Tuesday, January 21, 2025
Homeព័ត៌មានជាតិប្រពន្ធរត់ចោល ប្តីទួញយំអង្វរវិលវិញមកអូន

ប្រពន្ធរត់ចោល ប្តីទួញយំអង្វរវិលវិញមកអូន

ភ្នំពេញ ៖ បុរសម្នាក់ បានរៀបរាប់ទាំងទឹកភ្នែក ដង្ហោយហៅប្រពន្ធរបស់ខ្លួន ឱ្យវិលត្រឡប់មកផ្ទះ រួមរស់ជួបជុំគ្នាវិញ ខណៈដែលកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច បែរជាខឹងចិត្តចុះចោលប្តីបាត់ ធ្វើឱ្យបុរសជាប្តី ខំស្វះស្វែងតាមរក ប្រពន្ធសព្វកន្លែង នៅតែមិនឃើញ ទើបប្រកាសអង្វរប្រពន្ធ វិលវិញមកអូន បងរស់ខ្វះអូនមិនបានឡើយ។ 

ករណីបុរសជាប្តីទួញយំតាមរកប្រពន្ធខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលព្រហ្មមុខ៤ ត្រង់គល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសជាប្តីដែលកំពុងតាមរកប្រពន្ធនោះ មានឈ្មោះម៉ៅ សេងហួត អាយុ៣៤ឆ្នាំ មុខរបរជាងតុទូ នៅសិប្បកម្មមួយកន្លែងម្តុំជម្ពូវ័ន និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួនទៅ មានឈ្មោះម៉ី សោភា អាយុ២៥ឆ្នាំ កំពុងរៀនសូត្រការងារខាងលក់ដីឡូត៍ មានស្រុកកំណើតនៅឯខេត្តស្វាយរៀង។

តាមសម្តីបុរសជាប្តីឈ្មោះម៉ៅ សេងហួត បានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងប្រពន្ធ បានចាប់ដៃគ្នាសាងគ្រួសារ រយៈពេល៦ឆ្នាំមកហើយ ដោយមិនបានរៀបការអ្វីធំដុំឡើយ គ្រាន់តែបានក្រាបក្បាលដល់កន្ទេលសែនព្រេនជាមួយគ្នាប៉ុណ្ណោះ ហើយរហូតមកដល់សព្វថ្ងៃ ពួកគាត់ បានរួមរស់នឹងគ្នា បង្កើតបានកូនប្រុសម្នាក់ជាចំណងនិស្ស័យ។

បុរសជាប្តី បន្តថា ក្រោយមក ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ នាំគ្នាចេញមករកការងារធ្វើនៅភ្នំពេញ និងស្នាក់នៅបន្ទប់ជួលម្តុំជម្ពូវ័ន ដោយគាត់បានចូលធ្វើជាជាងតុទូ នៅសិប្បកម្មមួយ ចំណែកប្រពន្ធ បានទៅរៀនធ្វើជាអ្នកលក់ដីឡូត៍។ អំឡុងពេលរស់នៅភ្នំពេញ ប្តីប្រពន្ធពួកគាត់ ធ្លាប់មានជម្លោះរកាំរកូសនឹងគ្នាខ្លះដែរ ហើយក្នុងនោះ ជម្លោះធំដុំលើកទី១ កើតឡើង ដោយសារការទាស់សម្តីគ្នា ហើយស្រាប់តែប្រពន្ធបានស្ទុះមកវាយគាត់មុន ទើបគាត់ជាប្តីគ្រវាសដៃទៅ ធ្វើឱ្យប្រពន្ធបោកផ្ទប់នឹងទ្វារ រងរបួសជាំដៃ តែភ្លាមនោះ គាត់ជាប្តីបានរត់ទៅរកទិញប្រេងកូឡា យកមកលាបឱ្យប្រពន្ធ និងបានសុំទោសប្រពន្ធរួចហើយផងដែរ ស្រាប់តែរំលងបានប៉ុន្មាន ប្រពន្ធគាត់បានចុះចេញពីផ្ទះបាត់ ទៅដេកនៅផ្ទះសំណាក់ តែម្នាក់ឯង ម្តងរួចហើយ តែមិនបានប៉ុន្មានគាត់ក៏តាមទៅលួងលោមត្រឡប់មកវិញ។

