Saturday, April 20, 2024
Homeព័ត៌មានជាតិចងកលើកទី១ ឪជួយទាន់ លើកទី២ស្លាប់

ចងកលើកទី១ ឪជួយទាន់ លើកទី២ស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ តូចចិត្តនឹងឪពុកស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបុរសជាឪពុក ប្រទះឃើញ ជួយសង្គ្រោះទាន់ពេល  លុះលើកទី២ ពាក់កណ្តាលអធ្រាត្រ ក្រោកដើរចេញពីផ្ទះ ទៅចងកនៅលើដើមឈើ កណ្តាលវាលស្រែ បណ្តាលស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចស្រែត្រពាំងកកោះ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឈន ចន្នី អាយុ ៣៣ឆ្នាំ មានមុខរបរទិញអេតចាយ មានលំនៅ ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។

តាមការបំភ្លឺពីបុរសចំណាស់ឈ្មោះ ឈន ធឹម អាយុ៦៨ឆ្នាំ មុខរបរអាចារ្យវត្ត ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ (ជនរងគ្រាះ) បានមកពីដើរលេងនៅផ្ទះបងប្អូន នៅក្រុងពោធិ៍សាត់ ពេលមកដល់ផ្ទះ គាត់បានស្តីបន្ទោស ២-៣ម៉ាត់ ថាម្តេចបានដើរលេងមិនមើលគោ? ពេលនោះកូនប្រុសគាត់មិនបានតបមាត់អ្វីទាំងអស់។ បន្ទាប់មក នៅវេលាម៉ោង ៧និង៣០នាទីយប់ ក្រោយពីហូបបាយជុំគ្នារួច ក៏ចែកផ្លូវគ្នាសម្រាករៀងខ្លួនទៅ ហើយគាត់ក៏មិននឹកស្មានដល់សោះថា កូនប្រុសនេះ មានគំនិតខ្លីដល់ម៉្លឺង។

បុរសចំណាស់ជាឪពុកជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ គាត់បានភ្ញាក់ពីដេក ទៅរកមើលកូន តែពុំឃើញនៅកន្លែងសម្រាកទេ ចំណែកម៉ូតូដែលគេផ្ញើនៅផ្ទះឈ្មោះដឹប ក៏នៅ តែបាត់តែកូនប្រុស ទើបគាត់បានអង្គុយចាំមើលផ្លូវកូន តែពុំឃើញសោះ។ រហូតមកដល់វេលាម៉ោងប្រហែល ៥និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល គាត់បានទៅមើលម៉ូតូ នៅផ្ទះឈ្មោះដឹប ម្តងទៀត ឃើញម៉ូតូនៅដដែល ហើយក៏ដើរត្រឡប់មកផ្ទះវិញ និងបានរៀបចំខ្លួនទៅវត្ត លុះពេលដែលចេញពីផ្ទះបានចម្ងាយប្រហែល ៥០ម៉ែត្រ ក៏ប្រទះឃើញកូនប្រុសរបស់គាត់ចងកជាប់ដើមកណ្តោល ក្បែរផ្ទះកណ្តាលវាលស្រែ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា តាមការសាកសួររបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ឈន ចន្នី បម្រុងធ្វើអត្តឃាតម្តងរួចមកហើយ តែត្រូវបានឪពុកឃើញ ឃាត់ទាន់ ហើយជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀន និងផឹកគ្រឿងស្រវឹងជាប្រចាំទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ។

សព ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES