Monday, November 25, 2024
Homeព័ត៌មានជាតិកញ្ញាឯកឆ្នាំ២០២១ សំពះសុំអភិបាលខណ្ឌ ដកពាក្យបណ្តឹង

កញ្ញាឯកឆ្នាំ២០២១ សំពះសុំអភិបាលខណ្ឌ ដកពាក្យបណ្តឹង

ភ្នំពេញ ៖ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១  (Miss Grand Cambodia 2021) កញ្ញាសុតធីតា ប៉ូគឹមថេង បានលើកដៃសំពះអ្វរសុំលោកអភិបាលខណ្ឌឫស្សីកែវ ដកពាក្យបណ្ដឹង ដែលបានប្តឹងនាងទៅតុលាការ ពាក់ព័ន្ធនាងបានចោទប្រកាន់ថាលោកអភិបាលខណ្ឌ នាពេលកន្លងទៅថា រុះរើផ្ទះនាងដែលសង់លើដីកម្មសិទ្ធិស្របច្បាប់ ដោយនាងបានសុំទោសលោកអភិបាលខណ្ឌថា ដោយសារកាលនោះ នាងភ័យព្រួយបារម្ភចំពោះការបាត់បង់ទ្រព្យសម្បត្តិ ដីធ្លីរបស់ទ្រព្យផ្ទាល់ខ្លួន និងក្រុមគ្រួសារ ទើបបានជានាងនិយាយមិនបានគិត ប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់លោកអភិបាលខណ្ឌឫស្សីកែវ ។

          កញ្ញាសុតធីតា ប៉ូគឹមថេង បានចេញវីដេអូមួយ តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ធ្វើការសុំទោសជាសាធារណៈ និងអង្វរសុំឲ្យលោកអភិបាលខណ្ឌឫស្សីកែវ សន្តោសប្រណី អនុគ្រោះដកពាក្យបណ្ដឹងដែលប្តឹងនាងទៅតុលាការ ។

នាងសុតធីតា ប៉ូគឹមថេង បានសរសេរភ្ជាប់ជាមួយវីដេអូនោះថា “នាងខ្ញុំសុតធីតា ប៉ូគឹមថេង សូមគោរពសូមទោសដល់ឯងឧត្តមអភិបាលខណ្ឌឫស្សីកែវ តាមរយ: Video មួយនេះ ជាសាធារណ:“ ។

          ចំពោះខ្លឹមសារក្នុងវីដេអូនោះ កញ្ញាសុធីតា ប៉ូគឹមថេង បានបញ្ជាក់ទាំងទឹកភ្នែក ជាមួយការលើកដៃសំពះថា “ជម្រាបសួរបងប្អូនទាំងអស់គ្នា! ខ្ញុំប៉ូគឹមថេង សុតធីតា ។ ថ្ងៃនេះផងដែរ ខ្ញុំឡាយវីដេអូ សុំទោសជាសាធារណៈ ទៅកាន់ឯកឧត្ដមខណ្ឌឫស្សីកែវ ដែលកាលពីថ្ងៃទី០៨ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដែលនាងខ្ញុំបានធ្វើការឡាយវីដេអូ ទៅប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ឯកឧត្ដមអភិបាលខណ្ឌឫស្សីកែវ ។ មូលហេតុដោយសារតែនាងខ្ញុំភ័យព្រួយបារម្ភនៅក្នុងការខ្លាចបាត់បង់នូវទ្រព្យសម្បត្តិ ក៏ដូចជាដីធ្លីដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់នាងខ្ញុំ ក្រុមគ្រួសារ និងម្ដាយរបស់នាងខ្ញុំ ។ មូលហេតុដោយសារតែនាងខ្ញុំភ័យព្រួយបារម្ភចំពោះការបាត់បង់ទ្រព្យសម្បត្តិដីធ្លីដែលជារបស់ទ្រព្យផ្ទាល់ខ្លួន និងក្រុមគ្រួសារ ទើបបានជានាងខ្ញុំធ្វើការឡាយប៉ះពាល់ និយាយទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់អភិបាលខណ្ឌឫស្សីកែវ ។ ដូច្នេះនាងខ្ញុំសុំសំណូមពរទៅដល់អភិបាលខណ្ឌឫស្សីកែវ សូមឲ្យលោកមេត្តាជួយដកពាក្យបណ្ដឹងដែលចុះនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មកកាន់រូបនាងខ្ញុំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានមេធាវី គុណ សុធី ជាតំណាងសាលាខណ្ឌឫស្សីកែវ ។ នាងខ្ញុំសូមមេត្តាឲ្យអភិបាលខណ្ឌ ជួយដកពាក្យបណ្ដឹងដែលធ្វើមកកាន់រូបនាងខ្ញុំផង ហើយនាងខ្ញុំនិងក្រុមគ្រួសារ ក៏សូមអភ័យទោសដល់អភិបាលខណ្ឌ ហើយក៏សង្ឃឹមថា អភិបាលខណ្ឌ នឹងមានការអាណិតមេត្តា សន្ដោសប្រណីដល់រូបនាងខ្ញុំផង“ ។

           គួររំលឹកថា កាលពីថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២២ កញ្ញាសុតធីតា ប៉ូគឹមថេង កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ បានចាត់ទុកខ្លួនឯងជាជនរងគ្រោះ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានស្នើសុំសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ដល់ពួកនាងផង ដោយនាងថា ត្រូវអភិបាលខណ្ឌ ធ្វើបាប តាមរយៈការប្រើកម្លាំងសន្តិសុខ ចុះរុះរើបំផ្លាញទ្រព្យសម្បត្តិលើដីលំនៅឋានរបស់ពួកនាង ។ នាងបានបញ្ជាក់នៅពេលនោះថា នាងមានដី ទំហំ 29ម៉ែត្រ គុណនិង 30 ម៉ែត្រ បានសាងសង់ជាហាងកាហ្វេ ហើយត្រូវបានអាជ្ញាធរខណ្ឌចុះមករុះរើជាច្រើនលើកច្រើនសា ។

          ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្ដែងការសោកស្ដាយចំពោះអ្វីដែលកញ្ញាប៉ូគឹមថេង សុតធីតា បានសរសេរនិងបង្ហោះនៅក្នុងគណនីហ្វេសប៊ុក របស់នាង មិនមានមូលដ្ឋានច្បាស់លាស់ និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យធ្វើឲ្យសាធារណមតិមានការភន្តច្រឡំ ។  រដ្ឋបាលខណ្ឌឫស្សីកែវ ស្នើឲ្យម្ចាស់គណនីហ្វេសប៊ុក Sothida Pokimtheng ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ ។ ក្នុងករណីពុំបានធ្វើការកែតម្រូវ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ រដ្ឋបាលខណ្ឌ បញ្ជាក់ថា នឹងបន្តចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលដែលរឹងរូសធ្វើសកម្មភាពទន្ទ្រានយកដីផ្លូវរបស់រដ្ឋ និងបុគ្គលដែលប្រឆាំងនឹងការអនុវត្តវិធានការរបស់រាជការសាធារណៈ ទៅសមត្ថកិច្ចពាក់ព័ន្ធ និងស្ថាប័នតុលាការ ។

          ទោះបីយ៉ាងណា ជុំវិញការស្នើសុំដកពាក្យពីកញ្ញាសុតធីតា ប៉ួគឹមថេង នេះ “នគរធំ» មិនអាចទាក់ទងសុំការឆ្លើយតបពីលោកអភិបាលខណ្ឌឫស្សីកែវ បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ

RELATED ARTICLES