Monday, September 23, 2024
Homeព័ត៌មានជាតិប្រពន្ធចុងចាក់ប្តី១កន្ត្រៃ ស្រោចអាល់កុលដុតទាំងរស់

ប្រពន្ធចុងចាក់ប្តី១កន្ត្រៃ ស្រោចអាល់កុលដុតទាំងរស់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ មានប្រពន្ធកូនរួចទៅហើយ បែរជាទាក់ទងស្នេហ៍យាយលក់នំបញ្ចុកនៅក្នុងភូមិ រហូតដល់ត្រូវរ៉ូវយកធ្វើជាប្រពន្ធចុង និងតែងស្កាត់ជួបរួមរ័កមេត្រី សឹងតែរាល់យប់ សូម្បីតែអ្នកភូមិ និងប្រពន្ធកូន ក៏បានដឹងដែរ តែខ្ជិលមាត់ លុះក្រោយមក ភាគីប្តីសន្យាថា ជួយចិញ្ចឹមប្រពន្ធចុង ១ខែ ១០ម៉ឺនរៀល តែបានត្រឹមសន្យាខ្យល់ ទើបប្រពន្ធចុង ទ្រាំមិនបាន ហៅសួរនាំ ស្រាប់តែកើតជម្លោះ ឈានដល់អំពើហិង្សា ដោយភាគីប្រពន្ធចុង ទាញកន្ត្រៃចាក់ប្តី រួចចាក់អាល់កុលស្រោច ដុតប្តីទាំងរស់ បណ្តាលឱ្យឆេះស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីដៃដល់ជាប្រពន្ធចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ប្រពន្ធចុងចាក់ប្តី ១កន្ត្រៃ រួចដុតសម្លាប់ទាំងរស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះរបស់ស្ត្រីដៃដល់ជាប្រពន្ធចុង ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់។

ស្ត្រីដៃដល់ជាប្រពន្ធចុង ដែលចាក់និងដុតសម្លាប់ប្តី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះនេត ចំប៉ី អាយុ៥៣ឆ្នាំ មានមុខរបរលក់នំបញ្ចុក ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្តី មានឈ្មោះអាន់ វុធ អាយុ៤៦ឆ្នាំ មុខរបរជាកម្មករសំណង់ មានប្រពន្ធនិងកូនរួចទៅហើយ សព្វថ្ងៃស្នាក់នៅក្នុងភូមិជាមួយគ្នា។

លោកប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់ថា រវាងជនរងគ្រោះ និងស្ត្រីដៃដល់ជាឃាតករខាងលើ ត្រូវជាប្តីនិងប្រពន្ធចុង ហើយក៏ជាអ្នកភូមិជាមួយគ្នាដែរ ដោយក្នុងភូមិ មានអ្នកដឹងរឿងគ្រប់គ្នា សូម្បីប្រពន្ធដើមនិងកូនៗរបស់ជនរងគ្រោះ ក៏ដឹងដែរ គ្រាន់តែមិនមាត់មិនក។ លុះមកដល់ថ្ងៃកើតហេតុ ក៏កើតមានករណីឃាតកម្ម ប្រពន្ធចុងចាក់សម្លាប់ប្តីបែនេះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ និងត្រូវបានសមត្ថកិច្ច ចុះអន្តរាគន៍ឃាត់ខ្លួនស្ត្រីដៃដល់ជាប្រពន្ធចុងភ្លាមៗផងដែរ។

លោកអធិការ បន្តថា យោងតាមចម្លើយសារភាពបឋមរបស់ស្ត្រីដៃដល់ជាប្រពន្ធចុង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យចាក់សម្លាប់គូស្នេហ៍យ៉ាងឃោរឃៅបែបនេះ ដោយសារខ្លួនខឹងនឹងជនរងគ្រោះដែលសន្យាថា ជួយឧបត្ថម្ភប្រាក់ មួយខែ ១០ម៉ឺនរៀល តែជាសន្យាខ្យល់ ទើបខ្លួនខឹង ហៅមកសួរនាំ រហូតមានការវាយតប់គ្នា ក៏ជ្រុលដៃចាក់សម្លាប់តែម្តង។

