Monday, September 23, 2024
Homeព័ត៌មានជាតិម៉ែឱ្យទៅរៀន កូនស្ពាយកាបូបប៉័ងតោ ទុកកាប់គ្នា

ម៉ែឱ្យទៅរៀន កូនស្ពាយកាបូបប៉័ងតោ ទុកកាប់គ្នា

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ជាសិស្សសាលា ១ក្រុម ជិះម៉ូតូជាច្រើនប្រសាចពេញផ្លូវ លុះគ្រាន់តេឃើញសមត្ថកិច្ច ល្បាតតាមផ្លូវភ្លាម ក៏នាំគ្នាបើករត់ ទើបសមត្ថកិច្ចមានការសង្ស័យ ប្រដេញតាម ស្ទាក់ឃាត់បានយុវជន២នាក់ សាកសួរ និងឆែកឆេរក្នុងកាបូបស្ពាយ មិនឃើញសៀវភៅរៀនសូត្រ បែរជាឃើញមានកាំបិតប៉័ងតោ ២ដើម ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីបង្ក្រាបក្រុមក្មេងទំនើងកាន់កាប់អាវុធដោយខុសច្បាប់ (ដាក់កាំបិតប៉័ងតោក្នុងកាបូបស្ពាយ) ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខហាងប៊ូហ្វេ ស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ថា  កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក បានឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមបក្ខពួក៩ ដែលជាក្រុមអ្នកលេងកាំបិតប៉័ងតោ យកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានដូចសព្វដង លុះទៅដល់ចំណុចមុខហាងប៊ូហ្វេ ស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម មានគ្នា ៩នាក់ ជិះម៉ូតូ ៤គ្រឿង ពេលឃើញសមត្ថកិច្ចភ្លាម ក្រុមក្មេងទំនើងទាំងនោះ បានបើកម៉ូតូគេច ដោយមានសង្ស័យកម្លាំងបានប្រដេញតាម ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងម៉ូតូ ១គ្រឿង ត្រួតពិនិត្យរកឃើញកាំបិតប៉័ងតោ ចំនួន២ដើម នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ក៏នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។

ក្មេងទំនើងទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះអ៊ុំ សំណាង អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះសុខ សីហា ភេទប្រុស អាយុ១៤ឆ្នាំ  មុខរបរសិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ រីឯវត្ថុតាំងចាប់យក រួមមាន កាំបិតប៉័ងតោ ចំនួន២ដើម កាបូបស្ពាយពណ៌ខ្មៅ ចំនួន២ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក iPhone X ពណ៌ស និងម៉ាក iPhone 7plus ពណ៌ផ្កាឈូក និងម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 1GE-9827 លេខតួ-លេខម៉ាស៊ីន 9648912។

ចំពោះមុខកម្លាំងជំនាញ កំពុងប្រើប្រាស់វិធានការជំនាញ សាកសួរចម្លើយបន្ត ដើម្បីរកបក្ខពួក និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕

RELATED ARTICLES