Friday, November 29, 2024
Homeព័ត៌មានជាតិកម្លាំងចម្រុះ ចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់

កម្លាំងចម្រុះ ចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់

ខេត្តព្រះវិហារ ៖ សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ត្រូវបានលោកវង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើ ត្បែងមានជ័យ ដឹកនាំកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយអាវុធហត្ថស្រុកត្បែងមានជ័យ នគរបាលប៉ុស្តិ៍បុស្សធំ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។

មេឈ្មួញជាម្ចាស់សិប្បកម្ម ត្រូវបានគេស្គាល់ឈ្មោះជ័យ សាន ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ (ទីតាំងខាងលើ)។

លោកវង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានឱ្យដឹងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំង ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងកម្លាំអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងសិប្បកម្មខាងលើ ដើម្បីអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ។

ក្នុងនោះវត្ថុតាងមានតាបឈូសនឹងឈើលេខ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែក រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។ ចំណែកម្ចាស់ឈ្មោះជ័យ សាន ត្រូវបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសិប្បកម្មខុសច្បាប់តទៅទៀត។

សូមបញ្ជាក់ដែរថា សិប្បកម្មកែច្នៃឈើខុសច្បាប់ខាងលើ បានធ្វើអាជីវកម្មខុសច្បាប់ យូរមកហើយ ហើយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោកសុង បញ្ញា ក៏ធ្លាប់បានចុះទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា មិនឱ្យបន្តធ្វើសិប្បកម្មខុសច្បាប់តទៅទៀតដែរ តែម្ចាស់សិប្បកម្មរូបនេះ នៅតែគឃ្លើនធ្វើបន្ត មិនព្រមឈប់ ទើបសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបតែម្តង៕

RELATED ARTICLES