Tuesday, November 26, 2024
Homeព័ត៌មានជាតិការអភិវឌ្ឍ លុបបឹងតាមោក សហការីបណ្ឌិតកែម ឡី ៖ ឲ្យអ្នកមាន បំពានអ្នកក្រ

ការអភិវឌ្ឍ លុបបឹងតាមោក សហការីបណ្ឌិតកែម ឡី ៖ ឲ្យអ្នកមាន បំពានអ្នកក្រ

ភ្នំពេញ ៖ សហការីលោកបណ្ឌិត កែម ឡី មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) នៅតែបន្តជំហរតស៊ូមតិ ការពារបឹងតាមោក ដោយលើកឡើងថា ការអភិវឌ្ឍ លុបបឹងតាមោក ដោយគ្មានផែនការមេច្បាស់លាស់ ប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ ដែលនេះជារឿងអយុត្តិធម៌សង្គមដ៏ធំមួយ សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅទីនោះជាយូរមកហើយ បែរជាត្រូវរងការបណ្តេញចេញ ជាមួយសំណងមិនសមស្រប រួចហើយលុបបឹង យកដីនោះប្រគល់ឱ្យបុគ្គលឬក្រុមហ៊ុនឯកជន ដែលគណបក្សក្រៅរដ្ឋាភិបាលនេះ ហៅថា «ឲ្យអ្នកមាន បំពានអ្នកក្រ»។

          ក្នុងទស្សនកិច្ចសិក្សាបឹងតាមោក កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩-១១ព្រឹក ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទៅពិនិត្យស្ថានភាពការអភិវឌ្ឍបឹងតាមោក ដើម្បីស្វែងយល់អំពីផលប៉ះពាល់លើបរិស្ថាននិងសង្គម ហើយបានធ្វើការកត់សម្គាល់ថា បឹងតាមោក ជាបឹងធម្មជាតិដ៏ធំមួយ នៅរាជធានីភ្នំពេញ ដែលកំពុងរងការគំរាមកំហែងពីការអភិវឌ្ឍដែលគ្មានផែនការមេច្បាស់លាស់ ហើយក៏បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ដូច្នេះគួរតែរួមគ្នាការពារបឹងតាមោក ។

          គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីលទ្ធផលចុះសិក្សាបឹងតាមោក នេះថា “ថ្នាក់ដឹកនាំ គបម បានទៅពិនិត្យស្ថានភាពបឹងតាមោក ៖

នៅថ្ងៃនេះ ១៩ កញ្ញា ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានលោកប្រធាន យ៉េង វីរៈ លោកបណ្ឌិត យ៉ង សាំង កុមារ លោកអនុប្រធាន សាម ស៊ុនឌឿន និងលោកបណ្ឌិត សាម អ៊ីន បានទៅពិនិត្យស្ថានភាពបឹងតាមោក ដែលជាបឹងធម្មជាតិធំចុងក្រោយនៅទីក្រុងភ្នំពេញ។

តាមការពិនិត្យជាក់ស្តែង ផ្ទៃបឹងទាំងមូល ដែលមានទំហំដើមប្រមាណ ៣៣០០ហិកតារ កំពុងត្រូវបានចាក់ដីលុប ជាងពាក់កណ្តាលហើយ ហើយនឹងឈានទៅបាត់បង់ស្ទើរទាំងស្រុង ស្រដៀងនឹងបឹងកក់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយនេះ ក្រុមការងារក៏បានទៅពិនិត្យមើលនិងជួបបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់បឹង គឺនៅភូមិធំ សង្កាត់ពញាពន់ និងសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង។ យើងក៏បានស្វែងយល់អំពីការគំរាមកំហែងមកលើសិទ្ធិរស់នៅ និងកម្មសិទ្ធិដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាពិសេស បងប្អូនប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង មាន២៥០គ្រួសារ ដែលកំពុងប្រឈមខ្លាំងក្នុងការបណ្តេញចេញពីទីតាំងរស់នៅ ដែលក្រុមគាត់ធ្លាប់រស់នៅ និងប្រកបរបររកស៊ីជាមួយបឹងតាមោក ជាង២០ឆ្នាំមកហើយ។

នេះជារឿងអយុត្តិធម៌សង្គមដ៏ធំមួយ ដែលគេមានគម្រោងបណ្តេញប្រជាពលរដ្ឋដែលធ្លាប់រស់នៅទីនោះជាយូរមកហើយ ចេញពីទីនោះ ជាមួយសំណងតិចតួច ខុសឆ្ងាយពីតម្លៃដីជាក់ស្តែង រួចហើយលុបបឹង យកដីនោះប្រគល់ទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជនទៅវិញ។

គបម ប្រឆាំងនឹងគោលនយោបាយគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ បែបលុបបឹង កាប់ព្រៃ រួចហើយយកដីឱ្យទៅអ្នកមាន ដោយបំពានអ្នកក្រ។ “កុំឱ្យអ្នកមាន ដោយបំពានអ្នកក្រ”។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នាពេលដ៏ខ្លីខាងមុខ ដើម្បីបង្ហាញអំពីស្ថានភាពបឹងតាមោក និងអយុត្តិធម៌សង្គម ដែលមិនអាចទទួលយកបាននេះ“ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា គោលជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅដដែល គឺគណបក្សមិនគាំទ្រឲ្យមានការលុបបឹងតាមោកទេ ។ ដូច្នេះក្នុងការចុះសិក្សាបឹងតាមោក នោះ គណបក្សបានជួបពិភាក្សាស្វែងបន្ថែមពីការលំបាក និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅតំបន់បឹងតាមោក មុននឹងសម្រេចចិត្តថា តើត្រូវធ្វើអី្វមួយបន្តទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការលុបបឹងនេះ?

          លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា “ហ្នឹងគឺជំហររបស់យើងនៅដដែល គឺយើងមិនគាំទ្រឲ្យមានការលុបបឹងតាមោក ទេ ហើយយើងសង្កេតឃើញការលុបកាន់តែច្រើនទៅៗ ហើយយើងមានការបារម្ភទៅលើបញ្ហាហ្នឹង ទាក់ទងនឹងបញ្ហាបរិស្ថាន បញ្ហាផាសុកភាព និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក ហ្នឹង ។ យើងបានជួបពិភាក្សាស្វែងយល់បន្ថែមពីការលំបាក ហើយនិងផលប៉ះពាល់ហ្នឹងជាមួយប្រជាពលរដ្ឋនៅតំបន់បឹងតាមោក ហ្នឹង អ្នកដែលរស់នៅម្ភៃសាមសិបឆ្នាំកន្លងមក ឬក៏អ្នករស់តាំងពីយូរមកហើយ តកូនតចៅអីអ៊ីចឹង ហើយយើងនឹងបន្តតាមដាន ធ្វើការសិក្សាបន្ថែមទៀត មុននឹងយើងសម្រេចចិត្តថា តើយើងត្រូវធ្វើអី្វមួយបន្តទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការលុបបឹងហ្នឹង? ហើយមួយទៀត យើងនៅតែទាមទារឲ្យមានការបង្ហាញនូវផែនការមេ ប្លង់មេ ក្នុងការអភិវឌ្ឍនិងអភិរក្សបឹងតាមោក ហ្នឹង“ ។

          ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងបរិស្ថាន អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងអ្នកនាំពាក្យក្រសួង ស្ថាប័នពាក់ព័ន្ធបានទេ កាលពីម្សិលមិញ ។

          ដោយឡែក លោកអំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា ការអភិវឌ្ឍបឹងតាមោក ដោយគ្មានការសិក្សាច្បាស់លាស់ ពិតជាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលនៅជុំវិញបឹងតាមោក ក្រៅពីរងផលប៉ះពាល់ផ្នែកបរិស្ថាន ដូចជាគ្មានកន្លែងរំដោះទឹក ធ្វើឲ្យជន់លិចរាជធានីភ្នំពេញ ជាដើម ។

