Monday, September 23, 2024
Homeព័ត៌មានជាតិខឹងសម្លឹង កាប់២កាំបិត ជាប់ខ្នោះ៨

ខឹងសម្លឹង កាប់២កាំបិត ជាប់ខ្នោះ៨

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ជិះម៉ូតូដើរលេងតាមផ្លូវ ប្រទះឃើញក្មេងស្ទាវ ១ក្រុម ជិះទល់មុខគ្នា សម្លឹងមុខក្នុងន័យឌឺដងឱ្យខ្លួន ក៏ព្រួតគ្នាដេញកាប់យុវជនម្នាក់ ចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកក្រុមជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡីង កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅចំណុច អគារអ៊ីដេន ហ្គាដេន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ តាមចាប់ខ្លួនក្រុមជនដៃដល់ បានជាបន្តបន្ទាប់ សរុបចំនួន៨នាក់។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ប្រាបថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យក្មេងទំនើង ៨នាក់ខាងលើ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយអាណាព្យាបាលជនរងគ្រោះម្នាក់ បានដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។

លោកប៊ុន សត្យា បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គឺមានក្មេងទំនើង ១ក្រុម ជិះម៉ូតូ ៥គ្រឿង មានគ្នា ១៣នាក់ បាននាំគ្នាជិះម៉ូតូចេញពីម្តុំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្នុងគោលបំណងមកដើរលេងនៅចំណុចអគារអ៊ីដេន ហ្គាដេន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ខណៈដែលជនសង្ស័យជិះមកដល់ចំណុចអគារអ៊ីដេន ហ្គាដេន ក៏ជួបទល់មុខគ្នានឹងក្រុមជនរងគ្រោះដែលជិះម៉ូតូ ៤គ្រឿង មានគ្នា ៨នាក់ នៅពេលនោះពួកគេទាំង២ក្រុម បានមើលមុខគ្នារបៀបឌឺដងដាក់គ្នា រំពេចនោះ ស្រាប់ក្រុមដៃដល់ បានជិះម៉ូតូដេញតាមក្រុមក្មេងរងគ្រោះ ខណៈនោះ ក៏មានម៉ូតូ ១គ្រឿង របស់ក្មេងរងគ្រោះដួល។ ហើយក្រុមក្មេងបង្កហេតុ បានទាញកាំបិតប៉័ងតោ និងដាវកែច្នៃ ដំបងគ្រលាស់ ព្រួតគ្នាវាយនឹងកាប់ទៅលើក្មេងរងគ្រោះម្នាក់ ឈ្មោះអឿន សៀងហៃ ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវចំដៃម្ខាង និងចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ហើយក្រុមក្មេងទំនើងបង្កហេតុ បានដេញកាប់ទៅលើក្រុមក្មេងរងគ្រោះ បណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ទៀត។ ក្រោយមក ក្រុមក្មេងបង្កហេតុ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន ព្រះកុសុម:។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវនិងបង្ក្រាបបានជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន ៨នាក់ ក្នុងនោះដកហូតបានវត្ថុតាង ដាវកែច្នៃ ១ដើម កាំបិតប៉័ងតោ​ ២ដើម និងដំបងគ្រលាស់ ១ដើម។ ក្នុងចំណោមជនសង្ស័យទាំង៨នាក់ មាន៥នាក់ ជាសិស្សរៀននៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យជាស៊ីម សាមគ្គី វិទ្យាល័យជម្ពូវ័ន និងវិទ្យាល័យអូរបែកក្អម។ ដោយឡែកបក្ខពួកដែលគេចខ្លួន កម្លាំងនគរបាលកំពុងបន្តស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕

RELATED ARTICLES