Thursday, April 25, 2024
Homeព័ត៌មានជាតិអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវដាំ និងថែទាំដើមឈើភ្នំតាម៉ៅ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវដាំ និងថែទាំដើមឈើភ្នំតាម៉ៅ

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានប្រកាសទទួលខុសត្រូវក្នុការដាំ និងថែទាំដើមឈើ នៅតំបន់ភ្នំតាម៉ៅ ដែលត្រូវបានក្រុមហ៊ុនរបស់លោកឈូសឆាយនោះ ឱ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាល។

យោងតាមសារសំឡេងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រយៈពេលជិត៥នាទី មានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងអស់ ក្នុងនិងក្រៅប្រទេស! បន្ទាប់ពីរាជរដ្ឋាភិបាល បានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅ ភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ។ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រ សរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ ក្នុងការងារសម្អាតនិងដាំដុះ។ ថ្ងៃទី១៦ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាល ថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុន ត្រូវតែទទួលខុសត្រូវទាំងអស់។

ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមបំភ្លឺសាច់រឿង និងគោលបំណងខ្លះៗ មុនពេលប្រមុខរាជរដ្ឋាភិបាលបានលុប ជូនពុកម៉ែបងប្អូនឱ្យបានជ្រាប។ ក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការវិនិយោគ គោលបំណងនោះ គឺឱ្យបងប្អូនមិនទាន់មានលំនៅឋាន អាចទិញគម្រោងនេះបាន ត្រឹម៣០ដុល្លារ ទៅ ៦០ដុល្លារ ក្នុងមួយខែ ដែលបញ្ចុះរហូត ៦១ភាគរយ ផ្តល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ផ្តល់ឱកាសឱ្យបងប្អូន ទទួលបានផលចំណេញពីក្រុមហ៊ុន។ ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល សម្រេចចិត្តឱ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិជាធំ។ កន្លងមក មានមតិមួយចំនួន តែងតែបំផ្លើសការពិតថា ខ្ញុំកាប់ឈើលក់ ថាខ្ញុំមកពីនេះ មកពីនោះ ធ្វើការនេះ ធ្វើការនោះ ធ្វើឱ្យអ្នកនេះ ធ្វើឱ្យអ្នកនោះ ជាការលាបពណ៌ដ៏សាហាវ។

ខ្ញុំផ្តល់ប្រវត្តិខ្លះៗជូនពុកម៉ែបងប្អូន ឱ្យបានស្គាល់នឹងប្រវត្តិរបស់ខ្ញុំ ៖  ខ្ញុំចាប់កំណើតក្នុងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានឪពុកឈ្មោះឡុង យឿន មុខរបរជាអ្នករែកដី ម្តាយឈ្មោះប៉ែន ងឿន បានស្លាប់ចោលនៅពេលដែលខ្ញុំទៅធ្វើពលករនៅប្រទេសកូរ៉េ បានពីរឆ្នាំ។ បងប្អូនខ្ញុំ មាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំ ជួយរែកដីឪពុកខ្ញុំ តាំងពីអាយុ១២ឆ្នាំ ដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។ មកដល់ពេលនេះ ខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគ លះបង់ជួយសង្គម ជួយអ្នកជុំវិញខ្លួន ខ្ញុំមិនដែលមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ។ ខ្ញុំពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដែលជាការចោទប្រកាន់ដ៏អាក្រក់បំផុត។ ក្រុមហ៊ុនមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធ មានកូន មានឪពុកម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំមិនអាចឱបដៃឈរមើលការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។ វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូល តែងតែប្រឹងប្រែងជួយសង្គម លះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់ នេះជាការឈឺចាប់បំផុត។ ទោះបីរឿងនេះ មិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្តែវាជាការលាបពណ៌ដ៏អាក្រក់ ជាការបំផ្លាញដល់កិត្តិយសខ្ញុំ ក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ។

ខ្ញុំសូមបដិសេធ ៣ចំណុច និងមិនបន្តឱ្យបងប្អូនចោទប្រកាន់ទៀតឡើយ ៖

១- ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេត សិក្សាឃើញថា ខ្ញុំបានលក់ឈើ ១មិល្លីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក។

២- ការចោទប្រកាន់ថា លាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់។

៣- ចោទប្រកាន់មានអ្នកនៅពីក្រោយ។

ចាប់ពីពេលនេះតទៅ បងប្អូនដែលចោទប្រកាន់ដោយគ្មានមូលហេតុ ដោយគ្មានភ័ស្តុតាង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះ ក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ ហើយអ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវ ជោគវាសនាបុគ្គលិករាប់ពាន់នាក់។

ជាចុងក្រោយ ខ្ញុំសូមអភ័យទោសនូវពាក្យសម្តីលើសលស់ណាមួយ ចំពោះពុកម៉ែបងប្អូន ខ្ញុំបាទសូមលើកដៃសំពះគោរពលា»៕

RELATED ARTICLES