ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំមន្រ្តីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ សុខទុក្ខនាយទាហានបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីដាំកូនឈើ ឡើងវិញនៅតំបន់ឈូសឆាយ ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
គួរបញ្ជាក់ថា តាមប្រភពអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប និងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ លោកបានដឹកជញ្ជូនកូនឈើប្រណិត ប្រភេទបេង និងធ្នង់ សម្រាប់យកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅ បានចំនួន ៣៣១៣០ដើម រួចហើយ ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទទួលខុសត្រូវលើការផ្តល់កូនឈើ ជាង ៧០ ០០០ដើម និងក្រុមហ៊ុនប៉ោយប៉ែត ស៊ែថឺឡាយន៍ស៊ីធី ២០ ០០០ដើម និងកាលពីថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នេះ កញ្ញាសុវណ្ណា នាយកប្រតិបត្តិអង្កការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយជាង ១០០០០ដើម បន្ថែមទៀត សរុប ១០០ ០០០ដើម បូករួមទាំងកូនឈើដែលជាអំណោយរបស់លោកបន្ថែមទៀត ស្មើនឹង ១៣៣ ១៣០ដើម ចំនួននេះអាចលើសពីតម្រូវការបន្តិចទៅហើយ តែកូនឈើនៅសេសសល់ គុណភាពអាចទទួលយកបានទាំងប៉ុន្មាន អាចរក្សាទុកសម្រាប់ជួស នៅពេលដែលវាមានការខូចខាត។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា សរុបការដាំដុះកូនឈើ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ សម្រេចបានចំនួន ២៧៧.៥០ហិកតារ ហើយពិតជាសំណាងល្អខ្លាំងណាស់ ក្រោយពេលបានដាំលើកទី១ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែសីហា ព្រះភិរុណ (ភ្លៀង) បានបង្អុរមក ប្រាំមេ ធ្វើឲ្យកូនឈើទាំងអស់ លូតលាស់បានល្អគួសម។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងទៀតថា សប្តាហ៍ក្រោយនេះ លោកនឹងដឹកកូនឈើធ្នង់ ចំនួន២ឡាន ដែលមានចំនួនប្រមាណ ១៥៦០០ដើម បន្ថែមមកទៀត តាមសំណូមពររបស់នាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ដែលដឹកនាំអនុវត្តសម្អាតទីតាំងដី និងដាំដុះកូនឈើ ដោយផ្ទាល់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅដើម្បីធានានូវនិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៨២២/១០០៨ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានត្រាស់បង្គាប់ដូចខាងក្រោម ៖
មាត្រា១- ត្រូវបានបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ក្នុងគោលដៅដើម្បីធានានូវនិរន្តរភាពនៃការ ថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
មាត្រា២- ព្រះរាជក្រឹត្យនេះ មានគោលបំណង ៖
– អភិវឌ្ឍន៍សួនភូតគាមសាស្ត្រ ដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់
– អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ
– ផ្តល់ការថែរក្សា សង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ
– ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ
– ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ
– បង្កើតគម្របបៃតង និងបង្កើនសោភណភាពក្នុងតំបន់
– លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃ និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
មាត្រា៣- ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” មានផ្ទៃដីទំហំសរុប ២ ០២៥ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និងចំណុចនិយាមការ ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ត្រូវបានបែងចែកជា ៣តំបន់ ដូចខាងក្រោម ៖
១. តំបន់ព្រៃការពារ សម្រាប់ស្តារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ហិកតារ។
២. តំបន់សួនភូតគាមឈើប្រណីត ភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតារ។
៣. តំបន់ឧទ្យានសួនសត្វ ភ្នំតាម៉ៅ ជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតារ។
មាត្រា៤- ការរៀបចំនិងការប្រព្រឹត្តទៅនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៥- ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” និងត្រូវរៀបចំផែនការគ្រប់គ្រងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” និងអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព…៕