Friday, September 20, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះគូស្នេហ៍ ដកហូតថ្នាំញៀន១កញ្ចប់ធំ

វ៉ៃខ្នោះគូស្នេហ៍ ដកហូតថ្នាំញៀន១កញ្ចប់ធំ

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍ ១គូ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន កំពុងជិះម៉ូតូដឹកគ្នាពេលយប់ ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញមានការសង្ស័យ ឃាត់សាកសួរ និងឆែកឆេរ ស្រាប់តែប្រទះឃើញថ្នាំញៀន ១កញ្ចប់ធំ ទើបចាប់ឃាត់ខ្លួនទាំង២នាក់ បញ្ជូនទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនគូស្នេហ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហេន សីង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិប្ញស្សីម្គុម ឃុំអូរសារាយ ស្រុកត្រាំកក់ និងទី២-ឈ្មោះសំរិត រ៉ែម ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ១កញ្ចប់ធំ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HN-7024។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង បានចុះល្បាតដល់ចំណុចភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ ដែលជាមុខសញ្ញាចាស់ កំពុងជិះម៉ូតូដឹកគ្នា គួរឱ្យសង្ស័យ ទើបសម្រេចឃាត់សាកសួរ និងឆែកឆេរ ស្រាប់តែប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ១កញ្ចប់ធំ។

បន្ទាប់ពីឆែកឃើញវត្ថុតាងខាងលើ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បញ្ជូនទៅកាន់អធិការនគរបាលស្រុក ដើម្បីសាកសួរ។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES