Tuesday, November 26, 2024
Homeព័ត៌មានជាតិជម្លៀសក្មេងកំព្រា ចេញពីមណ្ឌលលិចទឹក

ជម្លៀសក្មេងកំព្រា ចេញពីមណ្ឌលលិចទឹក

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចុះអន្តរាគមន៍ជួយជម្លៀសកុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ដែលកំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ ធ្វើឱ្យកុមារទាំងនោះ មិនអាចស្នាក់នៅបាន ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង និងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ សហការ ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀសកុមារកំព្រាប្រុស-ស្រី ចេញពីមណ្ឌលកុមារកំព្រោ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី កំពុងត្រូវបានរងការជន់លិចដោយទឹកជំនន់ ធ្វើឱ្យកុមារទាំងនោះមិនអាចស្នាក់នៅបាន និងចាំបាច់ត្រូវតែជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា កុមារកំព្រាប្រុស-ស្រី សរុបចំនួន ១១៥នាក់ និងបុគ្គលិកមជ្ឈមណ្ឌល ១៧នាក់ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ នៅល្ងាចថ្ងៃទី១១ ខែតុលា  ឆ្នាំ២០២២ បន្ទាប់ពីត្រូវទឹកជំនន់វាយប្រហារយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្អូនៗកុមារកំព្រា បច្ចុប្បន្នកុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរ បានយកទៅឱ្យស្នាក់នៅបណ្តោះអាសន្ន នៅផ្សារបុរីជ័យ២ (ផ្សារចម្ការតាដោក) របស់លោកអ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ៕

RELATED ARTICLES