Monday, September 23, 2024
Homeព័ត៌មានជាតិកូនស្រី២ឆ្នាំ ឈឺស្លាប់ ឪបន្ទោសពេទ្យគន្ធបុប្ផា

កូនស្រី២ឆ្នាំ ឈឺស្លាប់ ឪបន្ទោសពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ បុរសម្នាក់ បានចោទប្រកាន់មកលើបុគ្គលិកពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ថាមិនយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺកូនស្រីរបស់ខ្លួន ខណៈដែលកូនស្រីក្តៅខ្លួនមិនបាត់ សុំឱ្យពេទ្យជួយជោះឈាមពិនិត្យ ខ្លាចកើតជំងឺគ្រុនឈាម បែរជាបុគ្គលិកពេទ្យ មិនពិនិត្យ និងផ្តល់ថ្នាំឱ្យលេប តែ២-៣គ្រាប់ប៉ុណ្ណោះ លុះស្អែកឡើង កូនស្រីក្តៅមិនបាត់ នាំទៅពេទ្យម្តងទៀត បែរជាត្រូវបុគ្គលិកពេទ្យ ប្រើសម្តីមិនសមរម្យ គំរោះគំរើយដាក់ ទីបំផុតកូនស្រីជាទីស្រលាញ់ដែលទើបនឹងមានអាយុជាង ២ខួប បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បុរសជាឪពុកសពកុមារី ខន រ៉ានីកា បានបង្ហោះរូបភាព និងវីដេអូឃ្លីប បង្ហាញពីទិដ្ឋភាពដ៏សោកសង្រេង ខណៈដែលកូនស្រីតូចជាទីស្រលាញ់របស់ខ្លួន បានបាត់បង់ជីវិត ព្រមទាំងបានរៀបរាប់ទាំងការខឹងសម្បាថា កូនស្រីរបស់គាត់ លេចចេញអាការក្តៅខ្លួនខុសប្រក្រតី ក៏បានយកទៅពិនិត្យ ឆ្លងកាត់មន្ទីរពេទ្យឯកជនចំនួន ៣កន្លែងមកហើយ នៅខេត្តកាតែវ ប៉ុន្តែពេទ្យទាំងនោះ ពុំទទួលពិនិត្យជោះឈាមទេ ដោយបានប្រាប់ថា មិនអីទេ។ ប៉ុន្តែអាការក្តៅខ្លួន ពុំបាត់ ហើយកាន់តែខ្លាំង រូបគាត់ក៏បានយកកូនស្រី មកកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។

បុរសជាឪពុក បន្តរៀបរាប់ថា បន្ទាប់ពីចាប់លេខរៀង អស់រយៈពេលជាង២ម៉ោង យកកូនចូលទៅ និងសុំឱ្យពេទ្យជួយជោះឈាមពិនិត្យ ខ្លាចកើតជំងឺគ្រុនឈាម បុគ្គលិកពេទ្យនៅទីនោះ មិនពិនិត្យទេ ដោយបានប្រាប់ដូចគ្នាទៀតថា មិនអីទេ និងបានផ្តល់ថ្នាំឱ្យលេបប៉ុណ្ណោះ។ អាការកូនស្រី នៅតែក្តៅខ្លួនពុំបាត់ កម្តៅកាន់តែខ្លាំងឡើងៗ ដោយមានការបារម្ភខ្លាំង ទើបស្អែកឡើង លោកក៏បានយកកូនស្រី មកកាន់មន្ទីរពេទ្យគន្ធបុប្ផា ម្តងទៀត ប៉ុន្តែអ្វីដែលឈឺចាប់បំផុតនោះ គឺនៅពេលមកដល់ ស្រាប់តែបុគ្គលិកពេទ្យ បានស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយ គ្មានក្រមសីលធម៌ជាគ្រូពេទ្យ និងថែមទាំងបន្ទោសថា “កូនគ្រុនឈាម យកមកមិនទាន់ពេល ហេតុអ្វីម្សិលមិញមិនពិនិត្យ?”។ បុរសជាឪពុករូបនេះ បញ្ជាក់ថា ខណៈយកមកដំបូង សុំពេទ្យដេកព្យាបាល ប៉ុន្តែពេទ្យមិនពិនិត្យឡើយ ចុះហេតុអ្វីអ្នកជាគ្រូពេទ្យ ស៊ីប្រាក់ខែរដ្ឋ ធ្វើការនៅមន្ទីរពេទ្យ ទទួលជំនួយមូលនិធិ បែរជាមកនិយាយភាសាបែបនេះ? ទីបំផុតកូនស្រីកំពុងពេញស្រលាញ់របស់លោក បានទទួលមរណភាពគួរឱ្យសោកសង្រេងបំផុត។

ជុំវិញរឿងរ៉ាវខាងលើនេះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផា បានចេញសេចក្តីបំភ្លឺមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់ក្មេងស្រីរងគ្រាះ ដែលនាំឱ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន និងបាត់បង់ជីវិតគួរឱ្យសោកស្តាយ។

មន្ទីរពេទ្យគន្ធបុប្ផា  បានបញ្ជាក់អំពីករណីមរណភាពរបស់កុមារីឈ្មោះ ខន រ៉ានីកា នោះថា «មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យនិងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ២ឆ្នាំ និង៨ខែ ដែលអាណាព្យាបាលបានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្រោយការពិនិត្យ គ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះ មិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលត្រូវដាក់ឱ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះ ចំនួន៣ថ្ងៃ។ ជាទូទៅ និងជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២០០០នាក់ ដែល៨០ភាគរយនៃកុមារទាំងនោះ ត្រូវបានផ្តល់ថ្នាំឱ្យ ចំនួន៣ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល។

ក្នុងករណីកុមារី ខន រ៉ានីកា នេះអាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំលេប និងព្យួរសេរ៉ូម (តាមសម្តីជីដូន)។ បន្ទាប់មក ជីដូនបាននាំចៅមកមន្ទីរពេទ្យគន្ធបុប្ផា វិញ នៅវលាម៉ោង៨យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរបំផុត ដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure)។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះ អស់ពីសមត្ថភាព អស់រយៈពេលជាង ៣ម៉ោង ។ ជាអកុសល យើងមិនអាចសង្គ្រោះកុមារីនេះបាន។

ជាការសន្និដ្ឋាន យើងអាចយល់ថា ការវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណភាពភ្លាមៗ មុន២៤ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant។

មន្ទីរពេទ្យគន្ធបុប្ផា មានសេចក្តីសោកស្តាយជាទីបំផុត និងយល់ពីអារម្មណ៏សង្វេគរបស់ឪពុកម្តាយនិងក្រុមគ្រួសារ ។ មន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព»។

RELATED ARTICLES