Saturday, April 27, 2024
Homeព័ត៌មានជាតិប្តីដើម ចាក់ប្តីចុងធ្លាយទ្រូង រត់គេច៥ឆ្នាំ ទើបបានដេកគុក

ប្តីដើម ចាក់ប្តីចុងធ្លាយទ្រូង រត់គេច៥ឆ្នាំ ទើបបានដេកគុក

ខេត្តឧត្តរមានជ័យ ៖ បុរសជាប្តីដើមម្នាក់ ដែលបានធ្វើសកម្មភាពចាក់ប្រហារ ប៉ងសម្លាប់សត្រូវស្នេហារបស់ខ្លួន (ប្តីចុង) ១ដែកឆាប បណ្តាលឱ្យធ្លាយដើមទ្រូង រងរបួសធ្ងន់ រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេលជាង៥ឆ្នាំ មកហើយនោះ ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្តីដើម ចាក់ប្រហារប្តីចុង ១ដែកឆាប) នេះ បានកើតឡើង តាំងពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅម៉្លេះ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃវល្លិ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ រហូតមកដល់វេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី២៧  ខែកញ្ញា ឆ្នាំ២០២២ ពោលគឺរយៈពេលជាង៥ឆ្នាំក្រោយមក ទើបសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចភូមិអម្ពិលចាស់ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្វឿយ ម៉ាញ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអម្ពិលចាស់ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល (ជាប្តីដើម)។ ចំណែកជនរងគ្រោះ មានឈ្មោះសាវួន វ៉ន អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិព្រៃវល្លិ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល (ជាប្តីចុង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យោងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញអធិការនគរបាលស្រុកបន្ទាយអម្ពិល ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម វណ្ណៈ អធិការរង ទទួលផែនការងារព្រហ្មទណ្ឌ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ២៧  ដចប/១៩ របស់លោកលី ចន្ថា ចៅក្រមជំនំជម្រះសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឱ្យធ្វើការចាប់ខ្លួនពិរុទ្ធជន ឈ្មោះស្វឿយ ម៉ាញ ជាប់ចោទពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិព្រៃវល្លិ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការព្រហ្មទណ្ឌ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ថា តាមសេចក្តីសម្រេចរបស់សាលក្រមខាងលើ បានសម្រេចផ្តន្ទាទោសលើឈ្មោះស្វឿយ ម៉ាញ ពាក់ព័ន្ធករណីប៉ុនប៉ង ឃាតកម្មគិតទុកជាមុន ដាក់ពន្ធនាគារ កំណត់ ២០ឆ្នាំ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១និង៥៧នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុនមួយ បានកើតឡើងនៅចំណុចភូមិព្រៃវល្លិ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ដោយបុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ លបឡើងដល់លើផ្ទះ រួចទាញដែកឆាបចាក់ប្រហារ ចំដើមទ្រូង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានសង្ស័យថា ជារឿងគំនុំស្នេហាត្រីកោណ (ប្តីដើមរបស់ប្រពន្ធ លបចាក់សម្លាប់)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលក់នៅលើផ្ទះរបស់ខ្លួន ស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមិនស្គាល់មុខម្នាក់ លបឡើងទៅដល់លើផ្ទះ រួចធ្វើសកម្មភាពទាញដែកឆាប ចាក់ប្រហារទៅលើជនរងគ្រោះ ចំដើមទ្រូងខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ ចំណែកជនដៃដល់ ក្រោយពេលធ្វើសកម្មភាពចាក់ប្រហារជនរងគ្រោះរួច ក៏ប្រញាប់រត់ចុះពីលើផ្ទះ គេចខ្លួនបាត់។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ជនរងគ្រោះ បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

ទីបំផុត ឈាមស្រែកស្បែកហៅ ក្រោយពីជនសង្ស័យដែលព្យាយាមរត់គេចខ្លួនអស់រយៈពេល៥ឆ្នាំ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកផ្តន្ទាទោសតាមច្បាប់៕ ប៊ុនថេត

RELATED ARTICLES