Monday, September 23, 2024
Homeព័ត៌មានជាតិបាញ់រះជាង១០គ្រាប់ បាចខិត្តប័ណ្ណគំរាមសម្លាប់

បាញ់រះជាង១០គ្រាប់ បាចខិត្តប័ណ្ណគំរាមសម្លាប់

ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងមួយក្រុម បានជិះរថយន្តទំនើប ចំនួន២គ្រឿង មកឈប់មុខខុនដូមួយកន្លែង រួចបានធ្វើសកម្មភាពដកកាំភ្លើងខ្លី បាញ់រះប្រមាណជាង១០គ្រាប់ សំដៅចូលអគារខុនដូ SKY LINE បន្ទាប់មក បានបាចខិត្តប័ណ្ណដែលមានរូបបុរសម្នាក់ និងមានសរសេរអក្សរ ៣ភាសា គំរាមថា “ប្រយ័ត្ននៅតាមផ្លូវ” រួចនាំគ្នាបើករថយន្តគេចចេញអស់។

 ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចអគារខុនដូ SKY LINE មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រុមជនសង្ស័យជាខ្មាន់កាំភ្លើង មិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងដឹងច្បាស់ពីចំនួនឱ្យពិតប្រាកដនោះទេ គ្រាន់តែដឹងថា បើករថយន្តទំនើប ចំនួន២គ្រឿង មកដល់ ក៏បើកការបាញ់រះតែម្តង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញ ជនសង្ស័យ១ក្រុម ជិះរថយន្តស៊េរីទំនើប ចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាក Ford ពណ៌ស និង ១គ្រឿងទៀត ម៉ាក ALPHARD ពណ៌ខ្មៅ តែមិនចាំស្លាកលេខនោះទេ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៤ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ (ចំណុចមុខខុនដូ SKY LINE) រថយន្តទាំង២គ្រឿងនោះ បានឈប់ ហើយភ្លាមនោះ ជនសង្ស័យដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងខ្លី បាញ់រះជាង១០គ្រាប់ សំដៅទៅលើអគារខុនដូ SKY LINE បណ្តាលឱ្យធ្លុះធ្លាយកញ្ចក់ និងជញ្ជាំង ជាច្រើនកន្លែង តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសឡើយ។

ប្រភពដដែល បន្តថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចហើយ ពួកគេបានបាចខិត្តប័ណ្ណជាច្រើនសន្លឹក ដែលមានរូបថតបុរសម្នាក់ និងមានអក្សរ ៣ភាសា (អក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរ) ដែលក្នុងនោះ អក្សរខ្មែរ សរសេរថា “ប្រយ័ត្នតាមផ្លូវ” នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើត គេចខ្លួនបាត់ស្រមោលអស់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនញា បានចុះពិនិត្យជាក់ស្តែង នៅទីតាំងកើតហេតុ រួចបានប្រមូលវត្ថុតាង ទុកប្រគល់ជូនខាងជំនាញ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES