Monday, September 23, 2024
Homeព័ត៌មានជាតិប្រពន្ធកើតកូនខ្ចី ប្តីចោទជាកូនសហាយ ម៉ែខ្ទប់ច្រមុះសម្លាប់កូន បោះសពចូលទឹកស្រះ

ប្រពន្ធកើតកូនខ្ចី ប្តីចោទជាកូនសហាយ ម៉ែខ្ទប់ច្រមុះសម្លាប់កូន បោះសពចូលទឹកស្រះ

ខេត្តសៀមរាប ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនខ្ចី បានប្រមាណជាង ១ខែ ត្រូវប្តីចោទថា កូនដែលទើបនឹងកើតនេះ មិនមែនជាកូនរបស់ខ្លួនទេ គឺជាកូនរបស់ប្រុសសហាយ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធខឹងប្តី បែរជាខ្ទប់ច្រមុះមាត់កូនស្រី រហូតដល់ថប់ដង្ហើមស្លាប់ រួចបីសពកូនទៅបោះចោលក្នុងទឹកស្រះ បន្ទាប់មកប្រឌិតរឿងថា មានចោរចូលផ្ទះ វាយប្លន់ម៉ូតូ និងយកកូនរបស់ខ្លួនទៅបាត់។ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ដឹងថាជាករណីឃាតកម្ម ម្តាយបង្កើត ច្របាច់កសម្លាប់កូន បោះចោលទឹកស្រះ និងឈានដល់ការចាប់ខ្លួនស្ត្រីជាម្តាយចិត្តកំណាច យកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្ម ខឹងគោ វ៉ៃរទេះ ប្រពន្ធខឹងប្តី ខ្ទប់ច្រមុះសម្លាប់កូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ លុះមកដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីដៃដល់ជាឃាតករ ដែលត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ។

ស្ត្រីដៃដល់ដែលសម្លាប់កូនស្រីបង្កើតខ្លួនឯង បោះសពចោលក្នុងទឹកស្រះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះជា ស្រីអូន អាយុ១៧ឆ្នាំ មុខរបរលក់បន្លែ បច្ចុប្បន្នរស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះផាត សុភ័ត្រា អាយុ១ខែ ២០ថ្ងៃ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីសង្ស័យជាម្តាយ ឈ្មោះជា ស្រីអូន ទើបនឹងសម្រាលបានកូនស្រីម្នាក់ អាយុ១ខែ ២០ថ្ងៃ ប៉ុន្តែក្នុងអំឡុងពេលរួមរស់ជាមួយប្តីនេះ អ្នកទាំងពីរ ឧស្សាហ៍កើតមានទំនាស់នឹងគ្នាខ្លាំងណាស់  ដោយបុរសជាប្តី ចេះតែចោទប្រកាន់ស្ត្រីជាប្រពន្ធថា លួចលាក់ទាក់ទងជាមួយប្រុសថ្មី ហើយថែមទាំងបានចោទប្រកាន់ថា កូនស្រី (ក្មេងស្រីរងគ្រោះ) ដែលទើបនឹងកើតបាន ជាង១ខែនេះ  មិនមែនជាកូនជាមួយខ្លួនទេ គឺជាកូនជាមួយប្រុសសហាយ ជាហេតុធ្វើឱ្យស្ត្រីសង្ស័យ មានចិត្តខឹងនឹងប្តីយ៉ាងខ្លាំង រហូតដល់មានចិត្តចង់សម្លាប់កូនចោលតែម្តង។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានយកដៃខ្ទប់ច្រមុះមាត់កូនតូចរហូតថប់ដង្ហើមស្លាប់រួចមក ស្ត្រីសង្ស័យ បានបីកូនស្រី (ក្មេងស្រីរងគ្រោះ) ចេញពីក្នុងផ្ទះ តាមបង្អួច យកទៅបោះចោលក្នុងស្រះទឹក ខាងត្បូងផ្ទះ ចម្ងាយប្រហែល ៥០ម៉ែត្រ។ ក្រោយពេលបោះសពកូនចោលក្នុងទឹកហើយ ស្ត្រីសង្ស័យបានដើរត្រឡប់មកផ្ទះវិញ រួចប្រឌិតរឿង ដោយរើកកាយខោអាវ និងយកដំបងមកដាក់មុខផ្ទះ ហើយ កុហកក្រុមគ្រួសារថា មានចោរចូលផ្ទះ វាយប្លន់ម៉ូតូ និងយកកូនរបស់ខ្លួនទៅបាត់ហើយ។ ពេលនោះ ក្រុមគ្រួសារបានបាននាំគ្នាដើររក ក៏បានឃើញកូនស្រី (ក្មេងស្រីរងគ្រោះ) អណ្តែតក្នុងទឹកស្រះ ហើយក៏នាំគ្នាចុះស្រង់យកទៅមន្ទីពេទ្យ តែក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព បានរកឃើញថា ក្មេងស្រីរងគ្រោះ បានស្លាប់ដោយសារថប់ដង្ហើម ពោលគឺមិនមែនដោយសារលង់ទឹកនោះទេ។ បន្ទាប់មក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកសុខ ម៉េងអ៊ាង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចជំនាញ ចុះធ្វើការឃាត់ខ្លួនស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យជាម្តាយ បានឆ្លើយសារភាពថា តាមពិត ខ្លួនជាអ្នកសម្លាប់កូនស្រីដោយដៃឯង មិនមែនជាករណីចោរចូលផ្ទះ ប្លន់ម៉ូតូនិងចាប់កូនស្រីយកទៅបោះចោលនោះទេ។

ស្ត្រីសង្ស័យ សារភាពបន្តថា មូលហេតុដែលខ្លួនសម្លាប់កូនតូចបែបនេះ ដោយសារខឹងប្តី ដែលតែងតែរករឿងធ្វើបាប ហើយថែមទាំងចោទប្រកាន់ខ្លួនថា លួចមានសហាយ ហើយកូនស្រី (ក្មេងស្រីរងគ្រោះ) ជាកូនជាមួយប្រុសផ្សេង ទើបរូបខ្លួនខឹងប្តីពេក ក៏បានបំបៅដោះកូនឱ្យដេកលក់ ហើយយកដៃខាងឆ្វេងត្រកងក្បាលនិងដងខ្លួន ហើយប្រើដៃខាងស្តាំ ខ្ទប់ច្រមុះនិងមាត់កូន ប្រហែល២នាទី រហូតដល់កូនដាច់ខ្យល់ស្លាប់។ បន្ទាប់មក ខ្លួនក៏បានបីសពកូន ចេញតាមបង្អួចផ្ទះ យកទៅបោះចោលក្នុងទឹកស្រះ ហើយក៏ប្រឌិតរឿងកុហកក្រុមគ្រួសារថា មានចោរចូលប្លន់ម៉ូតូ និងយកកូនទៅបាត់។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES