Friday, March 29, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ បែកអូន បងមានស្រីថ្មី សង្សារចាស់តាមវ៉ៃសង្សារថ្មី

ភ្លើងប្រចណ្ឌ បែកអូន បងមានស្រីថ្មី សង្សារចាស់តាមវ៉ៃសង្សារថ្មី

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបែកបាក់ជាមួយសង្សាររបស់ខ្លួន មួយរយៈមកហើយ លុះក្រោយមក បានដឹងថា អតីតសង្សារខ្លួន កំពុងមានស្នេហាថ្មីជាមួយនឹងនារីម្នាក់ផ្សេងទៀត ដែលនាងធ្លាប់ស្គាល់ពីមុនមកដែរ ក៏ផ្ទុះភ្លើងប្រចណ្ឌ រហូតដល់លើក គ្នា៤នាក់ ទៅគោះទ្វារបន្ទប់នារីជាសង្សារថ្មី រួចធ្វើសកម្មភាពព្រួតវាយ និងថែមទាំងបានយកផ្លែឡាម ចាប់ឆូតដៃ នារីជាសង្សារថ្មី បណ្តាលឱ្យរងរបួសទៀតផង ជាហេតុធ្វើឱ្យនារីរងគ្រោះ កើតទុក្ខមិនសុខចិត្ត រត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ទាំងកណ្តាលយប់។

ករណីអំពើហិង្សា បែកអូន បងមានស្រីថ្មី សង្សារចាស់ តាមវ៉ៃសង្សារថ្មីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះដែលត្រូវអតីតសង្សាររបស់ប្រុសស្នេហ៍ ចូលមកវាយដល់ក្នុងបន្ទប់ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះស្រីនិច អាយុ២៥ឆ្នាំ មុខរបរអ្នកកែសម្រស់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ទីតាំងកើតហេតុខាងលើ) និងមានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសដៃខាងឆ្វេង)។ ចំណែកក្រុមជនបង្កហេតុ មានគ្នាសរុប ៤នាក់ មិនស្គាល់អត្តសញ្ញាណ តែត្រូវនារីរងគ្រោះអះអាងថា ក្នុងចំណោមនោះ មានម្នាក់ ជាអតីតសង្សារចាស់របស់គូស្នេហ៍ថ្មីនាង ហើយក៏ជាមនុស្សធ្លាប់ស្គាល់គ្នាពីមុនមកដែរ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបនាងបានទាក់ទងជាមួយមិត្តប្រុសម្នាក់ ដែលជាអតីតសង្សារចាស់របស់នារីដៃដល់ខាងលើ ក្រោយពេលដែលពួកគេបានផ្តាច់ទំនាក់ទំនងជាមួយគ្នា យូរមកហើយ ទើបនាងមានទំនាក់ទំនងរហូតមកដល់សព្វថ្ងៃនេះ ដោយមិនដឹងថា ខាងនារីជាជនដៃដល់ ខឹងសម្បា ប្រចណ្ឌ និងគុំកួនមកលើរូបនាងឡើយ។

នារីរងគ្រោះ បន្តថា លុះមកដល់នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្រាប់តែនារីដៃដល់ខាងលើ បាននាំបក្សពួកមួយក្រុម មានគ្នា ៤នាក់ មកគោះទ្វារបន្ទប់របស់នាង រួចហើយក៏ព្រួតគ្នាវាយនាង និងបានយកឡាមឆូតដៃនាង បណ្តាលឱ្យរងរបួសធ្ងន់ រយះហូរឈាមពេញក្នុងបន្ទប់ជួលទៀតផង។

ក្រោយពីព្រួតវាយមកលើរូបនាង ដល់ក្នុងបន្ទប់ហើយ ក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនទៅបាត់អស់។ ចំណែកនាង ត្រូវបានមិត្តភក្តិនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង។ បន្ទាប់ពីព្យាបាលរបួសរួច នៅវេលាម៉ោង ៥និង៤៥នាទីទៀបភ្លឺ ទើបនាងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍សង្កាត់ចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។

នារីរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នារីជាជនដៃដល់ខាងលើនេះ គឺស្នាក់នៅម្តុំផ្សារដីហុយ ស្ថិតក្នុងសង្កាត់សែនសុខ ខណ្ឌសែនសុខ ហើយនាងបានស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាត់ការតាមច្បាប់ ទៅលើជនដៃដល់និងបក្ខពួក ដើម្បីកុំឱ្យមកប្រព្រឹត្តអំពើហិង្សា លើរូបនាងបែបនេះទៀត៕

RELATED ARTICLES