ភ្នំពេញ ៖ លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋ សូមកុំទិញឱ្យសោះ ចំពោះម៉ូតូដែលខុសលេខ គ្មានពន្ធ និងឯកសារត្រឹមត្រូវ ព្រោះអាចប្រឈមចំពោះមុខច្បាប់។
លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈអញ្ជើញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីចុះត្រួតពិនិត្យការងារសន្តិសុខ ការបង្ការ បង្ក្រាបល្បែងស៊ីសង ការងារបញ្ចាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោកឃ្លាំង ហួត បានផ្តាំផ្ញើដល់មន្ត្រីរាជការនិងកងកម្លាំងនៅខណ្ឌ៧មករា ត្រូវបន្តសហការទប់ស្កាត់និងបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងល្បែងស៊ីសង ព្រមទាំងត្រួតពិនិត្យនិងបង្ក្រាបហាងបញ្ចាំខុសច្បាប់ ឱ្យដូចភ្លៀងរលឹម ក្នុងដែនដីរបស់ខ្លួនឱ្យអស់ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យតំបន់មួយនេះ កាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោកឃ្លាំង ហួត ចាត់ទុកល្បែងស៊ីសងខុសច្បាប់ បាននាំមកនូវអស្ថិរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានល្បែងខុសច្បាប់ អំពើចោរកម្មនិងការប្រើប្រាស់គ្រឿងញៀន។ លោកអភិបាលរង បញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការដ៏ក្តៅគគុកនេះ កន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ អំពើចោរកម្ម អំពើលួចឆក់ ប្លន់ គឺមិនមានសកម្មភាព កើតឡើងនោះទេ។
លោកថេង សុថុល អភិបាលខណ្ឌ ៧មករា បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាផែនការអនុវត្តនូវអនុសាសន៍ណែនាំក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំ ឬកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌ ៧មករា ដែលក្នុងនោះ ការងារបង្ការ បង្ក្រាបល្បែងស៊ីសង អាជ្ញាធរបានធ្វើការបិទទីតាំងហ្គេមល្បែងអនឡាញ ចំនួន ៣១ទីតាំង និងរើសម្ភារៈចេញទាំងអស់ ទីតាំងកត់កន្ទុយលេខ ចំនួន១០ទីតាំង បានបិទទាំងស្រុងនិងបង្ក្រាបទីតាំងកត់កន្ទុយលេខ ចំនួន១ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ (ស្រី១) បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី។

លោកថេង សុថុល បានឱ្យដឹងទៀតថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បច្ចុប្បន្នមានទីតាំងហាងបញ្ចាំ សរុបចំនួន៦ទីតាំង (មានច្បាប់អនុញ្ញាត និងប្រកបអាជីវកម្មស្របតាមច្បាប់កំណត់) ក្នុងនោះមាននៅក្នុងសង្កាត់អូរឫស្សីទី៣ ចំនួន២ទីតាំង សង្កាត់អូរឫស្សីទី៤ មាន១ទីតាំង សង្កាត់វាលវង់ មាន១និងទីតាំង និងសង្កាត់បឹងព្រលឹត មាន២ទីតាំង។
ក្នុងប្រតិបត្តការត្រួតពិនិត្យទីតាំងលក់ម៉ូតូដែលមានការសង្ស័យ និងទីតាំងទទួលផ្ញើម៉ូតូ សរុបចំនួន០២ទីតាំង អាជ្ញាធរបានដកហូតម៉ូតូដែលសង្ស័យ ពុំមានស្លាកលេខ និងពុំមានឯកសារបញ្ជាក់គ្រប់គ្រាន់ ចំនួន២៤គ្រឿង មករក្សាទុកជាបណ្តោះអាសន្ន នៅសាលាខណ្ឌ៧មករា រង់ចាំម្ចាស់យកឯកសារមកផ្ទៀងផ្ទាត់ជាមួយមន្ត្រីជំនាញ ក្នុងនោះមានទីតាំងស្តង់ផ្សារបុរីកីឡា ដកហូតចំនួន ១១គ្រឿង និងទីតាំងទទួលផ្ញើនៅអគារបុរីកីឡា ដកហូតចំនួន ១៣គ្រឿង៕