Friday, September 20, 2024
Homeព័ត៌មានជាតិអ្នកគ្រូបង្រៀនជិះម៉ូតូចុះទូកដ ជ្រុលធ្លាក់ទឹក

អ្នកគ្រូបង្រៀនជិះម៉ូតូចុះទូកដ ជ្រុលធ្លាក់ទឹក

ខេត្តបាត់ដំបង ៖ អ្នកគ្រូបង្រៀនម្នាក់ បានជិះម៉ូតូចុះទូកដ ទាំងមេឃកំពុងរលឹមស្រិចៗ ស្រាប់តែរអិលជ្រុលធ្លាក់ពីលើទូក ទាំងមនុស្ស និងម៉ូតូ ចូលទៅក្នុងទឹកអូរមួយកន្លែង តែសំណាងល្អ ត្រូវបានម្ចាស់ទូក និងអ្នកនៅក្បែរនោះ ជួយសង្គ្រោះបានទាន់ពេលវេលា មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែធ្វើឱ្យអ្នកគ្រូរូបនោះ ភ័យស្លន់ស្លោរហូតដល់គ្រុន។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចកំពង់ចម្លង អូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត។

លោកម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូចុះទូកដ ជ្រុលធ្លាក់ទឹកនោះ មានឈ្មោះនីន ធីតា មានមុខរបរជាគ្រូបង្រៀននៅសាលាបឡាង ឧបសម្ព័ន្ធអូរតាតឹង។

លោកអធិការ បានបញ្ជាក់ប្រាប់ថា អ្នកគ្រូបានរអិលធ្លាក់ទាំងម៉ូតូ និងមនុស្ស ពីលើទូកដ ពេលគាត់ជិះឆ្លងទៅសាលាដែលគាត់បង្រៀន ហើយខណៈនោះ មេឃកំពុងរលឹមស្រិចៗទាំងព្រលឹមផង។ ប៉ុន្តែពេលនោះ ម្ចាស់ទូកដ និងអ្នកនៅក្បែរនោះ បានជួយស្រង់គាត់និងម៉ូតូ ចេញពីទឹកបានទាន់ពេលវេលា ប៉ុន្តែអ្នកគ្រូ ហាក់មានអាការរងាគ្រុន ដោយសារគាត់ភ័យរន្ធត់ពេក រីឯម៉ូតូរបស់គាត់ អាចខូចខាតដោយសារចូលទឹក។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ជាទូទៅ កូនសិស្ស និងគ្រូបង្រៀន ឬប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះ ត្រូវឆ្លងតាមរយៈទូកដ ខាងលើនេះ ដែលត្រូវចំណាយប្រាក់បន្តិចបន្តូចថ្លៃទូកដ ពីព្រោះគ្មានស្ពានឬផ្លូវផ្សេងត្រូវឆ្លងកាត់អូរតាតឹង ទេ ហើយអ្នកឆ្លង ទូកដនេះ អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ពិសេសនៅពេលមានភ្លៀងខ្លាំង និងទឹកជំនន់ម្តងៗ។ ដោយឡែក អ្នកគ្រូ នីន ធីតា ដែលធ្លាក់ពីលើទូកចម្លងនោះ ប្រសិនបើទឹកអូរឡើងខ្លាំង ប្រហែលគាត់ជួបគ្រោះថ្នាក់ជាមិនខាន តែសំណាងល្អ ទឹកស្រកទៅហើយ។

ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ អ្នកនិយមធ្វើដំណើរតាមទូកដ នៅទីនោះ រួមទាំងសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផង បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយកសាងស្ពានឆ្លងកាត់អូរតាតឹង និងផ្លូវធ្វើដំណើរនៅ តំបន់នោះផង ដើម្បីឲ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ធ្វើដំណើរទៅសាលា បានស្រូលនិងមានសុវត្ថិភាពផង៕

RELATED ARTICLES