Thursday, March 28, 2024
Homeព័ត៌មានជាតិកូនក្រមុំរត់ចោលផ្ទះ ឪរកឃើញនៅព្រះសីហនុ

កូនក្រមុំរត់ចោលផ្ទះ ឪរកឃើញនៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យុវតីរូបស្រស់ ជាសិស្សសាលាម្នាក់ ដែលបានបាត់ខ្លួនចេញពីផ្ទះ នៅរាជធានីភ្នំពេញ ដោយគ្មានដំណឹង តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសពកន្លែងនៅតែមិនឃើញ រហូតដល់ប្រកាសតាមបណ្តាសារព័ត៌មាន និងប្តឹងសមត្ថកិច្ចជួយតាមស្វែងរកនោះ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ និងក្រុមគ្រួសារតាមរកឃើញ កាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ។

យុវតីដែលរត់ចោលផ្ទះដោយមិនផ្តល់ដំណឹងដល់ឪពុកម្តាយនោះ មានឈ្មោះស្មាន ហាលីហ្សា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យឫស្សីកែវ មានឪពុកឈ្មោះលី សារី មុខរបរបុគ្គលិកក្រុមហ៊ុន និងម្តាយឈ្មោះរ៉ ទីយ៉ាស់ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៤៧១ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកឈ្មោះ លី សារី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរជាងភ្លើង បានប្តឹងពីករណីបាត់កូនស្រី ឈ្មោះស្មាន ហាលីហ្សា អាយុ១៧ឆ្នាំ  កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ មក លោកក៏បានដាក់បទបញ្ជាដល់បណ្តាកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក និងតាមបណ្តាការិយាល័យជំនាញស្រាវជ្រាវជាបន្ទាន់ ។

ជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញ និងសង្គ្រោះជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា នៅចំណុចម្តុំអូរពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

តាមការសាកសួរបំភ្លឺ យុវតីជនឈ្មោះ ស្មាន ហាលីហ្សា បានប្រាប់សមត្ថកិច្ចថា ខ្លួនបានមកខេត្តព្រះសីហនុ ដោយខ្លួនឯង និងពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ ដោយសារខ្លួនមានគោលបំណងចង់មករកការងារធ្វើ។

ករណីនេះ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួររួច ក៏បានប្រគល់យុវតីខាងលើ ឱ្យក្រុមគ្រួសារវិញ ហើយឪពុកបានមកទទួល និងនាំនាងត្រឡប់ទៅលំនៅឋានផងដែរ។

គួររំលឹកថា លោកលី សារិ ដែលត្រូវជាឪពុកបង្កើតរបស់យុវតីដែលបាត់ខ្លួនខាងលើ ធ្លាប់បានរៀបរាប់ប្រាប់ថា មុនពេលកូនស្រីបាត់ខ្លួន គឺប្រហែលម៉ោង ២ថ្ងៃត្រង់ កូនស្រីបានសុំទៅទិញស្បែកជើង ប៉ុន្តែមិនបានប្រាប់ថា ទិញស្បែកជើងនៅទីណានោះទេ។ ប៉ុន្តែមុនអនុញ្ញាត ម្តាយបានផ្តាំថា ទិញហើយ ឱ្យប្រញាប់ត្រឡប់មកផ្ទះវិញ។ ក្រោយពីសុំម្តាយហើយ ហាលីហ្សា បានទៅបាត់តែម្តង។ លុះទៅបាត់យូរ ទូរស័ព្ទក៏មិនអាចទាក់ទងបាន ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

លោកលី សារី បានបញ្ជាក់ថា មុនពេលកូនស្រីចាកចេញពីផ្ទះ លោកមិនបានសម្គាល់ឃើញអ្វីប្លែកទេ ហើយកូនស្រីរបស់លោក ក៏មិនដែលដើរហើរឆ្ងាយៗបាត់ពីផ្ទះដែរ ប៉ុន្តែម្តងនេះ លោកក៏មានចម្ងល់ថា ហេតុអ្វីកូនស្រីទៅបាត់ពីផ្ទះ មិនផ្តល់ដំណឹង ហើយថែមទាំងទាក់ទងមិនបាន ទៀត? ប៉ុន្មានថ្ងៃមកនេះ លោកបានទាក់ទងមិត្តភក្តិ ហាលីហ្សា ហើយក៏បានដឹងតម្រុយថា ហាលីហ្សា បានទៅដល់ក្រុងព្រះសីហនុ ហើយ លោកក៏បានឡើងមកដល់ទីតាំងផ្តល់តម្រុយភ្លាម ជិះឆ្វែលរកទាំងថ្ងៃទាំងយប់ អស់រយៈពេល៣ថ្ងៃ នៅតែមិនប្រទះសោះ ទើបលោក បានប្តឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសសមត្ថកិច្ចខេត្តព្រះសីហនុ ជួយស្វែងរកកូនស្រីរបស់លោកផង ព្រោះនាងនៅក្មេង គំនិតខ្ចី ងាយចាញ់ការល្បួងរបស់ជនខិលខូច។ ទីបំផុត សមត្ថកិច្ចខេត្តព្រះសីហនុ បានរកឃើញយុវតីខាងលើនៅថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២២ នៅក្នុងក្រុងព្រះសីហនុ៕

RELATED ARTICLES