ភ្នំពេញ៖ ស្រ្តីកម្មការិនីកាត់ដេរម្នាក់ ត្រូវរោងចក្ររំសាយបុគ្គលិកអត់ការងារធ្វើហើយត្រូវ ជនសង្ស័យដាក់ថ្នាំសណ្តំយកមាសអស់១តម្លឹង១ជី៥ហ៊ុននិងប្រាក់៧៤០ដុល្លារបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែធ្នូ ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីដែលលេបថ្នាំសម្លាប់ខ្លួនមានឈ្មោះតឿ គៀត ហៅស្រីម៉ៅភេទស្រី អាយុ៣៤ឆ្នាំមុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់អ្នកជិតខាងស្នាក់នៅបន្ទប់ជួលក្បែរគ្នាបានឲ្យដឹងថាស្រ្តីរូបនេះបានមកជួលបន្ទប់កើតហេតុនេះស្នាក់រយៈពេល៤ឆ្នាំមកហើយដោយប្រកបរបរធ្វើការរោងចក្រប៉ុន្តែរយៈពេលជាង២ខែកន្លងមកនេះគាត់ត្រូវបានរោងចក្ររំសាយអត់ការងារធ្វើ ហើយរាល់ថ្ងៃកំពុងតែដើរសម្ភាសន៍ការងារតាមរោងចក្រផ្សេងទៀតមិនទាន់ជាប់ ។
ប្រភពដដែលបន្តទៀតថា រាល់ថ្ងៃគាត់អត់មានការងារធ្វើកាលពីថ្ងៃទី១៤ ខែធ្នូគាត់បាន ទៅផ្សារធំថ្មីទិញរបស់របរខណៈពេលត្រឡប់មកវិញត្រូវជនសង្ស័យដាក់ថ្នាំសណ្តំយកមាស អស់១តម្លឹង១ជី៥ហ៊ុន និងប្រាក់៧៤០ដុល្លារ នៅសល់ប្រាក់តែ៣០ដុល្លារជាប់នឹង ខ្លួនទេ។ ជារៀងរាល់ថ្ងៃជនរងគ្រោះតែងមកនិយាយលេងជាមួយអ្នកជិតខាងប៉ុន្តែនៅថ្ងៃ កើតហេតុមិនឃើញជនរងគ្រោះមកនិយាយគ្នាលេងហើយបន្ទប់បិទទ្វារចាក់គន្លឹះពីខាងក្នុងជាប់ មុន ពេលកើតហេតុពេលដែលអ្នកជិតខាងត្រឡប់មកពីធ្វើការវិញបានឃើញបិទ ទ្វារបន្ទប់បាន នាំគ្នាស្រែកហៅស្រីម៉ៅ តែមិនឮសម្លេងឆ្លើយតប មានការសង្ស័យក៏នាំ គ្នាទៅគាស់បង្អួច ស្រាប់តែឃើញជនរងគ្រោះបែកពពុះមាត់ទើបអ្នកជិតខាងបាននាំគ្នាហៅ ម្ចាស់ផ្ទះមកដល់បាននាំគ្នាធាក់ទំលុះទ្វារ ដើម្បីជួយសង្គ្រោះជនរងគ្រោះតែអកុសលជន រងគ្រោះបានស្លាប់ បាត់ទៅហើយមិនដឹងថាស្លាប់តាំងពីថ្មើរណាទេ ។
តាមការខ្សឹបខ្សេវរបស់អ្នកជិតខាងបានឲ្យដឹងថាស្រ្តីខាងលើតូចចិត្តបាត់មាសអស់ជាង១ តម្លឹងនិងប្រាក់៧៤០ដុល្លារ ហើយម្យ៉ាងទៀតកន្លងមកស្រ្តីខាងលើធ្លាប់មានទំនាក់ទំនងជា បុរសចំណាស់ម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយពេលប្រពន្ធគេដឹងបានទៅប្រាប់ស្រ្តីរងគ្រោះឲ្យឈប់ទាក់ទងប្តីរបស់គាត់ទៀត ។ លុះនៅថ្ងៃដែលជនរងគ្រោះត្រូវជនសង្ស័យដាក់ថ្នាំសណ្តំយកមាសនិងប្រាក់ទៅបាត់នោះឃើញបុរសចំណាស់នោះមកបន្ទប់ជួលរបស់ គាត់ដែររួចហើយក៏បាត់រហូតមក ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់សមត្ថកិច្ចចុះមកដល់កន្លែងកើត និងការពិនិត្យរបស់កោសលវិច័យបានឲ្យដឹងថាការស្លាប់របស់ស្រ្តីខាងលើដោយសារលេបថ្នាំសម្លាប់ខ្លួនព្រោះពពុះទឹកមាត់មានជាតិម្សៅថ្នាំតែមិនដឹងថាជាប្រភេទថ្នាំអ្វីទេ ។ សពត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ថោង ធីម