Saturday, April 20, 2024
Homeព័ត៌មានជាតិកូនចុងដណ្តើមដី ម៉ែទួញយំសុំអន្តរាគមន៍

កូនចុងដណ្តើមដី ម៉ែទួញយំសុំអន្តរាគមន៍

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ ក្រោយពីចាប់ដៃសាងគ្រួសារជាមួយប្តីទី២ ដែលជាបុរសពោះម៉ាយមានកូនស្រាប់ ក៏ស្រលាញ់យកចិត្តទុកដាក់កូនប្តីក្រោយ (កូនចុង) ទុកដូចកូនបង្កើត ដោយថែមទាំងបានចែកដី ១ដុំ ឱ្យកូនចុង គ្រាន់ជាកេរទៅថ្ងៃមុខ និងទុក១ដុំ សម្រាប់ខ្លួន និងកូនប្រុស (កូនប្តីមុន) រស់នៅបន្តទៀត ស្រាប់តែប្តីទី២ ស្លាប់បាត់ទៅ កូនចុង បែរជារំលោភបំពានយកទាំងដីរបស់គាត់ជាម្តាយចុងទៀត ទើបធ្វើឱ្យស្ត្រីចំណាស់ កើតទុក្ខមិនសុខចិត្ត ទួញយំសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ។

លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ថ្មីៗនេះ បានបង្ហោះសាររៀបរាប់ពីរឿងរ៉ាវជីវិតស្ត្រីចំណាស់ម្នាក់ ដែលជួបរឿងអយុត្តិធម៌ ត្រូវកូនចុង ដណ្តើមយកដី និងបណ្តេញចេញ គួរឱ្យអាណិតអាសូរ និងបានត្រឹមទួញយំ លើកដៃសំពះសុំប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍រកយុត្តិធម៌។

លោកដួង តារា បានរៀបរាប់ថា “អ្នកមីងអភ័ព្វ បានប្តីទី២ ដែលមានកូនស្រាប់ គួរឱ្យអាណិតស្រឡាញ់ ហើយអ្នកមីង បានចែកដីមួយចំណែកដែលគាត់មាន (ទ្រព្យមុនបានប្តីទី២) ឱ្យទៅកូនចុង ដើម្បីកុំឱ្យប្តីគិតថា មីងចិត្តមិនបាន ស្រឡាញ់កូនមិនស្មើគ្នា។ មីងបានទុកដីមួយ ចំណែកផ្សេង សម្រាប់ខ្លួនគាត់ និងកូនប្រុស។

ក្រោយពីប្តីទី២ បានស្លាប់ទៅ កូនចុង បានព័ទ្ធយកដីរបស់គាត់ថែមទៀត។ មីង ធ្លាប់បានប្តឹងទៅអតីតចៅហ្វាយខេត្តមុន ឱ្យជួយអន្តរាគមន៍ ហើយចៅហ្វាយខេត្ត ក៏បានជួយគាត់ឱ្យទទួលបានដីនោះមកវិញ នាពេលកន្លងមក។ ប៉ុន្តែក្រោយពេលលោកអភិបាលខេត្ត ផ្លាស់ទៅខេត្តផ្សេង កូនចុងនោះ បានមកដេញអ្នកមីង និងកូនប្រុស ឱ្យចេញពីដីនោះសាជាថ្មី ហើយបានកាន់កាប់ដីនោះ មកទល់ថ្ងៃនេះ។

សង្ឃឹមថាកូន (ដែលទទួលបានដីចំណែកខ្លួនហើយ) នឹងផ្តល់ដីម្តាយជូនម្តាយវិញ។ យើងចូលរួមកសាងអំពើល្អ ដោយចិត្តជ្រះថ្លា…”៕

RELATED ARTICLES