ភ្នំពេញ ៖ ប្រាក់ខែគោល ឬប្រាក់ឈ្នួលគោល នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ កម្មករកាត់ដេរ ទាមទារដំឡើងឲ្យបាន ២១៥ដុល្លារ ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ ខណៈដែលគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលជាគណបក្សក្រៅរដ្ឋាភិបាល បានគាំទ្រការទាមទាររបស់កម្មករ និងលើកឡើងថា រាជរដ្ឋាភិបាល គួរខំសម្របសម្រួលជាមួយនិយោជក ដើម្បីដំឡើងប្រាក់ខែគោលអប្បបរមា សម្រាប់កម្មករ ឲ្យបានលើសពី ៣០០ដុល្លារ ចាប់ពីឆ្នាំ២០២៤ តទៅ។ ប៉ុន្តែការលូកមាត់របស់បក្សប្រឆាំងនេះ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ហៅថាជាការឆ្លៀតឱកាសរបស់ពួកឱកាសនិយម ក្នុងការទាញយកចំណេញនយោបាយ ស្របពេលដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរចំពោះជីវភាពរបស់កម្មករ ដោយមានយន្តការចរចាដំឡើងប្រាក់ឈ្នួលកម្មករ ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ទទួលបានតែ ១៩២ដុល្លារប៉ុណ្ណោះ តែរាជរដ្ឋាភិបាល បានថែម ២ដុល្លារទៀត ទៅជា១៩៤ដុល្លារ។ សម្រាប់ការបោះឆ្នោតកំណត់ប្រាក់ឈ្នួលរួម ឆ្នាំ២០២៣ ត្រូវបានមជ្ឈដ្ឋានតាមដានក្នុងវិស័យការងារ មើលឃើញថា ប្រហែលជាមិនខុសគ្នាទេ គឺការបោះឆ្នោតយកតួលេខរដ្ឋាភិបាល ១៩៨ដុល្លារ ទំនងជាមានការគាំទ្រច្រើនជាងតួលេខនិយោជក ១៩៧ដុល្លារ ប្រសិនបើអវត្តមានតួលេខមកពីសហជីព ដោយសាររកចំណុចរួមមិនបាន។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត វិស័យកាត់ដេរ ឆ្នាំ ២០២៣ អាចនឹងឡើងដល់ ២០០ដុល្លារ ក្នុង១ខែ ប្រសិនបើមានការគាំទ្រតួលេខនយោបាយរបស់រដ្ឋាភិបាល ១៩៨ដុល្លារ ហើយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម ២ដុល្លារ ជាកាដូមុនបុណ្យភ្ជុំបិណ្ឌ ដូចឆ្នាំមុន ។
ក្នុងកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ សម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលអូសបន្លាយដល់យប់ ភាគីនិយោជក បានសម្រេចផ្តល់ ១៩៧ដុល្លារ គឺឡើង ៣ដុល្លារ ពីឆ្នាំចាស់។ តំណាងភាគីរាជរដ្ឋាភិបាល បានដាក់តួលេខ ១៩៨ដុល្លារ ខ្ពស់ជាងឆ្នាំចាស់ ៤ដុល្លារ និងភាគីតំណាងកម្មករនិយោជិត បានកំណត់តួលេខ៣ ផ្សេងគ្នា។ សម្រាប់ភាគីសហជីព មានការបែងចែកជា ២ក្រុម ពោលគឺក្រុមទី១ គាំទ្រតួលេខ ២១៣ដុល្លារ ចំនួន ៦នាក់ តួលេខ ២១០ដុល្លារ ចំនួន៣នាក់ និងភាគីសហជីពម្ខាងទៀត បោះឆ្នោតយកតួលេខ ២០៦ដុល្លារ ចំនួន ៨នាក់។ ការប្រកាន់យកតួលេខខុសគ្នា ពីភាគីតំណាងកម្មករនេះ ក៏ដោយសារក្នុងចំណោមពួកគេ ដែលមានសមាសភាព ១៧នាក់ មានសហជីពខ្លះឯករាជ្យ សហជីពខ្លះគាំទ្រថៅកែ និងរដ្ឋាភិបាល។ ដូច្នេះបើភាគីសហជីពតំណាងកម្មករនិយោជិត មិនមានតួលេខរួមណាមួយទេ នៅថ្ងៃប្រជុំសម្រេចចុងក្រោយ នាសប្តាហ៍ក្រោយ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងយកតែតួលេខរបស់ភាគីនិយោជក ១៩៧ដុល្លារ និងតួលេខតំណាងរដ្ឋាភិបាល ១៩៨ដុល្លារ ទៅដាក់នៅក្នុងការបោះឆ្នោត ដោយទាត់ចោលតួលេខដែលស្នើឡើងដោយសហជីព ។
យោងតាម CLC Cambodia បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំត្រីភាគីនេះ ទទួលបានគោលជំហរប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម ៖
-តំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន៣ ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាមេរិក មានសំឡេងគាំទ្រចំនួន ៨សំឡេង។ តួលេខ ២១០ដុល្លារអាមេរិក មានសំឡេងគាំទ្រចំនួន ៣សំឡេង និងតួលេខ ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រចំនួន ៦សំឡេង ។
-តំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៩៧ដុល្លារអាមេរិក គឺជាសំឡេងឯកច្ឆន្ទភាពផ្ទៃក្នុងរបស់ខ្លួន ។
-តំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩៨ដុល្លារអាមេរិក។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ។
លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំប្រប្រាក់ឈ្នួល កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មុនពិធីបុណ្យភ្ជុំបិណ្ឌ។ ដូច្នេះថ្ងៃទី២១ កញ្ញា គឺជាថ្ងៃចុងក្រោយ ដើម្បីសម្រេចប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៣។ ក្នុងករណីភាគីនីមួយៗគាំទ្រតួលេខណាមួយជាឯកច្ឆន្ទ នឹងមិនមានការបោះឆ្នោតទេ តែបើភាគីនីមួយៗនៅតែប្រកាន់ជំហររៀងៗខ្លួននោះ តាមច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតសម្រេចចុងក្រោយ ។
ទោះបីយ៉ាងណា អស់រយៈមួយសប្តាហ៍ចុងក្រោយនេះ ក្រុមកម្មករកាត់ដេរ ដែលបម្រើការងារនៅតាមរោងចក្រនានា បាននាំគ្នាលើកបដាទាមទារប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៣ ចំនួន ២១៥ដុល្លារ ក្នុងមួយខែ។ យុទ្ធនាការទាមទារប្រាក់ឈ្នួលនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយខ្លះសរសេរថា ដោយសារទំនិញទីផ្សារឡើងថ្លៃខ្ពស់គ្រប់មុខ ពួកគេជាកម្មករ ស្នើសុំដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលគោល ២១៥ដុល្លារ ក្នុង១ខែ នៅឆ្នាំ ២០២៣។ ខ្លះទៀតលើកឡើងថា ការស្នើសុំប្រាក់ខែ ២១៥ដុល្លារ ក៏ព្រោះតែបញ្ហាអតិផរណា ជាពិសេសតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ ជាដើម ។ កម្មករនៅតែប្រកាន់ជំហរស្នើសុំដល់រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឈ្នួលគោល ចំនួន ២១៥ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ដើម្បីពួកគាត់អាចរស់បានផង ព្រោះទន្ទឹមនឹងបច្ចុប្បន្ននេះ ទំនិញគ្រប់មុខឡើងថ្លៃខ្ពស់យ៉ាងគំហុក រួមទាំងថ្លៃហូបចុកប្រចាំថ្ងៃ ថ្លៃធ្វើដំណើរ ថ្លៃសាំង ថ្ងៃផ្ទះជួល ថ្លៃសាលាកូនរៀន សម្លៀកបំពាក់ ឧបត្ថម្ភដល់ឪពុកម្តាយចាស់នៅស្រុក និងជំពាក់បំណុល ទាំងអស់នេះសុទ្ធតែជាកង្វល់ និងបញ្ហាប្រឈមរបស់ពួកគាត់ជាកម្មករ។ ដូចនេះ សូមឲ្យរាជរដ្ឋាភិបាលពិចារណាចំពោះការដំឡើងប្រាក់ឈ្នូល ២១៥ដុល្លារ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ជូនដល់ពួកគាត់ផង ខណៈដែលការប្រជុំបញ្ចប់រឿងប្រាក់ឈ្នួលអប្បរមានេះ នឹងធ្វើនៅម៉ោង ២កន្លះរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
ជុំវិញការទាមទាររបស់កម្មករខាងលើនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងថា សកម្មភាពរបស់ពួកកម្មករ មិនធ្វើឲ្យប៉ះពាល់ដល់ការចរចាទេ គឺវាគ្រាន់តែបង្ហាញនូវការចង់បាន ហើយពួកគេមានសិទ្ធិក្នុងការនិយាយនិងសម្តែងមតិ ឬទាមទារក្នុងបរិបទសង្គមសេរី គ្រាន់តែថា អ្វីៗមិនអាចបានតាមបំណងទាំងអស់នោះទេ រឿងខ្លះទៅរួច រឿងខ្លះទៅមិនរួច សមស្របតាមហេតុផលជាក់ស្តែង ។ ជាពិសេស លោកបានលើកយកកម្រិតប្រាក់ឈ្នួល ចំនួន ៤តំបន់ នៅប្រទេសវៀតណាម មកបង្ហាញផងដែរ ដោយតំបន់ដែលមានប្រាក់ឈ្នួលថ្លៃជាងគេ គឺ ២០២ដុល្លារ ហើយទាបជាងគេ ១៤០ដុល្លារ ដោយគិតជាមធ្យម ទាំង៤តំបន់ ប្រហែល ១៧០ដុល្លារ ក្នុងមួយខែ ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ គឺក្រោយការប្រជុំផ្ទៃក្នុងភាគីពាក់ព័ន្ធ ចំនួន៣លើក ខាងភាគីតំណាងកម្មករ បានបន្ថយតួលេខពីចំនួន ២១៥ដុល្លារ មកតួលេខ ២១៣ដុល្លារវិញ ។ ចំណែកតំណាងនិយោជក បានដំឡើងតួលេខ ពីចំនួន ១៩៤ដុល្លារ ទៅតួលេខ ១៩៦ដុល្លារវិញ ។ ក្រសួងបញ្ជាក់ថា តាមលក្ខខណ្ឌបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៣ គឺ «១៩៧,៨៦ដុល្លារ» ។
