Saturday, April 20, 2024
Homeព័ត៌មានជាតិឆក់កាបូបស្រីដួលបោកក្បាលស្លាប់ ជាប់គុក១០ឆ្នាំ

ឆក់កាបូបស្រីដួលបោកក្បាលស្លាប់ ជាប់គុក១០ឆ្នាំ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទវ័យក្មេងម្នាក់ ជាចោរឆក់កាបូប ដាក់ពន្ធនាគារ កំណត់១០ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស បណ្តាលឱ្យមរណភាពដល់ជនរងគ្រោះ។

ជនជាប់ចោទមានឈ្មោះជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះអ៊ុក កន្និកា អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា បន្ទាប់ពីមានករណីជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្តាលឱ្យស្ត្រីម្នាក់ដួលស្លាប់ ពេលដឹកដល់មន្ទីរពេទ្យរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជនជាប់ចោទ ជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ពាក់ព័ន្ធមរណភាពជនរងគ្រោះ ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានសហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់មុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះជុំ សុខបញ្ញា នៅចំណុចផ្លូវរថភ្លើង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្តាលឱ្យជនរងគ្រោះស្លាប់ ពេលបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យ) កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះអ៊ុក កន្និកា បានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ នៅសង្កាត់ចោមចៅទី៣ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិច ទៅកើត គោលបំណងចូលទៅទីរាជធានីភ្នំពេញ លុះមកដល់ ត្រង់ចំណុចមុខព្រលានយន្តហោះ (ទីតាំងកើតហេតុ) ស្រាប់តែមានក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់យកកាបូបក្រវាត់ចង្កេះ ពីជនរងគ្រោះ បានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ ចំណែកស្ត្រីជាអ្នកបើកបរ បានដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ បញ្ជូនទៅ ព្យាបាលនៅឯមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង។

រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ សហការជាមួយផ្នែកជំនាញយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះជុំ សុខបញ្ញា មកសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ៣នាក់ទៀត ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះខាងលើ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ប្រាកដមែន ដោយបក្ខពួកទាំង ៣នាក់នោះ រត់គេចខ្លួនបាត់អស់ហើយ ទី១-ឈ្មោះអាហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (រត់គេចខ្លួន)។ ទី២-ឈ្មោះអារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (រត់គេចខ្លួន)។ ទី៣-ឈ្មោះអាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (រត់គេចខ្លួន)៕

RELATED ARTICLES