ខេត្តកំពង់ធំ ៖ លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ថា កម្លាំងរដ្ឋបាលព្រៃឈើ តែងតែធ្វើការបង្ក្រាបនិងទប់ស្កាត់ការពារព្រៃឈើជាប្រចាំ ជាពិសេសតំបន់អភិរក្ស ក៏ប៉ុន្តែនៅតែមានសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនតូច បន្តចូលព្រៃ លួចកាប់បំផ្លាញព្រៃឈើ។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានបន្តថា ទោះបីជាកម្លាំងជំនាញ មានមន្ត្រីចំនួនតិចយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងជំនាញ នៅតែចុះល្បាតជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយ កម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់បុស្សស្បូវ ឃុំបឹងល្វា ស្រុកសន្ទុក ប្រទះឃើញការកាប់ ព្រៃឈើ នៅទីនោះ។ ប៉ុន្តែអ្នកប្រព្រឹត្តបានគេចខ្លួនទាន់ ដោយបន្សល់ទុកនូវវត្ថុតាង រណារយន្តកាត់ឈើចំនួន ៣គ្រឿង ជារបស់ជនល្មើសដែលរត់គេចខ្លួន។

បន្ទាប់មក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការ សឹករង កំពង់ធំ បានចុះល្បាតនៅតំបន់អូរអន្ទ្រក ឃុំបឹងល្វា ស្រុកសន្ទុក បានជួបប្រទះការធ្វើសន្និធិឈើហុបមូល (ចំបក់) ចំនួន ៧កំណាត់ ស្មើនឹង ២,៣២៨៤គូប ដោយគ្មានលិខិតអនុញ្ញាត នៅតំបន់អូរអន្ទ្រក ឃុំបឹងល្វា ស្រុកសន្ទុក។

ដោយឡែក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោងរេដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹក រងកំពង់ធំ បានចុះល្បាតនៅតំបន់គីឡូម៉ែត្រ៣៥ ឃុំបឹងល្វា ស្រុកសន្ទុក បង្ក្រាបបានរណារយន្ត ពីរគ្រឿង ដែលជនល្មើស បានប្រព្រឹត្ត។
វត្ថុតាង ត្រូវបានយកមករក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ស្រុកសន្ទុក។ ចំណែកជនល្មើសខាងលើនេះ មន្ត្រីជំនាញកំពុងតែស្រាវជ្រាវអត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធី៕