          លោកអំ សំអាត បានមានប្រសាសន៍ថា “បាទ! ទាក់ទងនឹងការអភិវឌ្ឍបឹងតាមោក នេះ យើងឃើញមានចំណេះជាច្រើនដែរ ដែលធ្វើឲ្យប៉ះពាល់នោះ ។ ទី១ អាចនឹងប៉ះពាល់សម្រាប់ប្រជាពលរដ្ឋដែលគាត់កំពុងតែរស់នៅ ហើយនិងអាស្រ័យផលនៅជុំវិញមាត់បឹងតាមោក ហ្នឹង ។ អ៊ីចឹងហើយបានយើងឃើញថា ថ្មីៗនេះក៏មានប្រជាពលរដ្ឋជាច្រើន បានធ្វើការតវ៉ានិងទាមទាររកដំណោះស្រាយចំពោះពួកគាត់ ។ ហើយបញ្ហាទី២ ការលុបបឹង ដោយគ្មានការសិក្សា និងស្រាវជ្រាវឲ្យបានច្បាស់លាស់ ក៏វាអាចនឹងមានផលប៉ះពាល់ ទាក់ទងនឹងបញ្ហាធម្មជាតិមួយចំនួន ដូចជា រឿងទឹកភ្លៀង ទឹកជំនន់អីជាដើម ដែលបឹងទាំងអស់នេះ ក៏អាចជួយរំដោះទឹកមួយផ្នែកនៃទឹកភ្លៀងជន់លិចនៅទីក្រុងភ្នំពេញ ហ្នឹងផងដែរ ។ ហើយបញ្ហាទី៣ ក៏វាប៉ះពាល់ទៅដល់បញ្ហាបរិស្ថាន ជីវៈចម្រុះផ្សេងៗទៀត បើសិនជាយើងមិនបានសិក្សាឲ្យបានច្បាស់លាស់នោះទេ ។ ដូច្នេះយើងជាអង្គការសង្គមស៊ីវិល គ្រាន់តែថា ទី១ សូមឲ្យមានការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន មុននឹងធ្វើការអភិវឌ្ឍ គឺការលុបបឹងតាមោក ហ្នឹង ហើយទី២ ត្រូវតែមានដំណោះស្រាយសមរម្យ និងសមស្រប ជូនប្រជាពលរដ្ឋដែលគាត់មានការរស់នៅនិងអាស្រ័យផលនៅទីនោះ“ ។

          គួររំលឹកដែរថា កាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយលោកយ៉េង វីរៈ ប្រធានគណបក្ស ធ្លាប់បានយកញត្តិទៅដាក់ជូនរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា លើករណីលុបបឹងតាមោក ដែលជាបឹងធំជាងគេចុងក្រោយនៅរាជធានីភ្នំពេញ សម្រាប់គម្រោងអភិវឌ្ឍផ្សារបន្លែនិងគម្រោងអភិវឌ្ឍផ្សេងៗ ។

          លោកយ៉េង វីរៈ បានលើកឡើងនៅពេលនោះថា នៅក្នុងគោលនយោបាយរបស់គណបក្ស គឺថែរក្សាបឹងធម្មជាតិ ហេតុនេះបានជាគណបក្ស សរសេរលិខិតនេះដាក់ជូនសម្តេចប្រធានរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ឲ្យធ្វើការបំភ្លឺ តើមានផែនការច្បាស់លាស់យ៉ាងណា ក្នុងការអភិវឌ្ឍនេះ សុំឲ្យខាងរាជរដ្ឋាភិបាល ជាអ្នកបំភ្លឺថា តើមានផលប៉ះពាល់អ្វីខ្លះ? ព្រោះពាក្យថា លុបបឹង លុបបាត់ដូចបឹងកក់ គឺថាមានបឹងហើយ បាត់បឹង គឺខុសគ្នាមែនទែន ។ ដូច្នេះគណបក្ស ចង់ឲ្យរាជរដ្ឋាភិបាល បង្ហាញប្លង់មេ នៃគម្រោងអភិវឌ្ឍន៍នេះ តើអភិវឌ្ឍទំហំប៉ុនណា? នៅសល់បឹង ឬបាត់បឹង ដូចបឹងកក់? សម្រាប់គណបក្ស គឺមានគោលការណ៍រក្សាបឹងធម្មជាតិ ធ្វើផ្លូវសម្រាប់ជិះកង់ សម្រាប់ដើរកម្សាន្ត គ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើអីលើសពីនេះទេ ។

          ទោះយ៉ាងណា ក្រោយការស្នើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីពេលនោះ រហូតមកដល់ពេលនេះ មានរយៈពេល ៣ឆ្នាំហើយ មិនឃើញមានការឆ្លើយតបអ្វីជាវិជ្ជមានពីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នោះទេ គឺឃើញមានតែការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងកាត់ដីបឹងតាមោក នេះបន្ថែមទៀជាបន្តបន្ទាប់ ទៅឲ្យស្ថាប័នរដ្ឋ និងវិស័យឯកជន ។ ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យុ កាត់ដីបឹងតាមោក ជិត៣ហិកតារ ទៅឲ្យឧកញ៉ាព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បី និងជាអ្នករកស៊ីផ្នែកអចលនទ្រព្យ ។ ហេតុនេះហើយ ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចចិត្តចុះទៅធ្វើទស្សនកិច្ចសិក្សានៅបឹងតាមោក សាជាថ្មី ហើយនៅតែធ្វើការកត់សម្គាល់ថា ការអភិវឌ្ឍបឹងតាមោក ដែលគ្មានផែនការមេច្បាស់លាស់ ក្រៅពីប៉ះពាល់បរិស្ថាន ក៏បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ។

          គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ទុង រតនា បានកោះហៅតំណាងពលរដ្ឋចំនួន៧នាក់ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមមាន អ្នកស្រី ប្រាក់ សុភា, អ្នកស្រី ខេន សាអយ, អ្នកស្រី ផន សុខុម, អ្នកស្រី គង់ តឿ, អ្នកស្រី ផន សុំ, អ្នកស្រី តាន់ ខ្ទី និងអ្នកស្រី អំ ភឿន ឱ្យចូលទៅបំភ្លឺចំពោះតុលាការ នៅថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ «រារាំង ញុះញង់ បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ» ទៅតាមបណ្តឹងរបស់លោក មាស សម្បូរ ដែលពលរដ្ឋប្រាប់ថា ជាប្រធានសន្តិសុខខណ្ឌព្រែកព្នៅ ។ ការកោះហៅតំណាងពលរដ្ឋទាំង ៧នាក់នេះ ធ្វើឡើងក្រោយពីពួកគេនាំគ្នាតវ៉ាប្រឆាំងមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផល និងការតវ៉ាទាមទារសុំការអភិវឌ្ឍនៅនឹងកន្លែង ក្រោយអាជ្ញាធរថា ពួកគាត់រស់នៅលើដីចំណីផ្លូវ ដោយខុសច្បាប់។

          ចូលមកដល់ចុងខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក ប្រមាណជិត១០០នាក់ តំណាងឱ្យ ២៥០គ្រួសារ បានស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិ និងពន្យារពេលនៃការចាក់ដីលុបបឹងតាមោក ដើម្បីឱ្យពួកគាត់អាចប្រមូលផលត្រី ដែលកំពុងចិញ្ចឹម ។ ពោលគឺដើម្បីទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ និងផ្អាកជាបណ្ដោះអាសន្នការចាក់ដីលុបបឹងតាមោក ដែលបានបណ្ដាលឱ្យស៊ងចិញ្ចឹមត្រីរបស់ពួកគាត់ រងនូវការបំផ្លិចបំផ្លាញ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃបឹង ជិត២ពាន់ហិកតា នៃទំហំសរុបជាង ៣ពាន់ហិកតារ របស់បឹងតាមោក ទៅឱ្យក្រុមហ៊ុន និងបុគ្គល ក្រោមហេតុផលដើម្បីធ្វើការអភិវឌ្ឍ ។

          បន្ទាប់មកទៀត នៅដើមខែកក្កដា ឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដដែលនោះ បានជំរុញទៅស្ថាប័នរដ្ឋចំនួន ៣ ឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ខណៈតំណាងពលរដ្ឋចំនួន ៧នាក់កំពុងជាប់បណ្ដឹងនៅតុលាការ ក្រោយតវ៉ាដីធ្លី ។ ការជំរុញនេះបានធ្វើឡើងអំឡុងពេលដែលប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក ប្រមាណ ៤០នាក់ តំណាងឱ្យ ២៥០គ្រួសារ ប្រមូលផ្ដុំគ្នានៅមុខក្រសួងរៀបចំដែនដី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិដែលពួកគេដែលធ្លាប់បានដាក់ទៅស្ថាប័នទាំង៣នេះ ឱ្យជួយអន្តរាគមន៍ជំរុញទៅអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់…៕ កុលបុត្រ

RELATED ARTICLES