Thursday, April 25, 2024
Homeព័ត៌មានជាតិឈប់ម៉ូតូភ្លេចដកសោ ចោរជិះទៅបាត់

ឈប់ម៉ូតូភ្លេចដកសោ ចោរជិះទៅបាត់

ភ្នំពេញ ៖ យុវជនជាបុគ្គលិកផ្នែកដឹកជញ្ជូនអាហារ តាមអនឡាញម្នាក់ បានដឹកអាហារយកទៅដាក់ឱ្យភ្ញៀវ លុះទៅដល់ ឈប់ម៉ូតូលើចិញ្ចើមផ្លូវ ភ្លេចដកសោចេញ រួចដើរកាន់អាហារទៅឱ្យភ្ញៀវ ស្រាប់តែត្រូវជនសង្ស័យម្នាក់ ឡើងបើកម៉ូតូ រត់គេចបាត់ស្រមោល។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២ នៅត្រង់ចំណុចស្ពានអាកាសថ្មើរជើង ផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមសម្តីយុវជនជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-8104 ដឹកអាហារយកមកឱ្យភ្ញៀវ ដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូង ទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុ បានឈប់ម៉ូតូ ចតនៅលើចិញ្ចើមផ្លូវ បន្ទាប់មក បានទូរស័ព្ទទៅភ្ញៀវកុមម្មង់អាហារ ពេលនោះភ្ញៀវនៅឈរចាំនៅផ្លូវម្ខាងទៀត តែខ្លួនមិនបានជិះម៉ូតូឆ្លងទៅទេ ដោយដើរឆ្លងផ្លូវ យកអាហារឱ្យភ្ញៀវ ភ្លេចដកកូនសោចេញពីម៉ូតូ ស្រាប់តែពេលនោះ មានជនសង្ស័យម្នាក់ បានឡើងបើកម៉ូតូរបស់ខ្លួន គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកនាំជនរងគ្រោះ យកទៅធ្វើការដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES