Friday, September 20, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះ២នាក់ វ៉ៃដុតម៉ូតូ៤គ្រឿង

វ៉ៃខ្នោះ២នាក់ វ៉ៃដុតម៉ូតូ៤គ្រឿង

ខេត្តស្ទឹងត្រែង ៖ ក្រុមក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសកម្មភាពដេញវាយនិងកាប់យុវជន១ក្រុមទៀត ធ្វើឱ្យយុវជនរងគ្រោះភ័យឆោឡោ រត់ចោលម៉ូតូ គេចយករួចខ្លួន ១គ្រាសិន លុះក្រុមជនសង្ស័យខឹងដេញកាប់មនុស្សអត់បាន ក៏បញ្ចេញកំហឹងដាក់ម៉ូតូរបស់ជនរងគ្រោះ ដោយវ៉ៃកម្ទេចម៉ូតូ ១គ្រឿង រួចដុតកម្ទេចម៉ូតូជនរងគ្រោះ ចំនួន៣គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតអស់ម៉ូតូ ៤គ្រឿង ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ ខណៈដែលបក្ខពួកផ្សេងទៀត នាំគ្នាគេចខ្លួនអស់។

 ករណីអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា (វ៉ៃកម្ទេចនិងដុតម៉ូតូ) ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំយកមកសាកសួរ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៉ែវ វាចា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងទី២-ឈ្មោះប៉េ វិន័យ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពដេញវាយ និងកាប់គូទំនាស់របស់ខ្លួន តែត្រូវភាគីម្ខាងទៀត ដឹងខ្លួនទាន់ ក៏នាំគ្នារត់គេចខ្លួនចោលម៉ូតូនៅនឹងកន្លែង ទើបធ្វើឱ្យក្រុមជនសង្ស័យក្តៅចិត្តដេញកាប់មនុស្សអត់បាន ក៏វាយកម្ទេចម៉ូតូ ចំនួន១គ្រឿង និងដុតម៉ូតូ ចំនួន៣គ្រឿង របស់ជនរងគ្រោះថែមទៀត បណ្តាលឱ្យរងការខូចខាតម៉ូតូចំនួន ៤គ្រឿង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់ ហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកជនបង្កហេតុដែលរត់គេចខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES