Friday, September 20, 2024
Homeព័ត៌មានជាតិឆក់ត្រី បាត់៣ថ្ងៃ ក្លាយជាសពអណ្តែតទឹក

ឆក់ត្រី បាត់៣ថ្ងៃ ក្លាយជាសពអណ្តែតទឹក

ខេត្តកណ្តាល ៖ បុរសម្នាក់ បានចេញពីផ្ទះទៅឆក់ត្រី រួចក៏បាត់ខ្លួន មិនឃើញត្រឡប់មកវិញសោះ លុះ៣ថ្ងៃក្រោយមក ស្រាប់តែត្រូវបានប្រទះឃើញស្លាប់ក្នុងទឹក ក្នុងសភាពស្អុយរលួយទៅហើយ ដោយមានឧបករណ៍ឆក់ត្រី នៅជាប់នឹងខ្លួនសាកសពទៀតផង ទើបកើតមានការ ភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងស្រះទឹក កុងងួន ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

សាកសពជនរងគ្រោះ មានឈ្មោះធំ រ៉ាម៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករអនាម័យ (អ្នកប្រមូលសំរាម) មានលំនៅ ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។  វត្ថុតាងចាប់យក អាគុយ ចំនួន១គ្រាប់ កម្លាំង១២វ៉ុល ៤០អំពែរ និងដុំអាំងវ៉ិចទ័រ ចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រយៈពេល ៣ខែមកហើយ ដែលជនរងគ្រោះ និងប្រពន្ធកូនបានជួលបន្ទប់គេស្នាក់នៅក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល រហូតដល់សព្វថ្ងៃនេះ។ លុះមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ បានស្ពាយឧបករណ៍ឆក់ត្រី មានក្បាលអាំងវ៉ិចទ័រ អាគុយ និងដងសម្រាប់ឆក់ត្រី ចេញពីបន្ទប់ជួល ដើររកឆក់ត្រី ហើយចាប់ពីពេលនោះមក ជនរងគ្រោះបានបាត់ខ្លួនរហូត និងត្រូវបានប្រពន្ធ និងក្រុមគ្រួសារ តាមរកដែរ តែរកមិនឃើញ។ រហូតមកដល់វេលាម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក៏មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់ក្នុងស្រះទឹកកុងងួន ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយមានដងឆក់ត្រីនៅលើខ្លួន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញស្រុក សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ កម្លាំងប៉ុស្តិ៍ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពយ៉ាងហ្មត់ចត់ រួចបញ្ជាក់ថា សាកសពមានសភាពហើមស្អុយរលួយ មានស្នាមរោលខ្លោចនៅឆ្អឹងជំនីរខាងឆ្វេង ផ្នែកក្បាល ក អវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារឆក់ត្រី បណ្តាលឱ្យឆក់ខ្លួនឯង ពោលគឺពុំមានពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES