កែប ៖ ស្ត្រីម្នាក់ ជាអាណិកជនខ្មែរ រស់នៅប្រទេសកាណាដា បានអះអាងថា ខ្លួនកំពុងទទួលរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ដោយត្រូវអ្នកមានអំណាច និងជាអ្នកច្បាប់មួយរូប រំលោភបំពានទាំងទំនុកចិត្ត និងផ្លូវច្បាប់ រំលោភយកដីរបស់ខ្លួន ដែលបានទិញត្រឹមត្រូវតាមផ្លូវច្បាប់ ជាហេតុធ្វើឱ្យខ្លួនកើតទុក្ខមិនសុខចិត្ត ស្នើឲ្យបុគ្គលរូបនោះ ដោះស្រាយ ផ្តល់យុត្តិធម៌ដល់គាត់ មុនពេលគាត់ដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ។

ស្ត្រីជាអាណិកជនខ្មែរ រស់នៅប្រទេសកាណាដា ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ត្រូវអ្នកមានអំណាចនិងជាអ្នកច្បាប់ម្នាក់ រំលោភយកដីនោះ មិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេ គ្រាន់តែបង្ហាញថា ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Villa Gardenia Kep»។

ស្ត្រីអាណិកជនរូបនោះ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ថា “ចាំមើលច្បាប់ស្រុកខ្មែរ យុត្តិធម៌សម្រាប់មនុស្សល្អ ព្រោះខ្ញុំមានភ័ស្តុតាងទាំងអស់ ហើយអ្នកមានអំណាច គឺកុហក។ វាជាលុយរបស់ខ្ញុំ មិនមែនក្រដាសទេ ញើសឈាមរបស់ខ្ញុំ។ សម្តេច Samdech Hun Sen, Cambodian Prime Minister មិនទាន់ដឹងទេថា អ្នកមានអំណាចម្នាក់នេះ ដែលបង្កើតច្បាប់ឱ្យប្រទេស ប្រើអំណាចដាក់សម្ពាធគ្រប់នាយកដ្ឋានច្បាប់។

ដីរបស់ខ្ញុំ មិនមែនសម្រាប់លក់ ឬប្លន់ទេ។ ខ្ញុំចំណាយប្រាក់ច្រើន ជារៀងរាល់ខែឆ្នាំ ជារៀងរាល់ថ្ងៃ និងប្រចាំថ្ងៃ ដើម្បីថែរក្សាវា និងធ្វើឱ្យវាមើលទៅស្រស់ស្អាតសម្រាប់លំនៅឋានវិស្សមកាលគ្រួសាររបស់ខ្ញុំ។ ខ្ញុំបង់ពន្ធអចលនទ្រដីរបស់ខ្ញុំ អស់ជាច្រើនឆ្នាំមកហើយ តាំងពីខ្ញុំទិញមក»។

ស្ត្រីដដែល សរសេរបន្តថា «ធ្វើដោយចំហ ដើម្បីឱ្យសាធារណជនមើលឃើញថា អ្នកបង្កើតច្បាប់សម្រាប់ប្រទេស និងធ្វើខុសច្បាប់ ចៅក្រម ក៏ត្រូវរងសម្ពាធដែរ ដោយសារគាត់។ នាយកដ្ឋានទាំងអស់ ដឹងថាខុសច្បាប់ ប៉ុន្តែមិនអាចធ្វើអ្វីបានទេ។

ការពិតជាក់ស្តែង ពួកគេទាំង ៣នាក់ រួមទាំងអ្នកមានអំណាចម្នាក់នេះ (មេធាវីដែលឈរឈ្មោះ) និងប្តីប្រពន្ធជនបរទេស បានយល់ព្រមលក់ដីទាំងពីរឱ្យខ្ញុំ ដោយកិច្ចសន្យាទិញលក់ទុកជាភ័ស្តុតាង ហើយបានសារភាពតាមសារអេឡិចត្រូនិកផងដែរ។ ខ្ញុំបានបង់ប្រាក់ ហើយបុរសដ៏មានឥទ្ធិពលម្នាក់នេះ ជាអ្នកធ្វើឯកសារទាំងអស់ ។ គាត់បានផ្ញើឯកសារទាំងអស់ដែលមានស្នាមមេដៃរបស់គាត់ មកខ្ញុំ សម្រាប់ការទិញ-លក់ ដូចដែលយើងមានកិច្ចសន្យាលក់-ទិញ មិនមែនវិនិយោគទេ»។

