ខេត្តមណ្ឌលគិរី ៖ កុមារីម្នាក់ ឈ្មោះ ថា ស្រីណុច អាយុ១៣ឆ្នាំ មកពីភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលបានចូលរួមប្រឡងចម្រៀង ក្នុងវិធី The Voice Kid Cambodia បានត្រឹមវគ្គ The Voice Blind Auditions (វគ្គគោះប៊ូតុង) នោះ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បន្ទាប់ពីសម្តេច បានដឹងពីភាពក្រីក្រលំបាកក្នុងជីវភាពរបស់កុមារីរូបនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានចាត់ឱ្យលោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រប់គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី នាំយកអំណោយ មានគ្រឿងឧបភោគ-បរិភោគ និងថវិការមួយចំនួន ជូនដល់គ្រួសារកុមារីស្រីណុច។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសសើរនូវភាពក្លាហានរបស់ស្រីណុច និងការព្យាយាមតស៊ូ ក្នុងការសិក្សារៀនសូត្រ រហូតមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kid Cambodia ។ កុមារីរូបនេះបានព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីក្តីស្រមៃរបស់ខ្លួន ស្របពេលដែលក្រុមគ្រួសារកំពុងជួបការលំបាក។
បន្ទាប់ពីបានទទួលអំណោយដ៏សប្បុរសធម៌នេះ កុមារីស្រីណុច និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ដោយមិនស្មានថា មាតាមនុស្សធម៌នៃកម្ពុជា បានគិតគូរដល់ក្រុមគ្រួសាររបស់នាង ស្របពេលដែលឪពុកម្តាយនាងក៏កំពុងមានជំងឺប្រចាំកាយទៀត។
គួរបញ្ជាក់ថា កុមារី ថា ស្រីណុច បានចូលរួមប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ពីភពលោក The Voice Kid Cambodia ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស តែនាងបានឈានចូលដល់ត្រឹមវគ្គ The Voice Blind Auditions ប៉ុណ្ណោះ ដោយសារតែគ្រូបង្វឹកទាំងបី មិនបានគោះប៊ូតុងឲ្យនាងឈានទៅវគ្គបន្តឡើយ។ ក្នុងពេលនោះ ស្រីណុច បានរៀបរាប់ពីការលំបាកក្នុងជីវភាព និងការតស៊ូរបស់នាង រហូតបានដឹងដល់សម្តេចប្រធានកាកបាទក្រហមកម្ពុជា មានការអាណិតអាសូរក្រុមគ្រួសារនាង ក៏បានផ្តល់អំណោយដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសារកុមារីរួបនេះនៅពេលនេះ៕ ខៀវទុំ