ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូល ដ្ឋាន បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចលនានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិ បាលរដ្ឋ បាលរាជធានីភ្នំពេញ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន ឯក ឧត្តម តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ព្រមជាមួយនឹងនិយោជិតនិយោជករបស់ក្រុមហ៊ុន ខេម ប្រ៊ូវ យុវជន និងអាជ្ញាធរពាក់ព័ន្ធជាង ៥០០ នាក់។ នេះជាចលនាសម្អាតលើកទី ២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើ បន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ ដើម្បីប្រារពន្ធទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើក កម្ពស់ការយល់ដឹង ពីកិច្ចការ ពារបរិស្ថាន និងលើកទឹកចិត្តឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរ ក្រោមសារ «កម្ពុជាស្អាត កម្ពុជាបៃតង»។
ក្នុងចលនានេះដែរ លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បាន សម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយក្នុងគំនិតផ្ដួចផ្ដើម មួយនេះ។ លោកបានថ្លែងថា «ខេមប្រ៊ូវ ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំឲ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាននូវទម្លាប់នៃការចោលសំរាម»។ លោកបានបន្តទៀតថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពី ឆន្ទៈរួម គ្នាតែមួយរបស់ពួកយើងក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែល ពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នាក្នុងវិស័យបរិស្ថាន នឹងនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន»។
ឯកឧត្តម នួន ផារ័ត្ន ក៏បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះ ចូលរួមចំណែកធ្វើឲ្យទីក្រុងយើងស្អាតក៏ដូច ជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញឲ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវ ថ្នាក់ដឹកនាំកំពូល ៗរបស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខ នេះ»។
ឯកឧត្តម កែន សេរីរដ្ឋា បានលើកឡើងថា «ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន បរិស្ថាន ជាសេនាធិការ បាន និងកំពុងរៀបចំកម្មវិធីចលនាប្រឡងប្រណាំង ‘ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព’ លើវិស័យបរិស្ថានដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេ ត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់ របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុមស្រប តាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាការរួមចំណែកក្នុងយុទ្ធនាការ កម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើងទទួលបានភាពស្អាត និងបៃតង»។
ឯកឧត្តម តុប សុភ័ក ក៏បានថ្លែងថា «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់ យើងក្នុងបរិបទ ក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណ ភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់នៅ មុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០ ២៣ ខាងមុខនេះ»។
ក្រុមហ៊ុន ខេមប្រ៊ូវ បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន បន្តប្ដេជ្ញាដឹកនាំ និងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ & ដោយចីរភាព និងបន្ដចូលរួមចំណែក ដើ ម្បីសង្គមកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក។ តាមរយៈព្រឹត្តិការន៍នេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នា រវាងវិស័ យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឲ្យមានការអភិវឌ្ឍជាចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