Thursday, April 25, 2024
Homeព័ត៌មានជាតិអតីតផ្កាយ៣ វ៉ៃប្រពន្ធ រំលោភកូនស្រី ជាប់គុក៤ឆ្នាំ

អតីតផ្កាយ៣ វ៉ៃប្រពន្ធ រំលោភកូនស្រី ជាប់គុក៤ឆ្នាំ

ភ្នំពេញ ៖ លោករ័ត្ន ស៊ីថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសអតីតផ្កាយបីយោធាម្នាក់ ដាក់ពន្ធនាគារ កំណត់៤ឆ្នាំ និងសំណងបណ្តឹងរដ្ឋប្បវេណី ចំនួន៦០លានរៀល ពាក់ព័ន្ធ៣ បទល្មើស ព្រមទាំងទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ។

ជនជាប់ចោទ មានឈ្មោះឡេង ប៊ុនស៊្រី ភេទប្រុស អាយុ៥៦ឆ្នាំ (អតីតយោធាផ្កាយ៣) មានស្រុកកំណើតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មុនចាប់ខ្លួននៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាលក្រមបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះឡេង ប៊ុនស៊្រី ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ បទហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ន្ធ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះលេខ៤៩ ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសាលក្រម ក៏បានសម្រេចឱ្យជនជាប់ចោទ រួចផុតពីបទប៉ុនប៉ងឃាតកម្ម។

គួររំលឹកថា លោកសំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ទៅប្រធានមន្ទីរឃុំឃាំង (ម១) ព្រៃស ឱ្យនាំខ្លួនជនជាប់ចោទឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ៥៧ឆ្នាំ អតីតផ្កាយ៣យោធា មកសាកសួរបន្ថែម លើ សំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនល្មើស។

គួរបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតផ្កាយ៣យោធា ឈ្មោះឡេង ប៊ុនស៊្រី ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើស ចំនួន៥ករណី ដែលសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ (បទឧក្រិដ្ឋ) រួមមាន ៖ ១-ប្រើអំពើហិង្សាលើគ្រួសារ (វាយប្រពន្ធ) ២-រំលោភសេពសន្ថវៈកូនចុង ៣-បង្ខាំងមនុស្សខុសច្បាប់ ៤-គំរាមកំហែងថានឹងសម្លាប់ និង ៥-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ការដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនសង្ស័យរូបនេះ គឺបន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើបទល្មើសទាំង៥ ខាងលើតែសំណុំរឿងខាងលើនេះ ត្រូវបានចៅក្រមជំនុំជម្រះ លើកមកបើកសវនាការ និងផ្តន្ទាទោសតែចំនួន ៣បទល្មើសទេ ចំណែក ២បទល្មើសទៀត ទំនងជាត្រូវបានតុលាការឱ្យរួចផុតពីការចោទប្រកាន់ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនជនសង្ស័យឈ្មោះ ឡេង ប៊ុនស៊្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី រួមមាន ហិង្សាក្នុងគ្រួសារ បង្ខាំងមនុស្សដោយចេតនាទុច្ចរិតក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត រំលោភសេពសន្ថវៈលើកូនស្រីចុង និងបទគំរាមកំហែងថានឹងសម្លាប់ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។

ដោយជាប់ពាក់ព័ន្ធបទល្មើសទាំងអស់ខាងលើនេះហើយ បានជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ចាប់ពីពេលនោះមក រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ទើបកាត់ក្តី និងសម្រេចចេញសាលក្រមផ្តន្ទាទោសជនជាប់ចោទ ដាក់គុកកំណត់៤ឆ្នាំ៕

RELATED ARTICLES