ខេត្តពោធិ៍សាត់៖ នារីម្នាក់ ដែលនឹងត្រូវចូលរោងការ ១សប្តាហ៍ក្រោយទៀត បានស្លាប់បាត់បង់ជីវិត ក្រោយមានអាការមិនស្រួលខ្លួន បានហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ មកចាក់ថ្នាំ និងព្យួសេរ៉ូម ស្រាប់តែមានអាក្ការចុកព្រោះជាខ្លាំងឡើង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែអកុសល បានដាច់ខ្យល់ស្លាប់តាមផ្លូវ ។
ហេតុការណ៍កាលខាងលើនេះ បានកើតឡើង កាលពីសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា នារីរងគ្រោះ ដែលបានស្លាប់ ដោយសារគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចាក់ថ្នាំ និងព្យួសេរ៉ូមនោះ មានឈ្មោះ ឡៃ ពុទ្ធី អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯគ្រូពេទ្យមានឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកអធិការ បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះមានអាក្ការចុកពោះ ទើបហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់នោះមកព្យាបាល ពេលចាក់ថ្នាំ និងព្យួសេរ៉ូមហើយ នារីរងគ្រោះហាក់បីដូចជាមានអាក្ការមិនសូវស្រួលលើសដើម ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាល និងពេទ្យជំនាញ បានកំពុងធ្វើកោសល្យវិច្ច័យលើ សាកសពនារីរងគ្រោះ ព្រមទាំងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