ខេត្តតាកែវ ៖ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចទូរស័ព្ទ កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះស៊ិន ជាសាវ៉ាន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ ចំណែកជនសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន មានឈ្មោះប៉ន ពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីសង្ស័យខាងលើ បានដើរចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង តែត្រូវម្ចាស់គេតាមទាន់ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។
ជនសង្ស័យ និងទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់៕