បុរសខាងលើ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង ៧យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ គាត់ចេញពីធ្វើការ ទៅដល់បន្ទប់ជួល ស្រាប់តែបាត់ប្រពន្ធ មិនទាន់ឃើញត្រឡប់មកវិញទេ ទើបគាត់បានទូរស័ព្ទទៅសួរនាំប្រពន្ធថា​បាត់ទៅណា? ហេតុអ្វីយូរម៉្លេះ? ប្រពន្ធឆ្លើយថា នាងជាប់រៀនលក់ដីឡូត៍ មកវិញមិនទាន់បានទេ។ ពេលនោះ គាត់ប្រាប់ថា មកឱ្យលឿនមក គាត់ចាំបាយ តែប្រពន្ធបានឆ្លើយថា មិនចាំបាច់ចាំទេ ស៊ីខ្លួនឯងមុនទៅ រួចក៏បិទទូរស័ព្ទបាត់។ បន្តិចក្រោយមក គាត់ក៏ទូរស័ព្ទទៅប្រពន្ធសាជាថ្មី ដោយផ្តាំថា ពេលមកវិញ ទិញបាយម្ហូបមកផង ព្រោះគាត់មិនបានធ្វើម្ហូបទេ ហើយទិញទឹកកកមកផង ស្រាប់តែប្រពន្ធច្រឡោតខឹង និងបោះសម្តីថា នាងមិនមកវិញទេ បែកគ្នាមួយួរយៈទៅ រួចក៏បិទទូរស័ព្ទ លែងអាចទាក់ទងបានតែម្តង ធ្វើឱ្យគាត់ភ័យឆោឡោ តាមស្វែងរកប្រពន្ធ ដល់ផ្ទះមិត្តភក្តិស្រីរបស់នាងម្នាក់ ក៏ត្រូវគេប្រាប់ថា ប្រពន្ធគាត់ទៅដេកផ្ទះសំណាក់បាត់ហើយ តែមិនប្រាប់ថា ផ្ទះសំណាក់មួយណាទេ។

ក្រោយពីតាមរកប្រពន្ធពេញ ១យប់ នៅតែរកមិនឃើញ ទើបបុរសជាប្តីខាងលើ បានមកអង្កុយសោកសៅនៅរង្វង់មូលព្រហ្មមុខ៤ គល់ស្ពាយជ្រោយចង្វា ត្រើយខាងកើត និងត្រូវបានអ្នកសារព័ត៌មានសាកសួរ ទើបបុរសជាប្តី បានដង្ហោយហៅប្រពន្ធតាមរយៈសារព័ត៌មាន ទាំងទឹកភ្នែកទឹកសំបោរថា “វិលវិញមកអូន បងរង់ចាំ គ្មានអូន បងដេកមិនលក់ទេ បងរស់មិនបានទេ បើគ្មានអូន រឿងអ្វីក៏ដោយ ខុសឆ្គងត្រង់ណា ឱ្យប្តីសុំទោស សំខាន់ឱ្យប្រពន្ធអូនវិលមកវិញជួបជុំគ្នា”។ ជាមួយនេះ បុរសជាប្តីខាងលើ ក៏បានស្នើដល់ម្ចាស់ផ្ទះសំណាក់ ឬអ្នកដែលបានស្គាល់ និងប្រទះឃើញស្ត្រីដែលមានភិនភាគដូចប្រពន្ធរបស់គាត់ សូមមេត្តាជួយប្រាប់ឱ្យនាងត្រឡប់មកផ្ទះវិញផង ឬសូមផ្តល់ដំណឹងដល់រូបលោកជាប្តី តាមរយៈលេខ ទូរស័ព្ទ ០៩៧ ៨៧ ៥៧ ៨១៧ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES