Monday, September 23, 2024
Homeព័ត៌មានជាតិវ៉ៃប្លន់ជាប់គុក ចេញវិញកាន់កាំភ្លើង លក់ថ្នាំញៀន

វ៉ៃប្លន់ជាប់គុក ចេញវិញកាន់កាំភ្លើង លក់ថ្នាំញៀន

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន២នាក់ ដែលជាមុខសញ្ញាកាប់ប្លន់ម៉ូតូ ទើបចេញពីពន្ធនាគារថ្មីៗ បែរជាបែកគំនិតបបួលគ្នាដើរចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដោយមានទាំងកាំភ្លើងជាប់ខ្លួនថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនដល់លើផ្ទះសំណាក់ នាំយកមកសាកសួរ និងចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ «មានជ័យ» ស្ថិតនៅភូមិព្រៃហែក ឃុំសូភី ស្រុកបាទី។

តាមរបាយការណ៍ពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបនេះ គឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានជនសង្ស័យ២នាក់ ស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នេះ ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ និងជួញដូរគ្រឿងញៀន មានទាំងកាំភ្លើងថែមទៀត ទើបកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកសាកសួរតែម្តង។

ជនសង្ស័យទាំង២នាក៉ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរ៉េត សុមេត្តា ហៅជុយ ភេទប្រុស អាយុ២៤ឆ្នាំ ជាមុខសញ្ញាចែកចាយសារធាតុញៀន និងជាមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ដែលទើបចេញពីពន្ធនាគារថ្មីៗ រស់នៅភូមិនាល ឃុំតាំងដូង ស្រុកបាទី និងទី២-ឈ្មោះជួន សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជាមុខសញ្ញាចែកចាយ និងជួញដូរសារធាតុញៀន រស់នៅភូមិព្រែហែក ឃុំសូភី ស្រុកបាទី។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន អាវុធខ្លី ១ដើម ម៉ាក EKOL Jackal Dual U21EKCRTS03-2100980 ពណ៌ទឹកប្រាក់ បង់ចំនួន១ គ្មានគ្រាប់ ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូ និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GV-2906 និងទូរស័ព្ទដៃ ចំនួន៤គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉េត សុមេត្តា ហៅជុយ បានឆ្លើយសារភាពថា អាវុធខ្លីដែលខ្លួនប្រើប្រាស់ខាងលើ គឺខ្លួនបានខ្ចីពីឈ្មោះអ៊ឹម សុភ័ស ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES