ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម ១ក្រុម ជិះទូកចំនួន ៤គ្រឿង ប្រដាប់ដោយឧបករណ៍នេសាទត្រី បាននាំគ្នាលបលួចឆ្លងដែនចូលមកនេសាទត្រី នៅលើទឹកដីកម្ពុជា ត្រូវបានសមត្ថកិច្ចស្រុកស្វាយជ្រំ បើកប្រតិបត្តិការឃាត់ខ្លួន សរុបចំនួន៧នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាងជាច្រើន។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិវៀតណាម លួចឆ្លងដែនចូលនេសាទត្រីលើទឹកដីកម្ពុជា នេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបើកប្រតិបត្តិការខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារថា មានជនជាតិវៀតណាម លួចឆ្លងដែនមកនេសាទត្រី (ដាក់មង) នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ គិតពីព្រំដែនកម្ពុជា-វៀតណាម មកដល់ទីតាំង ចម្ងាយប្រហែល ៨០០០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មាន និងដោយមានការចង្អុលដឹកនាំពីលោកស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទក្នុងទឹកដីកម្ពុជា ។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម សរុបចំនួន៧នាក់ (ស្រី៣) និងដកហូតវត្ថុតាង រួមមាន ទូកម៉ាស៊ីន ចំនួន៤គ្រឿង (ទូកជ័រ ចំនួន៣គ្រឿង និងទូកឈើ ចំនួន១គ្រឿង) ព្រមទាំងឧបករណ៍នេសាទ (មង) ចំនួន៤២ដៃ។

បច្ចុប្បន្ន វត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនល្មើសជាជនជាតិវៀតណាម ទាំង៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ដើម្បីធ្វើការផាកពិន័យតាមច្បាប់៕