ខេត្តសៀមរាប ៖ បន្ទាប់ពីស្ពានថ្មី ដែលសង់ពីឈើ នៅលើផ្ទៃទឹកនៃបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) នៅប្រាសាទនាគព័ន្ធ បានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ទិដ្ឋភាពដ៏ស្រស់ស្អាតនៃស្ពាននេះ បានទាក់ទាញចាំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងខ្លាំង ។
ទាំងភ្ញៀវទេសចរជាតិ និងអន្តរាជាតិ ដែលបានចូលទៅទស្សនាប្រាសាទនាគព័ន្ធ ដោយធ្វើដំណើរឆ្លងកាត់ស្ពានថ្មី ដែលទើបតែសាងសាងរួចរាល់ មានរូបរាង និងទេសភាពស្រស់ស្អាត នៅលើផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយសត្វស្លាបហើរឆ្លងកាត់ព្រោងព្រាត ធ្វើឲ្យពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង។


ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសជាច្រើន ដែលបានចូលទៅស្សនាប្រាសាទនាគព័ន្ធ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបង្ហាញអារម្មណ៍ថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី ចូលទៅប្រាសាទនាគព័ន្ធ រួចរាល់ ហើយមានការអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ ពួកគាត់បានមកទស្សនាប្រាសាទនាគព័ន្ធ ជាថ្មី ទោះបីជាថ្លាប់បានទស្សនាពីមុនមកច្រើនដងមកហើយក្តី ដោយសារស្ពានថ្មីនេះ ទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់មួយផ្នែកផងដែរ បន្ថែមពីលើភាពអស្ចារ្យនៃប្រាង្គប្រាសាទកេរដូនតាខ្មែរ ដែលបានបន្សល់ទុក។


គួររំឭកថា បារាយណ៍ជ័យតដាក ឬបារាយណ៍នាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជព្រះបាទជយវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ។ បារាយណ៍នេះ មានបណ្តោយ ៣៦០០ម៉ែត្រ និងទទឹង ៩៣០ម៉ែត្រ ។
ដោយសារភាពរីងស្ងួត អស់កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរអប្សរា បានចាប់ផ្តើមការងារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សាទឹកក្នុងបារាយណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរអប្សរា បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាក មានជីវិតសាជាថ្មីម្តងទៀត។
បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងអតីតរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រះខ័ន៕