ្វើការ ជិះអីមក?” ធ្វើឱ្យគាត់ភ្ញាក់ខ្លួនព្រើត រួចដើរចេញមកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ឱ្យគេឯងជួយដើររក ហើយនៅពេលនោះ គាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឱ្យជួយ អន្តរាគមន៍ភ្លាមៗ ។

បុរសរងគ្រោះ បន្តថា ភ្លាមនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានធ្វើការស្រាវជ្រាវតាមប្រព័ន្ធជីភីអេស (GPS) ក៏បានរកឃើញម៉ូតូរបស់គាត់វិញ នៅម្តុំផ្ទះជួល ស្ថិតនៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានទាក់ទងកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលស្ថិតនៅភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយសហការ។

ប្រភពដដែល បន្តថា នៅពេលនោះដែរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់កាកាបទី២ បានទាក់ទងទៅលោកមេភូមិភូមិចម្ការឪឡឹក២ ដើម្បីមកទីតាំងកន្លែងជីភីអេស ចង្អុលបង្ហាញ ដើម្បីរកម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់មក ដោយឃើញម៉ូតូជនរងគ្រោះនៅខាងមុខផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ តែម្តង។

ដោយឡែកទីតាំងកន្លែងផ្ទះជួល ដែលជនសង្ស័យទុកម៉ូតូចោលនោះ គឺមានផ្ទះជួលជាច្រើន ហើយសមត្ថកិច្ចក៏បានសួរនាំផ្ទះជួលខាងលើ ដោយបានបញ្ជាក់ថា ម៉ូតូខាងលើនេះ គឺឃើញទុកតាំងពីយូរមកហើយ មិនដឹងថា ជនសង្ស័យរូបណា យកម៉ូតូមកចតនៅមុខផ្ទះនោះឡើយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានរាយការណ៍ទៅផ្នែកជំនាញព្រហ្មទណ្ឌ ហើយដោយសារតែយប់ជ្រៅ សមត្ថកិច្ចក៏បានដកយកម៉ូតូដែលជនសង្ស័យយកទៅទុកចោលនោះ លើកយកមកប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីប្រគល់ឱ្យជនរងគ្រោះវិញភ្លាមៗផងដែរ។ ចំណែកឯទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

RELATED ARTICLES