ស្ត្រីខាងលើ សរសេរបន្តទៀតថា «៥ឆ្នាំក្រោយ អ្នកឯងចាប់ក្មួយប្រុសខ្ញុំ ចង់បានលុយច្រើន ហើយឥឡូវចង់ប្លន់ដីខ្ញុំ ដោយស្របច្បាប់ ដោយប្រើអំណាចរបស់អ្នក? អ្នកបាននិយាយថា អ្នកចង់ជួយជនបរទេស។ ចុះខ្ញុំជាពលរដ្ឋខ្មែរ ដ៏ល្អម្នាក់ ដែលបានជួយជនបរទេសនេះ ពេលគេត្រូវការលុយបន្ទាន់ ដើម្បីសង្គ្រោះដី លន់ នល់ (ដីក្បែរនៅខាងក្រៅជញ្ជាំងដីរបស់ខ្ញុំ) ការពារវាកុំឱ្យបាត់បង់។ ហេតុអ្វីបានជាអ្នកមិនចង់ឮពីខ្ញុំ បើអ្នកជាមនុស្សល្អដែលធ្វើការឱ្យប្រទេសនិងច្បាប់? អ្នកគួរតែនៅកណ្តាល ដើម្បីយុត្តិធម៌។

តើបុរសនេះ នឹងប្រឈមមុខនឹងការកុហករបស់ខ្លួន នៅចំពោះមុខមនុស្សនិងក្រុមគ្រួសាររបស់គាត់ ជាពិសេសកូនរបស់គាត់ផ្ទាល់? ម៉េចគេគោរពឪពុកខ្លួនឯងដែលចាប់ក្មួយប្រុសខ្ញុំចង់ប្លន់ដីនិងលុយខ្ញុំ? សូមស្បថឱ្យខ្ញុំថា នឹងប្រគល់ទ្រព្យសម្បត្តិរបស់គាត់ដែលមានអំណាច និងមាសប្រាក់ បើមិនកុហកខ្លួនឯង។ ក្លែងពីការទិញ ទៅវិនិយោគ ព្រោះលោភលន់ ព្រោះដីឡើងថ្លៃ (ឥឡូវទីផ្សារខ្ពស់)…”។

ទោះបីជាយ៉ាងណា ជុំវិញការទម្លាយរឿងអ្នកច្បាប់ រំលោភយកដីរបស់ខ្លួនខាងលើនេះ ស្ត្រីដែលអះអាងថាខ្លួនជាជនរងគ្រោះខាងលើ មិនទាន់បញ្ចេញឈ្មោះបុគ្គលម្នាក់នោះ ជាអ្នកណាទេ តែគាត់បញ្ជាក់ថា នៅពេលឃើញសំណេររបស់គាត់ខាងលើហើយ បុគ្គលម្នាក់នោះ នឹងដឹងខ្លួន ហើយប្រញាប់ដោះស្រាយ ផ្តល់យុត្តិធម៌ជូនគាត់វិញមិនខាន បើមិនដូច្នេះទេ គាត់នឹងបញ្ចេញឈ្មោះបុគ្គលនោះ និងប្តឹងសុំអន្តរាគមន៍ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រកយុត្តិធម៌ទាល់តែបាន ព្រោះគាត់យល់ថា សម្តេច មិនបានដឹងថា មន្ត្រីរបស់សម្តេច ធ្វើបាបរាស្ត្រ ផ្ទុយពីអនុសាសន៍សម្តេច ដែលតែងរំឭកដាស់តឿនមន្ត្រីទាំងអស់ជារឿយៗថា «មន្ត្រីជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ» នោះទេ៕