ដោយឡែក សម្រាប់គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ដែលជាបក្សក្រៅរដ្ឋាភិបាល មិនត្រឹមតែបានទាមទារឲ្យភាគីពាក់ព័ន្ធដំឡើងប្រាក់ឈ្នួលគោល ចំនួន ២១៥ដុល្លារ ជូនកម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូបនិងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ប៉ុណ្ណោះទេ ថែមទាំងលើកឡើងថា រាជរដ្ឋាភិបាល គួរខិតខំរកមធ្យោបាយសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាស ដើម្បីអាចផ្ដល់លទ្ធភាពដំឡើងប្រាក់ខែគោលអប្បបរមា ជូនកម្មករ លើសពី ៣០០ដុល្លារ ចាប់ពីឆ្នាំ២០២៤ តទៅ ។
នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការកំណត់ប្រាក់ខែគោលសម្រាប់កម្មកររោងចក្រ ដោយបានបញ្ជាក់ថា ដោយបានឃើញកម្មករ-កម្មការិនី បម្រើការងារមួយចំនួន បានទាមទារប្រាក់ឈ្នួលគោល ចំនួន ២១៥ដុល្លារ ក្នុងមួយខែ ខណៈរាជរដ្ឋាភិបាល កំពុងតែពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធ អស់ជាច្រើនលើក នៅតែមិនទាន់សម្រេចបានអំពីការដំឡើងប្រាក់ឈ្នួលគោលអប្បបរមា សម្រាប់កម្មករវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប និងលោកផលិតផលផ្សេងទៀត សម្រាប់ឆ្នាំ២០២៣ គណបក្សភ្លើងទៀន យល់ឃើញថា ការដំឡើងប្រាក់ខែ ដល់២១០ដុល្លារ ក្នុងមួយខែ គឺអាចជួយដល់កម្មករ-កម្មការិនីខ្មែរ បានមួយចំណែក បើទោះជាការដំឡើងកម្រិតនេះ មិនទាន់សមល្មមចំពោះការប្រឈមនឹងជីវភាពរស់នៅរបស់កម្មករ ក្នុងស្ថានភាពដែលទំនិញ មានម្ហូបអាហារ តម្លៃទំនិញមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ មានតម្លៃខ្ពស់ជាងប្រទេសជិតខាងនោះ ។
គណបក្សភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាល ខិតខំរកមធ្យោបាយសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាស ដោយកាត់បន្ថយការចំណាយក្រៅការងារ និងសម្រួលដល់ការនាំចូលវត្ថុធាតុដើម ឬជំរុញដល់ការផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីអាចផ្ដល់លទ្ធភាពដល់ការដំឡើងប្រាក់ខែគោលអប្បបរមា លើសពី ៣០០ដុល្លារ ចាប់ពីឆ្នាំ២០២៤ តទៅ ។
ក្រោយពីបានឃើញសេចក្ដីថ្លែងការណ៍ នៃការទាមទាររបស់គណបក្សភ្លើងទៀន ខាងលើនេះ បានធ្វើឲ្យមន្រ្តីរដ្ឋាភិបាល ប្រតិកម្មឆ្លើយតប និងចាត់ទុកថា ជាការឆ្លៀតកេងចំណេញនយោបាយ ឬឆ្លៀតស្វែងរកសំឡេងគាំទ្រពីកម្មករ ខណៈដែលការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ជិតចូលមកដល់ ។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថា គណបក្សភ្លើងទៀន គឺជាគណបក្ស ឬពួកឱកាសនិយម ដែលស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយដល់ការដំឡើងប្រាក់ខែគោល ជូនកម្មករ បែរជាចូលមកលូកដៃទាមទារលើសពីអ្វីដែលរាជរដ្ឋាភិបាល និងនិយោជក អាចធ្វើទៅបាន ដើម្បីបង្ហាញថា ខ្លួនយកចិត្តទុកដាក់នឹងជីវភាពរបស់កម្មករ ។
លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! បើយើងនិយាយពីការឆ្លៀតឱកាស អាហ្នឹងអាចប្រើបានថា វាជាពួកឱកាសនិយម គឺវាជាប្រពៃណីនៃក្រុមនយោបាយប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលគេកំពុងតែត្រូវការអំណាច អ៊ីចឹងកាលណាគេកំពុងតែត្រូវការអំណាច ការប្រមូលអំណាច គេត្រូវតែឆ្លៀតឱកាសដើម្បីទាញយកការគាំទ្រ ទាញយកប្រជាប្រិយភាពបន្ថែមពីកម្មករនិយោជិត លើបញ្ហាការដំឡើងប្រាក់ខែរបស់កម្មករ។ ប៉ុន្តែយើងត្រូវមើលថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកតែងតែគិតគូរណាស់ចំពោះជីវភាពរស់នៅរបស់កម្មករ ហើយយើងត្រូវដឹងថា សេដ្ឋកិច្ចទីផ្សារសេរី រាជរដ្ឋាភិបាល គឺបានបើកចំហវិស័យវិនយោបាយទុន ការវិនិយោគសព្វបែបយ៉ាង ដើម្បីទីផ្សារការងារប្រជាពលរដ្ឋ ដើម្បីចំណូលសេដ្ឋកិច្ចជាតិ ប៉ុន្តែរាជរដ្ឋាភិបាល មិនមានសិទ្ធិក្នុងការកំណត់លើប្រាក់ខែពីនិយោជក មកនិយោជិតទេ ។ ឥឡូវឃើញជាក់ស្ដែង រឿងកម្មករអីអ៊ីចឹង គឺតាមលទ្ធភាពជាក់ស្ដែង កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងនិយោជក ប៉ុន្តែលទ្ធភាពបានទៅប៉ុនណា ក្នុងហ្នឹងស្រាប់ អ៊ីចឹងរាជរដ្ឋាភិបាល លោកជាអ្នកសម្របសម្រួល ហើយខ្វះខាតប៉ុន្មាន លោកតែងតែចេញបន្ថែមជាដរាប ដើម្បីឲ្យតួលេខនៃប្រាក់ឈ្នួលកម្មករហ្នឹង ឡើងជាដរាបអ៊ីចឹងទៅ ។ អ៊ីចឹងអាហ្នឹងវាទៅជំហានៗអ៊ីចឹង ដោយមិនអាចថយបានទេ តែសម្រាប់បក្សប្រឆាំង គេប្រើឱកាសរបស់រាជរដ្ឋាភិបាល ដើម្បីជាឱកាសរបស់គេ ក្នុងការទាញយកចំណេញលើនយោបាយ ថាគេបានជំរុញ មកពីគេជាអ្នកជំរុញហ្នឹងហើយ បានជារដ្ឋាភិបាល ព្យាយាមយកតាមការជំរុញរបស់គេ ឡើងប្រាក់ឈ្នូលដល់កម្មករហ្នឹង ហើយគេបំប៉ោងតួលេខថា ស្នើឲ្យបានដល់កម្រិតប៉ុណ្ណេះៗ អាហ្នឹងវាជាពួកឱកាសនិយម ដែលប្រើឱកាសហ្នឹង ដើម្បីទាញយកប្រជាប្រិយភាព ។ ក៏ប៉ុន្តែភាពជាក់ស្ដែង គឺអ្វីដែលរាជរដ្ឋាភិបាល បានធ្វើនិងកំពុងតែធ្វើនេះ គឺជាដំណើរជាធម្មតា ជាជំហានធម្មតារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់កម្មករ“ ។
ទោះបីយ៉ាងណា លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃដដែលនោះថា ការគាំទ្រ ការទាមទារ ក៏ដូចជាការស្នើឲ្យដំឡើងបា្រក់ខែគោលកម្មករ ២១៥ដុល្លារ ក្នុងឆ្នាំ២០២៣ និងលើស ៣០០ដុល្លារ ក្នុងឆ្នាំ២០២៤ នោះ មិនមែនជាការចង់កេងចំណេញនយោបាយ ឬយកសំឡេងកម្មករ ឲ្យបានកាន់តែច្រើនជាងមុនទៀតនោះទេ គឺជាការមើលឃើញពិតប្រាកដពីជីវភាពរស់នៅរបស់កម្មករ ។