ស្ត្រីដៃដល់ជាឃាតករ បានសារភាពបន្តថា គាត់និងជនរងគ្រោះដែលជាកម្មករសំណង់ មានទំនាក់ទំនងស្នេហាលួចលាក់ និងយ៉ាងស៊ីជម្រៅជាមួយគ្នា អស់រយៈពេលជិត២ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ត្រូវគេដឹងពេញភូមិ ហើយបើទោះជាគាត់ដឹងថា ប្តីហេងស៊យនេះ មានប្រពន្ធកូន និងរស់នៅក្នុងភូមិជាមួយគ្នាក្តី ក៏គាត់ស្ម័គ្រធ្វើជាអ្នកទី៣ដែរ ព្រោះតែចិត្តស្រលាញ់។ តាំងពីទាក់ទងស្នេហាគ្នាមក គាត់និងប្តី តែងជួបគ្នាពេលរាត្រី មិនសូវខកខានទេ ហើយក៏តែងឈ្លោះប្រកែកគ្នាបែកផ្សែង ជាញឹកញាប់ដែរ។

ស្ត្រីដៃដល់ បានបញ្ជាក់ថា ពេលនៅស្រលាញ់គ្នាល្អូកល្អិន ប្តីហេងស៊យរបស់គាត់ បានសន្យាថា នឹងជួយផ្តល់លុយកាក់ចិញ្ចឹមគាត់ ១ខែ ១០ម៉ឺនរៀល តែបាត់ឈឹងរហូត មិនគោរពការសន្យា ទើបគាត់ខឹង ក៏ហៅមកសួរនាំម្តង តែពេលមកដល់ សួរនាំរឿងលុយកាក់ ក៏កើតជាជម្លោះបែកផ្សែង ឈានដល់ការសម្លាប់តែម្តង។ តាមពិត នៅមុនពេលកើតហេតុ គាត់ស្រវឹងជោកទៅហើយ លុះពេលជនរងគ្រោះមកដល់ គាត់បានសួរនាំពីរឿងសន្យាផ្តល់ប្រាក់ ១ខែ ១០ម៉ឺនរៀល តែមិនឃើញ ស្រាប់តែប្តីឆ្លើយឡើងឡូយថា “អត់មាន”។ ដោយគិតថា ប្តីហេងស៊យនេះ មានគំនិតបោកប្រាស់គាត់ យកគាត់គ្រាន់តែត្រឹមសប្បាយលេងសើច ពេលនោះក៏មានការឈ្លោះប្រកែកគ្នា រហូតប្រតាយប្រតប់គ្នាពេញបន្ទប់។ ពេលនោះខាងប្តី បានប្រើកណ្តាប់ដៃវាយគាត់រាងធ្ងន់បន្តិច ទើបធ្វើឱ្យគាត់ក្តៅក្រហាយ ក៏ស្ទុះទៅទាញកន្ត្រៃ ចាក់ត្រូវពោះក្បែរផ្ចិតប្តី ១កន្ត្រៃ  ហើយទាញដបអាល់កុល ចាក់ស្រោចបន្ថែម បន្ទាប់មកក៏ដុតប្តី បណ្តាលឱ្យឆេះរហូតដល់ស្លាប់នៅនឹងកន្លែងតែម្តង។

ពាក់ព័ន្ធទៅនឹងចំណងស្នេហ៍ត្រីកោណ រហូតឈានដល់កើតជាអំពើឃាតកម្មខាងលើនេះ “នគរធំ” នៅមិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធដើមរបស់ជនរងគ្រោះ បាននៅឡើយទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីដៃដល់ បានប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះជាប្តី និងបានយកអាល់កុល ចាក់ស្រោច រួចដុតបន្ថែម ធ្វើឱ្យជនរងគ្រោះឆេះរលាកពេញខ្លួននិងលើផ្ទៃមុខ ស្លាប់យ៉ាងអាណោចអាធ័ម។

ស្ត្រីសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES