Monday, September 23, 2024
Homeព័ត៌មានជាតិអតីតប្រពន្ធមិនឱ្យជួបកូន ប្តីចាក់សម្លាប់ខ្លួន

អតីតប្រពន្ធមិនឱ្យជួបកូន ប្តីចាក់សម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានបែកបាក់គ្រួសារ លែងលះគ្នាជាមួយប្រពន្ធ អស់រយៈពេល ៣ឆ្នាំមកហើយ លុះក្រោយមក ដោយសារតែមានការនឹករលឹកកូនខ្លាំងពេក ទើបតាមមកសុំជួបកូន តែប្រពន្ធមិនឱ្យជួប ថែមទាំងនាំកូនរត់គេច ទៅខេត្តបាត់ដំបង បាត់ទៀត ទើបធ្វើឱ្យបុរសរូបនេះ ឈឺចិត្តស្អិតទ្រូង ក៏មានគំនិតខ្លី យកកាំបិតចុងស្រួច និងទួរណឺវីស មកចាក់បំពង់កខួនឯង ប៉ងធ្វើអត្តឃាត។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមសម្តីបុរសខូចចិត្តដែលប៉ុនប៉ងចាក់បំពងកសម្លាប់ខ្លួន បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា គាត់កំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ខ្លាំងណាស់ ដោយសារតែគ្មានអ្នកយល់ចិត្ត ទើបមិនដឹងថា ត្រូវធ្វើយ៉ាងណា ក្រៅពីបញ្ចប់ជីវិតឱ្យផុតទុក្ខបញ្ហានោះទេ។

បុរសរូបនេះ បន្តទាំងអួលដើមកថា មុនពេលកើតហេតុ គាត់បានដើរបណ្តើរ យំបណ្តើរ ដោយសារតែរឿងជម្លោះបែកបាក់ជាមួយគ្រួសារ អស់រយៈពេល៣ឆ្នាំមកហើយ ព្រោះតែរួមរស់មិនចុះសម្រុងនឹងគ្នា ហើយកាលពីរួមរស់ជុំគ្នានោះ គាត់និងអតីតប្រពន្ធ មានកូនជាមួយគ្នាដែរ។ ពេលនេះគាត់មានការនឹករលឹកដល់កូនខ្លាំងពេក ទើបមកសុំអតីតប្រពន្ធទៅជួបកូនៗ តែប្រពន្ធមិនព្រមឱ្យជួប ហើយថែមទាំងនាំកូនៗរត់គេចទៅខេត្តបាត់ដំបង អស់ទៀត។

បុរសខាងលើ បញ្ជាក់ថា ពេលនេះ គាត់ពិតជាអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់ លែងចង់រស់នៅបន្តហើយ ទើបសម្រេចយកកូនកាំបិតចុងស្រួច និងទួរណឺវីស មកចាក់បំពង់កខ្លួនឯង បំណងបញ្ចប់ជីវិតពេលនេះតែម្តង តែមិនបានសម្រេច ដោយសារត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនៅទីនោះ ប្រទះឃើញ ជួយឃាត់ទាន់ និងធ្វើការលួងលោមកុំឱ្យគាត់សម្រេចចិត្តខ្លីបែបនេះទៀត ទើបកាត់ហាក់បានស្ងប់ចិត្តបន្តិចវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន មកចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការអប់រំ ណែនាំ លើកទឹកចិត្តបុរសខាងលើ រហូតដល់បុរសរូបនោះ យល់ព្រមបោះចោលកូនកាំបិត និងទួរណឺវវីស រួចដើរចេញទៅវិញបាត់ទៅ៕

RELATED ARTICLES