លោកសុន ឆ័យ បានមានប្រសាសន៍ថា “យើងបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់យើងហើយថា ការដែលយើងជំរុញឲ្យរដ្ឋាភិបាល យល់ព្រមចំពោះការស្នើសុំរបស់កម្មករ ក្នុងការដំឡើងប្រាក់ខែគោល សម្រាប់ឆ្នោត២០២៣ នេះ ដល់២១៥ដុល្លារ គឺជាការស្នើសុំតិចតួចសមរម្យ ដែលរដ្ឋាភិបាល គួរជួយជំរុញឲ្យបានដូចការចង់បានរបស់កម្មករ ។ ការដែលយើងលើកនេះ គឺយើងពិនិត្យទៅលើអ្វីដែលកើតមាននៅក្នុងជីវិតរស់នៅរបស់កម្មករ ដែលតម្លៃទំនិញ តម្លៃធ្វើដំណើរ តម្លៃស្នាក់នៅ តម្លៃដែលត្រូវចំណាយ មានការកើនឡើងជាគំហុកនៅក្នុងជីវិតរស់នៅរបស់គាត់ ដែលគាត់មិនអាចនឹងទ្រទ្រង់ការរស់នៅរបស់ពួកគាត់ ក្នុងតម្លៃដែលប្រាក់ខែដែលគាត់ទទួលបានបច្ចុប្បន្ននោះទេ ។ រឿងទី២ រឿងពិនិត្យទៅលើការដំឡើងប្រាក់ខែគោលរបស់ប្រទេសជិតខាង បើយើងពិនិត្យទៅខាងប្រទេសវៀតណាម គឹមានការដំឡើងយ៉ាងតិចណា ២៥ដុល្លារ ទៅលើប្រាក់ខែគោល ហើយចំពោះប្រទេសថៃ ក៏មានការកើនឡើងគំហុកដែរ គេយោងលើស្ថានភាពដូចគ្នា បើទោះបីជាក្នុងប្រទេសថៃ និងប្រទេសវៀតណាម គេបានបែងចែកតំបន់ផ្សេងៗគ្នាទៅលើជីវិតរស់នៅ និងការប្រឈមរបស់កម្មករ ដូចនៅទីក្រុងធំៗ បាងកក ឬក៏ទីក្រុងព្រៃនគរ ដែលមានការចំណាយខ្ពស់អី គឺមានដំឡើងខ្ពស់ ។ ប៉ុន្តែយើងប្រៀបធៀបទៅ ឃើញថា ពលរដ្ឋយើងដែលចង់់ដំឡើងសព្វថ្ងៃ ពី១៩៤ដុល្លារ ឡើងមក ២១៥ នេះ គឺជាចំនួនដែលតិចតួច ប្រហែលជា ២០ដុល្លារ វាជារឿងដែលស្នើតិចជាងប្រទេសជិតខាង ហើយវាគួរតែជួយទៅដល់កម្មករ“ ។
លោកសុន ឆ័យ បានមានប្រសាសន៍បន្តថា “ចំពោះមធ្យោបាយគិតគូរ និងនីតិវិធីជួយសម្រួល ខ្ញុំបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដែរថា វាគួរតែយើងធ្វើយ៉ាងដូចម្ដេច រៀបចំឲ្យមានការសម្រួលជាមួយក្រុមហ៊ុនឧស្សាហកម្ម សហជីព ដែលទទួលយកកម្មករហ្នឹង ជជែកគ្នាក្នុងកម្រិតអ្វីដែលរាជរដ្ឋាភិបាល អាចសម្រួលបាន ដើម្បីលើកកម្ពស់ការចំណាយរបស់គាត់ ចំណាយក្រៅផ្លូវការ វត្ថុធាតុដើមផ្សេងៗ ដើម្បីធ្វើយ៉ាងម៉េចការដំឡើងប្រាក់ខែគោលរបស់យើង មិនប៉ះពាល់ទៅការបន្តវិនិយោគទុនរបស់ក្រុមហ៊ុន ហើយនិងជួយដល់ភាគីនេះថែមទៀត ហើយក៏វាអាចឲ្យគាត់បន្ថែមប្រាក់ចំណូលទៅ ហើយធ្វើឲ្យកម្មកររីករាយ មានសុខភាពល្អប្រសើរអាចបំពេញការងារបម្រើសេចក្ដីត្រូវការរបស់ក្រុមហ៊ុនហ្នឹងកាន់តែល្អប្រសើរ ។ ដូច្នេះសរុបទៅ ការដែលថាការស្នើរបស់គណបក្សភ្លើងទៀន ជាការយកចំណេញផ្នែកនយោបាយ ឬដើម្បីបង្កើនសំឡេងគាំទ្រពីកម្មករនោះ មិនពិតទេ យើងពិនិត្យទៅលើសំណើយើង យើងអត់មានការទាមទារអីហួសហេតុទេ យើងគ្រាន់តែទាមទារតាមភាពជាក់ស្ដែង“ ៕ កុលបុត្រ