ភ្នំពេញ ៖ ដោយមានចិត្តអាណិតអាសូរចំពោះលោកហែម បូរិទ្ធ ហៅឌីជេ ឡាយអិន (DJ Lion) ដែលជាអតីតអ្នកសិល្បៈល្បីឈ្មោះមួយរូប ជាប់ពន្ធនាគារពាក់ព័ន្ធគ្រឿងញៀន និងទើបត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីពេលថ្មីៗនេះ លោកឌួង ឆាយ បានសម្រេច ផ្តល់ឱកាសឱ្យអតីតឌីជេ ឡាយអិន បានចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់លោក ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។
តាមប្រភពពីលោកអ៊ឹម ជីវ៉ា បានឱ្យដឹងថា ឌីជេ ឡាយអិន ត្រូវបានលោកឌួង ឆាយ ផ្តល់ឱកាសការងារឱ្យធ្វើ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត ក្រោយពេលចេញពីពន្ធនាគារមកវិញ កាលពីពេលថ្មីៗនេះ ដោយក្នុងនោះ លោកឌួង ឆាយ បានផ្តល់ឱកាសឱ្យឌីជេ ឡាយអិន បានបម្រើការងារជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់លោក ដែលទើបនឹងបើកថ្មី គឺក្រុមហ៊ុន បុរី Downtown។
លោកឌួង ឆាយ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ថា ដោយឃើញឌីជេ ឡាយអិន ជាអ្នកសិល្បៈមួយរូប ដែលជ្រុលខ្លួនខុសមួយពេល ហើយពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាសឱ្យគាត់កែប្រែ កុំស្អប់ខ្ពើម ជាន់ពន្លិចគាត់ ទៀតអី។ មនុស្សម្នាក់ៗ កើតមកគ្មានអ្នកណាមិនចេះខុសឡើយ តែបើខុស ត្រូវចេះកែ ព្រោះថា កន្លងមក ប្រមុខថ្នាក់ដឹកនាំ ក៏ផ្តល់ឱកាសឱ្យរូបលោកផ្ទាល់ផងដែរ ហេតុដូច្នេះហើយ ទើបលោកក៏ត្រូវផ្តល់ឱកាសឲ្យឌីជេ ឡាយអិន ដូចគ្នា។
លោកឌួង ឆាយ បានបន្តថា «ថ្ងៃនេះ គឺខ្ញុំផ្តល់ឱកាសឱ្យឌីជេ ឡាយអិន បានធ្វើការងារជាមួយក្នុងក្រុមហ៊ុនបុរី Downtown របស់ខ្ញុំ ដែលទើបចាប់ផ្តើមលក់នៅថ្ងៃនេះ ដោយផ្តល់ប្រាក់ខែផង និងផ្តល់ប្រាក់ភាគរយផង ដល់ការលក់របស់ឌីជេ ឡាយអិន ផងដែរ ធ្វើយ៉ាងណាឱ្យគាត់មានការងារ និងបានប្រាក់ទុកចិញ្ចឹមជីវិត”។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ពិធីករល្បីឈ្មោះ លោកសុខ រ៉ាស៊ី បានបង្ហោះសារលើគណនីហ្វេសប៊ុក របស់ខ្លួន ដោយរៀបរាប់ថា “ពេលជួបបង (DJ ឡាយអិន) ប្អូនទប់ទឹកភ្នែកមិនចង់បានទេ បើចង់ឱ្យស្រុកខ្មែរយើងសម្បូរមនុស្សល្អ ទាល់តែបងប្អូន លើកលែងឱ្យអ្នកដែលដឹងខ្លួនខុស ចេះកែខ្លួន ឥឡូវគាត់ចេញមកវិញហើយ បងឡាយអិន ចេញមកវិញ គាត់អត់មានការងារទាល់តែសោះ រាល់ថ្ងៃ ជួយរៀបចំបាយទឹកឱ្យប្អូនស្រីគាត់ ជាជាងអ៊ុតសក់ នៅតូប គួរឱ្យអាណិតណាស់។ លោកក៏អំពាវនាវដល់ក្រុមហ៊ុនណាដែលមានការងារធ្វើ ត្រូវការជំនាញរបស់លោកហែម បូរិទ្ធ ហៅ DJ ឡាយអិន សូមមេត្តាជួយផ្តល់ឱកាសឱ្យលោកផង”។
គួរបញ្ជាក់ថា អតីតពីធីករទូរទស្សន៍ លោកហែម បូរិទ្ធ ហៅឌីជេ ឡាយអិន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលោកបានជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែនៅអំឡុងពេលអនុវត្តទោស ដោយសារតែលោកបានខិតខំជួយការងារមន្ត្រីពន្ធនាគារ និងការកែប្រែខ្លួនសាជាថ្មី ទើបត្រូវបានតុលាការមើលឃើញពីអំពើល្អរបស់លោក និងអនុញ្ញាតឱ្យលោកមានសេរីភាពមុនពេលកំណត់។ យ៉ាងណា ក្រោយពីត្រូវបានដោះលែងឱ្យមានសេរីភាព និងមានជីវិតថ្មីឡើងវិញនោះ លោកហែម បូរិទ្ធ សន្យាថា នឹងកែប្រែខ្លួនជាថ្មី លែងដើរផ្លូវខុស និងធ្វើខ្លួនឱ្យមានប្រយោជន៍ ដើម្បីសង្គម និងគ្រួសារ៕