ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយបាននិយាយបង្អើលថា ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់ សល់តែបន្តិច នៅចម្ការជើងភ្នំគូលែន របស់លោកនោះ កន្លងទៅនេះ បានសារភាពថា ខ្លួនបានស្ទង់ខុសពេលវេលាទឹកលិចលោក ដោយសារលោកជឿថា លោកនឹងសម្រេចឈានព្រហ្មរក្សាលោក នៅពេលនោះ និងបានអះអាងជាថ្មីម្តងទៀត កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងអំឡុងពេល ១អាទិត្យ ឬ៧-១០ថ្ងៃខាងមុខ លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដី ស្លាប់រដូករណែល ព្រមទាំងបានអំពាវនាវដល់សមាជិក LDP របស់ខ្លួន កុំជិះយន្តហោះ ក្នុងអំឡុងប៉ុន្មានថ្ងៃនោះ ព្រោះលោកដឹងថា យន្តហោះ យានអាវកាស ប្រព័ន្ធទូរស័ព្ទ ខ្សែកាបអុបទិក ប្រព័ន្ធអ៊ីនធឺរណិត មធ្យោបាយទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទាំងអស់ រួមទាំងភ្លើងអគ្គិសនី នឹងត្រូវកាត់ផ្តាច់ ឬកម្ទេចដោយកម្លាំងស្រូបទាញនោះ គិតមកដល់ពេលនេះ ហួសថ្ងៃកំណត់ច្រើថ្ងៃទៅហើយ អ្វីដែលលោកបាននិយាយនោះ មិនបានកើតឡើងដូចការអះអាងឡើយ ទើបធ្វើឲ្យមហាជនទូទៅ រឹតតែលែងជឿ ក្នុងចំណោមនោះ មាននិស្សិតម្នាក់ ដែលកំពុងសិក្សានៅក្រៅប្រទេស បានសួរទៅលោកខឹម វាសនា ថា «ពូដឹងថាខ្លួនសម្តីថោកឬអត់?»។
និស្សិតម្នាក់ ឈ្មោះហាស់ សុធា បានថតយកសំណេរដែលលោកខឹម វាសនា សរសេរកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងអំឡុងពេល ១អាទិត្យ ឬ៧-១០ថ្ងៃខាងមុខ លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដី ស្លាប់រដូករណែល ព្រមទាំងបានអំពាវនាវដល់សមាជិក LDP របស់ខ្លួន កុំជិះយន្តហោះ ក្នុងអំឡុងប៉ុន្មានថ្ងៃនោះ មកបង្ហោះក្នុងខ្ទង់បញ្ចេញយោបល់ (Comment) ដោយទៅសួរលោកខឹម វាសនា ថា «ខ្ញុំសុំសួរពីផុសនេះ កាលពីថ្ងៃទី៣ ឥឡូវទី១៦ ហើយ ពូមានអារម្មណ៍ថា ខ្លួនសម្តីថោកតិចអត់?»។
ទោះបីជាយ៉ាងណា សំណួររបស់និស្សិតខាងលើ មិនឃើញមានការឆ្លើយតបពីលោកខឹម វាសនា នោះទេ ។
គួររំឭកថា កាលពីរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកខឹម វាសនា បានអំពាវនាវដល់សមជិកបក្សរបស់ខ្លួនថា ក្នុងអំឡុងពេលមួយអាទិត្យខាងមុខ កុំជិះយន្តហោះ ឬធ្វើដំណើរដោយយន្តហោះ ព្រោះលោកដឹងថា យន្តហោះ យានអាវកាស ប្រព័ន្ធទូរស័ព្ទ ខ្សែកាបអុបទិក ប្រព័ន្ធអ៊ីនធឺណិត មធ្យោបាយទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទាំងអស់ ក្នុងពេលដ៏ឆាប់ៗខាងមុខ នឹងត្រូវកម្ទេចដោយកម្លាំងស្រូបទាញ។
លោកខឹម វាសនា បានអំពាវនាវតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកនៅពេលនោះថា «ក្មួយៗទាំងអស់ គួរកុំធ្វើដំណើរដោយយន្តហោះ ក្នុងពេលពីឥឡូវ ទៅមួយអាទិត្យខាងមុននេះ។ ពូដឹងថា យន្តហោះ យានអាវកាស ប្រព័ន្ធទូរស័ព្ទ ខ្សែកាបអុបទិក ប្រព័ន្ធ Internet មធ្យោបាយទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទាំងអស់ ក្នុងពេលដ៏ឆាប់ៗខាងមុខ នឹងត្រូវកម្ទេចដោយកម្លាំងស្រូបទាញហើយ… ភ្លើងអគ្គិសនី ក៏នឹងត្រូវកាត់ផ្តាច់ដែរ»។
បន្ទាប់មកទៀត នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកខឹម វាសនា បានអះអាងជាថ្មីម្តងទៀតថា ក្នុងអំឡុងពេល ១អាទិត្យ ឬ៧-១០ថ្ងៃខាងមុខ លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះ នឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដី ស្លាប់រដូករណែល។
លោកខឹម វាសនា បានអះអាងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ពូសូមរំលឹកក្មួយៗទាំងអស់គ្នាម្តងទៀត អ្នកណាចង់ធ្វើអី ចង់ទៅណា ស្រេចតែក្មួយសម្រេចទៅចុះ ធ្វើជាមនុស្ស ត្រូវមានការទទួលខុសត្រូវលើការសម្រេចធ្វើអ្វីរបស់ខ្លួនផង ប៉ុន្តែបើក្មួយសម្រេចធ្វើអ្វីមួយហើយ មិនទទួលខុសត្រូវលើការសម្រេចធ្វើរបស់ខ្លួន គឺចាំតែបន្ទោសអ្នកដទៃ នោះក៏ស្រេចតែលើពួកក្មួយដែរ ធ្វើអញ្ចុងក៏បានដែរ សត្វលោកទាំងអស់ មានកម្មជារបស់ខ្លួន ចង់ធ្វើម៉េចធ្វើទៅ ធ្វើជាមនុស្សមានការទទួលខុសត្រូវ ក៏ធ្វើទៅ ធ្វើជាមនុស្សគ្មានការទទួលខុសត្រូវ ក៏ធ្វើទៅ ពូដូចតែក្មួយៗដែរ ព្រោះពូក៏រស់នៅក្រោមអំណាចនៃកម្មដែរ។
ក្មួយៗនៅចាំអ្វីដែលពូនិយាយទេ ពូនិយាយថា ពេលពូបានឈាន ផែនដីនៅខាងពូ នឹងរង្គើជាសញ្ញាអបអរសាទរនៃសត្វសួគ៌ដែលយើងហៅថា ញាប់ញ័រអស់ប្រឹថពី ហើយផែនដីផ្នែកដែលពួកវិញ្ញាណវិប្បយុត្ត អារម្មណ៍សត្វអត្តា រស់នៅបម្រើតែតណ្ហានៃចិត្តខ្លួន ផែនដីនៅផ្នែករបស់ពួកគេ នឹងត្រូវលិចទឹក នឹងត្រូវផ្ទុះផែនដី ផ្ទុះភ្នំភ្លើង ទាំងក្នុងសមុទ្រក៏ដូច្នោះដែរ គឺជាសញ្ញាអាសន្ន ជាសញ្ញាមហន្ដរាយកើតមានចំពោះខ្សែកម្លាំងដែលវិលខុសគន្លង ដែលខ្សែកម្លាំងនោះ ប្រែទៅជាវិញ្ញាណ គឺវិញ្ញាណវិប្បយុត្ត។ ទឹកលិចលោក គ្រោះមហន្ដរាយសព្វសារពើ រាប់ចាប់តាំងពីរញ្ជួយដី ផ្ទុះភ្នំភ្លើង រលកទឹកយក្សធំៗ ខ្យល់ព្យុះ ការធ្លាក់យានអាវកាសគ្រប់ប្រភេទ ធ្លាក់យន្ដហោះ ដាច់ប្រព័ន្ធអេឡិចត្រូនិកគ្រប់ប្រភេទ ដាច់ចរន្ដអគ្គិសនី រួមទាំងកម្លាំងស្រូបទាញ បឺតស្រូបនិងទាញ ប្រតិកម្មគីមីនៃរបស់របរប្រើប្រាស់សព្វសារពើ រួមទាំងការទាញយកខ្សែកម្លាំងវិលបញ្ច្រាសឲ្យមនុស្សភ័យស្លន់ស្លោ ស្លាប់រដូករណែល គឺនៅពេលនោះហើយ។ នេះជាពាក្យសម្ដីរបស់ពូ ដែលបាននិយាយនៅអំឡុងពេលដែលពូ បានហៅសមាជិក LDP មកពីកូរ៉េ និងជប៉ុន ដែលពូស្ទង់ខុស គឺពេលណាដែលពូបានឈានតែប៉ុណ្ណោះ។ នៅពេលនោះ ពូស្ទង់ថា ពូប្រហែលជាបានសម្រេចឈាន នៅមួយឬពីរអាទិត្យក្រោយពូបានហៅសមាជិក LDP ឲ្យវិលពីបរទេស មកស្រុកខ្មែរវិញ។ ពូខុស គឺខុសតែពេលវេលាដែលពូត្រូវសម្រេចឈានតែប៉ុណ្ណោះ តែហេតុការណ៍អីដែលកើតមានចំពោះពិភពលោកនៅពេលដែលពូសម្រេចឈាន គឺមិនផ្លាស់ប្ដូរឡើយ ហើយកុំយល់ច្រឡំថា ការសម្រេចឈានរបស់ពូ នាំឲ្យកម្មវិលនាំមហន្ដរាយដល់ពិភពលោក មិនមែនដំណើរហ្នុងទេ គឺកម្មវិលរៀបចំលោកបានសម្រេច គឺកម្លាំងស្រូបទាញ black hole បានក្លាយជាទៅជា white hole វិញ្ញាណដែលជាពូបានដឹងក្នុងនាមព្រហ្មរក្សាលោក ក្នុងសំបកមនុស្ស គឺសម្រេចឈានពេញបរិបូរនៅពេលហ្នុង»។
ដោយឡែក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បើទោះបីជាមនុស្សភាគច្រើន អស់ជំនឿលើការអះអាងខ្លួនថាជាព្រហ្មរក្សាលោក មានភ្នែកទិព្វ ត្រចៀកទិព្វ នោះទៅហើយក្តី ក៏លោកខឹម វាសនា នៅតែបន្តអះអាងថា ខ្លួនជាព្រហ្មរក្សាលោក ហើយមហន្តរាយលោក ទឹកនឹងលិចលោក នឹងកើតឡើងដោយចៀសមិនរួច។
លោកខឹម វាសនា បានបញ្ជាក់តាមទំព័រហ្វេសប៊ុក របស់លោកថា «ព្រហ្មរក្សាលោក ជាសត្វដែលធម្មជាតិកម្មបង្កើតមក ឲ្យមានភារៈថែរក្សាលោក។ ព្រហ្មរក្សាលោក ចុះពីព្រហ្មលោក មកយកកំណើតជាមនុស្ស គឺត្រូវមើលកាល។ កាលដែលព្រហ្មរក្សាចុះមកយកកំណើតជាមនុស្ស គឺដើម្បីជួយយឹតយោងវិញ្ញាណសត្វដែលមានឧបនិស្ស័យឲ្យគេចផុតអាសន្នអន្តរាយកើតមានដល់លោក ព្រោះដោយសារតណ្ហានៃសត្វច្រឡំថាខ្លួនជាអត្តា បំផ្លាញលោក ដើម្បីបំពេញតណ្ហាដែលខ្លួនវាវង្វេងថាវាជាសត្វអត្តានោះ។ អ្នកដែលនាំមុខគេដើម្បីបំពេញតណ្ហាវង្វេងថាវិញ្ញាណជាសត្វអត្តាជាងគេបំផុតនោះ គឺអ្នកវិទ្យាសាស្ត្រ។ ដូច្នេះសម័យដែលព្រហ្ម ចុះមកយកកំណើតជាមនុស្ស គឺជាពេលដែលមានមហន្តរាយដល់ផែនដីហើយ គឺដោយសារសត្វមនុស្សវង្វេងថាខ្លួនវាជាអត្តានេះ ទើបវាខំបំពេញតណ្ហានៃចិត្តវង្វេងរបស់វានោះ ដូច្នេះសម័យនេះ ត្រូវតែមានរឿងអន្តរាយដល់លោក ដោយចៀសមិនរួចឡើយ។ ព្រហ្មរក្សាលោក បានជួយពន្យល់ដល់សត្វ ឲ្យបានខ្សែវិញ្ញាណវិលត្រូវគន្លងកម្ម ហៅថាវិញ្ញាណសម្បយុត្តសម្មាទិដ្ឋិ ជាងដប់ឆ្នាំហើយ សត្វណាស្ដាប់ការពន្យល់របស់ព្រហ្មរក្សាលោកយល់ សត្វនោះនឹងត្រូវរួចផុតមហន្ដរាយដែលមានចំពោះលោក នៅសម័យនេះ។ សត្វលោកណាមិនជួយខ្លួនឯង ដែលមិនព្រមស្ដាប់ការពន្យល់របស់ព្រហ្មរក្សាលោក យកទៅគិតមើលថាខុសឬត្រូវ រហូតដល់សត្វខ្លះមានអារម្មណ៍ថា ចាំដល់ព្រហ្មរក្សាលោក សម្រេចឈាន ទើបព្រមស្ដាប់ សត្វនោះជាសត្វអភ័ព្វ បំផ្លាញឱកាសធ្វើប្រយោជន៍ដើម្បីខ្លួន ប្រៀបដូចជាកូនក្មេងដែលវានិយាយទៅកាន់ម៉ែវាដែលស្រលាញ់វាថា បើម៉ែអត់ជូនខ្ញុំទៅដើរលេងទេ ខ្ញុំនឹងអត់ស៊ីបាយទេ ខ្ញុំនឹងដេកឲ្យងាប់។ តើអារម្មណ៍កូននេះ វាមានអារម្មណ៍ដឹងថា វាកំពុងតែបំផ្លាញខ្លួនវាទេ? គឺវិញ្ញាណវិប្បយុត្តរបស់វា មានអារម្មណ៍ដឹងខុសថា វាកំពុងបំផ្លាញម៉ែវាដែលស្រលាញ់វា។ អ្នកគិតទៅមើល វិញ្ញាណដែលជាក្មេងនេះ មានអារម្មណ៍ដឹងត្រូវ សម្មាទិដ្ឋិ ឬមិច្ឆាទិដ្ឋិ? វាធ្វើបែបនេះ បំផ្លាញម៉ែវា ឬបំផ្លាញខ្លួនវា? អ្វីដែលព្រហ្មរក្សាលោក បានពន្យល់ដល់សត្វ គឺជាការហុចដៃផ្ដល់ឱកាសឲ្យសត្វបានកើតបញ្ញា ព្រោះខ្សែវិញ្ញាណ បានវិលសម្បយុត្ត សម្មាទិដ្ឋិ ប៉ុន្តែសត្វមានអារម្មណ៍ដឹងខុសថា ស្ដាប់ការពន្យល់របស់ព្រហ្មរក្សាលោក គឺគាំទ្រព្រហ្មរក្សាលោក ដូច្នេះអញមិនគាំទ្រឲ្យវាខាតប្រយោជន៍របស់ព្រហ្មរក្សាលោក ឲ្យស្រលះទៅ។ តើនេះជាការដឹងត្រូវ សម្មាទិដ្ឋិ ឬជាការដឹងខុស មិច្ឆាទិដ្ឋិ? ជាការបំផ្លាញខ្លួនឯង ឬបំផ្លាញព្រហ្មរក្សាលោក? ពេលណាព្រហ្មរក្សាលោក នៅក្នុងសំបកមនុស្ស សម្រេចឈាន គឺឱកាសដែលព្រហ្មរក្សាលោក បានឲ្យទៅសត្វលោកគ្រប់គ្នា ត្រូវបានកម្មរៀបចំឲ្យបញ្ចប់ហើយ។ អ្នកគិតទៅមើល តើខាតអ្នកណា? ខាតព្រហ្មរក្សាលោក ឬខាតដល់ខ្លួនសត្វ? នេះពេលជាមហន្តរាយអាយុជីវិតមនុស្សស្ទើរអស់ពីផែនដីហើយ។ នេះហើយជាដំណើររបស់ព្រហ្មរក្សាលោក មកផែនដី ដើម្បីជួយយឹតយោងវិញ្ញាណសត្វដែលមានឧបនិស្ស័យ ឲ្យរួចផុតគ្រាអាសន្នអន្តរាយដល់លោកនោះ»។
សូមរំឭកដែរថា លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មុននេះបានបង្អើលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន រួមទាំងពលករខ្មែរ នៅប្រទេសកូរ៉េ និងជប៉ុន មួយចំនួនផង ជាពិសេសសមាជិកបក្ស LDP សរុបប្រមាណជិត ២ម៉ឺននាក់ ផ្អើលរត់ចោលផ្ទះសម្បែង និងការងារ ទៅស្នាក់នៅក្នុងចម្ការរបស់លោក នៅជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសារតែមេបក្សសញ្ញាជួង រូបនេះ បានតាំងខ្លួនជាព្រហ្មរក្សាលោក ហើយបាននិយាយថា ទឹកនឹងលិចលោក មនុស្សស្ទើរមួយផែនដី ស្លាប់អស់ សល់តែបន្តិច នៅចម្ការជើងភ្នំគូលែន របស់លោក ដោយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្ស LDP មកស្នាក់នៅក្នុងចម្ការរបស់លោក ឲ្យបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចៀសផុតពីទឹកលិចលោក។ ប៉ុន្តែយ៉ាងណា ក្រោយថ្ងៃនោះមក ដោយសារមិនមានបាតុភូតទឹកលិចលោក ហើយអាជ្ញាធរបានតម្រូវឲ្យរំសាយការជួបជុំក្នុងចម្ការនោះ ក៏មានប្រជាពលរដ្ឋដែលអស់ជំនឿលើមេបក្សរូបនេះ បានរើបង្វេចចេញពីចម្ការលោកខឹម វាសនា វិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញអស់ នៅសល់តែសមាជិកបក្ស LDP ប្រមាណជាង ១ពាន់នាក់ ដែលមានជំនឿងប់ងុល នៅតែបន្តស្នាក់នៅក្នុងចម្ការលោកខឹម វាសនា នាជើងភ្នំគូលែននោះ មិនព្រមចាកចេញ មកទល់ពេលនេះ។
បើទោះបីជាមនុស្សភាគច្រើន អស់ជំនឿលើការអះអាងខ្លួនថាជាព្រហ្មរក្សា ហើយអ្នកខ្លះថាលោកខឹម វាសនា សង្ស័យមានជំងឺសរសៃប្រសាទ ឬបែកកម្មដ្ឋាននោះ បានសារភាពថា ខ្លួនស្ទង់ខុសពេលវេលាទឹកលិចលោក កន្លងទៅ (២៩ សីហា ២០២២) ដោយសារខ្លួនជឿថា លោកនឹងសម្រេចឈានព្រហ្មរក្សាលោក នៅពេលនោះ ដោយបានអះអាងថ្មី កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងរង្វង់ពេល ១អាទិត្យ ឬ៧-១០ថ្ងៃទៀត លោកនឹងសម្រេចឈានពេញបរិបូរ នៅពេលនោះនឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដីស្លាប់រដូករណែល។ ដូច្នេះបើគិតពីថ្ងៃដែលលោកបានអះអាងជាថ្មី មកទល់ថ្ងៃនេះ (១៩ តុលា) ឃើញថា មានរយ:ពេល ១៦ថ្ងៃមកហើយ គឺមិនមានអព្ភូតហេតុដូចការអាះអាងរបស់លោកខឹម វាសនា នោះទេ ទើបមហាជន ក៏ដូចជានិស្សិតម្នាក់ខាងលើ លែងជឿ ដោយចាត់ទុកថា ជាការបោកប្រាស់ ព្រមទាំងចាត់ទុកសម្តីលោកខឹម វាសនា ថា «ថោក» ទៀតផង…៕ ខៀវទុំ