Monday, September 23, 2024
Homeព័ត៌មានជាតិវ៉ៃគេរបួសធ្ងន់ រត់គេចកន្លះឆ្នាំ ជាប់ខ្នោះ

វ៉ៃគេរបួសធ្ងន់ រត់គេចកន្លះឆ្នាំ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើអំពើហិង្សាវាយគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកបានព្យាយាមរត់គេចខ្លួនអស់រយៈពេលប្រមាណកន្លះឆ្នាំ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តចំប៉ា ផ្លូវបេតុង ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ លុះមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវបេតុង ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមិន ច័ន្ទដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យឈ្មោះមិន ច័ន្ទដារ៉ូ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយលោកឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខវត្តចំប៉ា ផ្លូវបេតុង ភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES