ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី ចំនួន៤នាក់ បានចូលមកសួរតថ្លៃទិញទុរេន ចំនួន៦គីឡូក្រាម លុះទិញរួច ឱ្យលុយមិនគ្រប់ ក៏កើតមានជម្លោះជាមួយនឹងអ្នកលក់ រហូតផ្ទុះជាអំពើហិង្សា វាយតប់គ្នាផ្អើលពេញកន្លែងកើតហេតុ និងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ភ្លាមៗ។
ករណីជម្លោះឈានដល់ការផ្ទុះហិង្សារវាងអ្នកទិញនិងអ្នកលក់ទុរេននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ តាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិន ប្រុសស្រី ចំនួន៤នាក់ នាំគ្នាដើរមកដល់ចំណុចកើតហេតុខាងលើ ហើយជនជាតិចិន ទាំង៤នាក់នោះ បានដើរចូលទៅតូបលក់ទុរេន មួយកន្លែង រួចបានសួរនាំអ្នកលក់ថា “តើទុរេន ១គីឡូប៉ុន្មាន? ពួកគេចង់ទិញ ៦គីឡូក្រាម”។ ភ្លាមៗនោះ អ្នកលក់បានប្រាប់ទៅវិញថា “ទុរេន ១គីឡូ តម្លៃ២ម៉ឺនរៀល” បន្ទាប់មកជនជាតិចិន ទាំងនោះបាន សម្រេចចិត្តឱ្យអ្នកលក់ វេចខ្ចប់ទុរេន ៦គីឡូ ដែលសរុបជាទឹកប្រាក់ អស់ចំនួន១២ម៉ឺនរៀល តែជនជាតិចិន ឱ្យលុយថ្លៃទុរេន តែ៧ម៉ឺនរៀលប៉ុណ្ណោះ ទើបអ្នកលក់បានប្រាប់ថា “នៅខ្វះលុយ ៥ម៉ឺនរៀលទៀត ទើបគ្រប់”។
ប្រភពដដែល បន្តថា ខណៈពេលនោះ ជនជាតិចិន បានឱ្យលុយថែម ចំនួន២ម៉ឺនរៀល ហើយក៏កាន់ថង់ទុរេន បម្រុងនឹងដើរចេញទៅ ទើបពេលនោះស្ត្រីជាអ្នកលក់ បានរត់ទៅចាប់ទាញយកថង់ទុរេន ពីដៃមកវិញ ដោយសារតែជនជាតិចិន ទាំងនោះ ឱ្យលុយមិនទាន់គ្រប់ចំនួន ទើបបង្កឱ្យកើតចេញជាជម្លោះ និងឈានដល់ការប្រើអំពើហិង្សា ប្រវាយប្រតប់គ្នា ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុហត្ថខណ្ឌ ៧មករា ចុះមកអន្តរាគម៍ភ្លាមៗតែម្តង។
តាមការអះអាងពីអ្នកលក់ទុរេន ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ គេបានឃើញជនជាតិចិន ប្រុសស្រី ទាំង៤នាក់ នាំគ្នាព្រួតវាយស្ត្រីជាអ្នកលក់ទុរេន តែម្នាក់ឯងប៉ុណ្ណោះ ហើយបើកុំតែបានអ្នកលក់ដូចគ្នារត់មកជួយឃាត់ កុំអីរងរបួសធ្ងន់មិនខាន។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុហត្ថ បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងជនជាតិចិន បានធ្វើការសងថ្លៃជំងឺចិត្ត ចំនួន១៥០ដុល្លារ ឱ្យស្ត្រីជាអ្នកលក់ទុរេន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង រួចហើយក្រុមជនជាតិចិន ទាំងនោះ ក៏នាំគ្នាចាកចេញទៅវិញបាត់អស់ទៅ៕