Monday, September 23, 2024
Homeព័ត៌មានជាតិប្តីមានប្រពន្ធចុង ឈ្លោះនឹងប្រពន្ធដើម ដុតផ្ទះសម្លាប់ប្រពន្ធកូន ឆេះខ្លួនឯងស្លាប់

ប្តីមានប្រពន្ធចុង ឈ្លោះនឹងប្រពន្ធដើម ដុតផ្ទះសម្លាប់ប្រពន្ធកូន ឆេះខ្លួនឯងស្លាប់

ខេត្តកំពត ៖ បុរសម្នាក់  មានប្រពន្ធកូនរួចទៅហើយ តែបែរជាបែកគំនិតលួចលាក់មានប្រពន្ធចុង លុះរឿងរ៉ាវបែកធ្លាយដឹងដល់ប្រពន្ធដើម ក៏កើតមានជម្លោះនឹងគ្នាបែកផ្សែង ស្រាប់តែយប់ឡើង បុរសជាប្តី បានសម្រេចចិត្តដុតផ្ទះចោល បំណងសម្លាប់ខ្លួនទាំងគ្រួសារ ប៉ុន្តែពេលភ្លើងឆាបឆេះ ស្ត្រីជាប្រពន្ធ និងកូន២នាក់ រត់ចេញទាន់ រួចរស់ជីវិត នៅសល់តែបុរសជាប្តី ត្រូវឆេះស្លាប់ក្នុងភ្នក់ភ្លើង។

ហេតុការណ៍ដុតផ្ទះ ប៉ងសម្លាប់ខ្លួននិងគ្រួសារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក។

ក្រុមគ្រួសារខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ក្រុមគ្រួសារមួយនេះ មានសមាជិកចំនួន៤នាក់ (ប្តី ប្រពន្ធ និងកូន២នាក់) សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធជាម្ចាស់ផ្ទះ បានកើតមានជម្លោះនឹងគ្នាយ៉ាងខ្លាំង តាំងពីថ្ងៃ ផ្តើមចេញពីរឿងបុរសជាប្តី បានលបលួចមានប្រពន្ធចុង មិនដឹងតាំងពីពេលណាមកនោះទេ ប៉ុន្តែក្រោយមក រឿងរ៉ាវប្តីមានប្រពន្ធចុងនេះ ក៏បែកធ្លាយដឹងដល់ស្ត្រីជាប្រពន្ធដើម ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ ហៅប្តីមកសួរនាំ កើតជារឿងឈ្លោះគ្នាបែកផ្សែងតែម្តង។

ប្រភពដដែល បន្តថា លុះយប់ឡើង ដល់វេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ស្រាប់តែបុរសជាប្តីបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល ប៉ុនប៉ងសម្លាប់ខ្លួន និងគ្រួសារ ប៉ុន្តែពេលភ្លើងឆាបឆេះផ្ទះ បណ្តាលឱ្យស្លាប់ខ្លួនឯងក្នុងភ្នក់ភ្លើង ចំណែកប្រពន្ធនិងកូន២នាក់ទៀត បានរត់គេចចេញទាន់ តែរងរបួសធ្ងន់ ត្រូវបានអ្នកភូមិដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ប្រភពខាងលើ បញ្ជាក់ថា មុនឈានដល់ដុតផ្ទះនេះ បុរសជាប្តី បានយកធ្យូងសរសេរបណ្តាំ ជាច្រើនឃ្លា នៅលើឈើ លើផ្ទៃចាក់សាប និងលើគ្រែ ដែលប្រពន្ធកូនកំពុងដេកលង់លក់។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធ និងកូន២នាក់ ដែលរងរបួសរលាកធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកឈូក ដឹកបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ៕

RELATED ARTICLES