ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ គឺជាថ្ងៃខួប ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២២) ដែលប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ចងចាំមិនភ្លេចនូវថ្ងៃដ៏សោកសៅ ស្តាយស្រណោះជាទីបំផុត ចំពោះការបាត់បង់ព្រះមហាវីរក្សត្រ ដ៏ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ហើយនៅថ្ងៃទី១៥ ខែតុលា រៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរគ្រប់រូប តែងសង្រួមកាយ វាចា ចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
គួររំលឹកថា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ម៉ោងនៅភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិងអញ្ជើញទៅទីក្រុងប៉េកាំង យាងព្រះបរមសពសម្តេចឪ ពីប្រទេសចិន មកកាន់រាជធានីភ្នំពេញ ដើម្បីតម្កល់ និងប្រារព្ធព្រះរាជពិធីបុណ្យ តាមប្រពៃណីជាតិ នៅព្រះបរមរាជវាំង។ ក្រោយពិធីថ្វាយព្រះភ្លើង និងព្រះរាជពិធីបុណ្យរួចរាល់ ព្រះអដ្ឋិព្រះបរមរតនកោដ្ឋ ត្រូវបានយាងទៅតម្កល់នៅព្រះចេតិយគន្ធបុប្ផា ក្នុងព្រះបរមរាជវាំង តាមព្រះរាជបណ្តាំ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRA-NCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានជ្រើសតំាង និងថ្វាយព្រះរាជឋានៈជាព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា នៅរាជធានី ភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
នៅឆ្នាំ១៩៤៧ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាង តាមការអញ្ជើញរបស់លោកប្រធានាធិបតី FELIX GOUIN និងបានជួបលោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) នៅ COLOMBEY។ នៅឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តន៍ទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ (SAUMBUR) ប្រទេសបារំាង។
ឆ្នាំ១៩៤៧ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឱ្យរាជាណាចក្រថៃឡង់ដ៍ សងមករាជាណាចក្រកម្ពុជា វិញជាដាច់ខាត នូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍ បានយកពីកម្ពុជា ទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទាមទារឱ្យបារំាង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នំា១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ នេះលុបចោលនូវសន្ធិញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ភាគរយ ជូនមាតុភូមិ។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទំាំងស្រុង ពីសាធារណរដ្ឋបារំាំង។ ប្រជារាស្រ្តកម្ពុជា ទូទំាំង ប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គ ជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានដាក់រាជថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាព្រះរាជបិតា ព្រះអង្គបានប្រទានចំពោះព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នូវព្រះបរមងារជា «សម្តេចព្រះឧបយុវរាជ នៃព្រះរាជណាចក្រកម្ពុជា»។
ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានបង្កើតចលនាសង្គមរាស្រ្តនិយម ដែលគណបក្សជាច្រើនបានចូលរួមក្នុងចលនានោះ។ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលអាហ្រ្វិក-អាស៊ី លើកទី១ នៅទីក្រុងបាន់ឌុង (ប្រទេសឥណ្ឌូណេស៊ី) ហើយនៅទីនោះ ព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹត ក្នុងឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទំាងអស់ដោយមិនគិតពីមនោគមន៍វិជ្ជាឡើយ។
ព្រះអង្គបានជួបជាលើកដំបូង ជាមួយលោកហ្សវ៉ាហារឡាល់ នេរុ (JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោកហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម លោកអាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ជូ អេនឡាយ (ZHOU EN LAI ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានទទួលមហាជោគជ័យក្នុងការបោះឆ្នោតសភាជាតិ ដោយបានការទទួលគំាទ្រពីប្រជារាស្រ្តខ្មែរច្រើនលើសលប់។ ព្រះអង្គបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្រ្តី ហើយឋានៈជាប្រមុខនៃប្រជារាស្រ្តខ្មែរ ព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំ ដើម្បីអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ជាទូទៅក្នុងគ្រប់វិស័យ នៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេស ការលើស្ទួយនារីឱ្យមានភាពស្មើគ្នានឹងបុរស ក្នុងការងារ។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការសហប្រជាជាតិ។
នៅឆ្នាំ១៩៥៦ នៅប្រីយ៉ូនី (BRIONI) នៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ ចលនាមិនចូលបក្សសម្ព័ន្ធដោយបានឡាយ ព្រះហស្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូល បក្សសម្ព័ន្ធ បន្ទាប់ពីអ្នកផ្តួចផ្តើមគំនិតដ៏សំខាន់៤ រូបទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOSIP BROZ TITO ) ប្រធានាធិបតីយូហ្គោស្លាវី លោក ហ្សាវ៉ាហារឡាល់ នេរុ ((JAWAHARLAL NEHRU) នាយរដ្ឋមន្រ្តីឥណ្ឌា លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូណេស៊ី និងលោក ហ្គាម៉ាល់ អាប់ដែល ណាស្ស៊ែរ (GAMAL ABDEL NASSER) ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។
នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គត ពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ សម្រេចជាឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ច កសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត។ ខែកញ្ញា ឆ្នំា១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតឡើងអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹត រវាងប្លុកមហាអំណោយទំាំងពីរ។
ខែកញ្ញា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ សន្និសីទជាតិមួយ ត្រូវបានបង្កើតឡើងនៅទីក្រុងហ្សឺណែវ (GENEVE) ដើម្បីដោះស្រាយទំនាស់រវាងភាគីទំាំង៣ នៅប្រទេស ឡាវ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៦១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរ មកវិញ ពីប្រទេសថៃ ដោយតុលាការទីក្រុងឡាអេ (LA HAYE) បានសម្រេចប្រគល់មកព្រះរាជាណាចក្រកម្ពុជា វិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នៅខែវិច្ឆិកា ឆ្នំា១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូល លើកទី១ នៃចលនាមិនចូលបក្សសម័្ពន្ធ នៅបែលក្រាដ (BELG RADE) នៃប្រទេសយូហ្គោស្លាវី ដែលមាន ២៩ប្រទេស ចូលរួម។ នៅទីនោះ ព្រះអង្គបានថ្កោលទោសចំពោះអំពើរបស់ពួកអាណានិគមនិយមចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិក ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស។
លោកប្រធានាធិបតី បានទទួលដោយស្មោះសរនូវសំណើរបស់ភាគីកម្ពុជា ស្តីពីការទទួលស្គាល់អព្យាក្រឹតភាពនៃព្រះរាជាណាចក្រកម្ពុជា។ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជា¬ឧឡារិក លោកឧត្តមសេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានាធិបតីនៃសាធារណរដ្ឋបារំាង ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកភ្នំពេញ លោកប្រធានាធិបតី បានគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹត សន្តិភាពនៃខ្លួន។ ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរ បានថ្វាយ ព្រះនាមព្រះអង្គជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានា ជាច្រើនបានត្រូវកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗមានដូចជា ៖ វិមានឯករាជ្យ វិមានរដ្ឋចម្ការមន អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (ភ្នំពេញ) អាកាសយានដ្ឋានសៀមរាប ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញសាលសន្និសីទចតុម្មុខ ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យសង្គមរាស្រ្តនិយម ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្តនិង វិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យ ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈស្ថាបនា មហាវិទ្យាល័យសិល្បៈនិងមុខរបរ ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត សាកលវិទ្យាល័យភូមិន្ទកំពង់ចាម សាកលវិទ្យាល័យភូមិន្ទបាត់ដំបង សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោងភាពយន្តរដ្ឋ ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រនរោត្តម ដំឡើងត្រាក់ទ័រនិងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្ករ-ស កំពង់ត្រំា ខេត្តកំពង់ស្ពឺ រោងចក្រវាយនភណ្ឌ ខេត្តបាត់ដំបង រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង រោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត រោងចក្រកែវជើងឯក រាជធានីភ្នំពេញ រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល រោងចក្រត្រីខប្រអប់ ខេត្តកោះកុង រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម រោងចក្រវារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀត នៅតាមបណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពាន ជាដើម ។ល។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ នៅសហភាពសូវៀត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់ មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែលមាន លន់ នល់ ជាមេខ្លោង។ របបសាធារណរដ្ឋរបស់ លន់ នល់ ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នំា១៩៧០។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា “រណសិរ្សរួបរួមជាតិកម្ពុជា” (FUNC) ព្រមជាមួយនោះក៏មានការបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (KRUNK )។
នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួចផ្តើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះ មានការចូលរួមដោយអ្នកដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋ ប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ផាំ វ៉ាន់ដុង (PHAM VAN DONG ) ពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ដឹកនាំដោយលោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និងពីណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគីណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់និងគោរពជាដរាបបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ (FUNC)ដណ្តើមបានជ័យទំាំងស្រុងនៅកម្ពុជា។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែលមានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្តែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យលាលែងមុខតំណែងជាព្រះប្រធាននៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហម ឃុំឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទំាងធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។
នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា ព្រះប្រធានកម្ពុជាប្រជាធិបតេយ្យ ជាលើកទី២។
ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានខិតខំអស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជា ទាំងអស់ រិះរកនូវដំណោះស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះលោកហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅប្រទេសបារំាង ៖
នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Fre-en-Tardeniois ។ -នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint- Germain-en-laye។ -នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទទួលពីមេដឹកនាំនៃកម្ពុជា ទំាង៤ភាគី ដើម្បីប្រកាសជាឧឡារិកនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាន្ននូវការបាញ់គ្នានៅក្នុងប្រទេសកម្ពុជា ទំាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធពីប្រទេសដទៃ ដល់កងទ័ពកម្ពុជា ទំាងបួនភាគី។ ទីក្រុងភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិ ការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា (CNR) ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគីនិងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គ ត្រូវបានសមាជិកទំាង១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា (SNC) ជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះប្រធានអព្យាក្រឹតនៃក្រុមប្រឹក្សានេះ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្តលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ១១រូបទៀត ជាមួយតំណាងរដ្ឋាភិបាល ១៨ប្រទេស និងជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងនិវត្តន៍មកកាន់រាជធានីភ្នំពេញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ ក្រោយពីមាតុភូមិនិវត្តន៍របស់ព្រះអង្គ រដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានលោកហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោកជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និងភាគីកម្ពុជាប្រជាធិបតេយ្យ ដែលលោកខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជាលាយលក្ខណ៍ អក្សរថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជា ទំាំងមូល ម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាផ្លូវការ នៅតែរក្សាទុកតួនាទីជាប្រមុខរដ្ឋ រហូតដល់មានការបោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជា បានអនុម័ត។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមីទិ្ទងមហាជនមួយ ត្រូវបានរៀបចំឡើង ដោយមានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមជាទីបំផុត ក្នុងការបង្រួបបង្រួមជាតិ តាំងពីដើមរហូតមក។ ព្រះអង្គ បានឱ្យចេញរូបរាជរដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៩៣ ហើយជាពិសេស ព្រះអង្គបាន បំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីអំពីគោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេចក្នុង កិច្ចប្រជុំកំពូល ក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅមហាប្រសាទខេមរិន្ទ ព្រះបរមរាជវាំង ថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។ ប្រជារាស្រ្តកម្ពុជា ទូទំាំង ព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជកិច្ច ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ជាព្រះមហាវីរក្សត្រមួយព្រះអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទំាំងព្រះរាជណាចក្រកម្ពុជា។ តំាងពីដើមរៀងមក ព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ច ដូចជាកសាងព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះទឹក សម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្រ្ត។ ព្រះអង្គ បានប្រោសព្រះរាជទាន និងបន្តនូវការប្រោសព្រះរាជទាន (រៀងរាល់សប្តាហ៍) ព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងជីវភាពខ្វះខាតខ្លំាង។
ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ ដែលព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តកម្ពុជា ដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនា ពណ៌សម្បុរឡើយ។
ដោយសារសច្ចភាពនេះហើយ ទើបប្រជារាស្ត្រកម្ពុជា ទូទំាំងប្រទេស បានគាំទ្រដោយឥតសំចៃ ថ្វាយព្រះអង្គចំពោះការយាងគ្រងរាជសម្បត្តិសាជាថ្មី នៅឆ្នំា១៩៩៣ ហើយពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។
ក្នុងឱកាសខួប ១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២២) «នគរធំ» សូមបួងសួងថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