Thursday, January 23, 2025
Homeព័ត៌មានជាតិភ្លើងឆេះផ្ទះ រលាកយាយនិងចៅ

ភ្លើងឆេះផ្ទះ រលាកយាយនិងចៅ

ខេត្តពោធិ៍សាត់ ៖ ក្រមុំជាអ្នកលក់ចាប់ហួយម្នាក់ បានដាក់ដាំបាយ នៅលើចង្ក្រានហ្គាស់ ក្នុងតូបលក់អីវ៉ាន់ចាប់ហួយរបស់ខ្លួន ដែលមានដបសាំងនៅក្បែរនោះផង ជាហេតុធ្វើឱ្យកើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យនារីរងគ្រោះ និងជីដូន ត្រូវភ្លើងឆេះ រលាកយ៉ាងដំណំ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង០៧នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ប្រាប់ថា ដោយទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចុះអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះតូបលក់អីវ៉ាន់ខាងលើ។ ក្នុងការពន្លត់អគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

លោកអធិការរង បានបន្តថា ករណីនេះ បានបណ្តាលឱ្យមានអ្នករងរបួស ចំនួន២នាក់ ក្នុងនោះ ទី១-ឈ្មោះសន ជី ភេទស្រី អាយុ៧៤ឆ្នាំ និងទី២-ឈ្មោះមាន រក្សា ភេទស្រី អាយុ២៣ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ ជាជីដូននិងចៅស្រី មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ឈ្មោះមាន រក្សា បានដាក់ដាំបាយលើចង្ក្រានហ្គាស់ ក្នុងតូបលក់អីវ៉ាន់ចាប់ហួយ ដោយក្បែរនោះ មានដបសាំងផងដែរ ទើបបណ្តាលឱ្យកើតជាការឆាបឆេះ ក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បង្កការខូចខាត សម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន  តូបលក់ចាប់ហួយ ១ខ្នង ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី រួមនិងសម្ភារៈចាប់ហួយជាច្រើនទៀត។

ជាមួយនេះ ក៏បង្កឱ្យស្ត្រី ២នាក់ជីដូន និងចៅស្រី រងរបួសផងដែរ និងត្រូវបានដឹកតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីព្យាបាលភ្លាមៗ៕

RELATED ARTICLES