Tuesday, January 21, 2025
Homeព័ត៌មានជាតិភ្លើងឆេះផ្ទះកណ្តាលរាជធានី បាញ់ទឹកអស់ ២៥ឡាន

ភ្លើងឆេះផ្ទះកណ្តាលរាជធានី បាញ់ទឹកអស់ ២៥ឡាន

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានម្ចាស់ចាក់សោទុកចោល (គ្មានអ្នកនៅ) ស្រាប់តែនៅសុខៗ កើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ជួយបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ២៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៥៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៧២ តាមបណ្តោយផ្លូវ៦៣ (ផ្លូវត្រសក់ផ្អែម) កែងផ្លូវ២៨២ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈោះខៀវ ចាន់ធូ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរអាជីវករ។ ចំណែកផ្ទះដែលត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ជាប្រភេទសំណង់ឈើលើថ្មក្រោម ដំបូលប្រក់សង្ក័សី មានទំហំ ១២ម៉ែត្រ គុណនឹង ២០ម៉ែត្រ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ផ្ទះកើតហេតុខាងលើ គ្មានមនុស្សស្នាក់នៅទេ ដោយត្រូវបានម្ចាស់ចាក់សោទុកចោល ជាយូរមកហើយ។ មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះខាងលើ លុះបន្តិចក្រោយមកផ្សែងនោះកាន់តែហុយខ្លាំងឡើង បណ្តាលឱ្យកើតជាអណ្តាតភ្លើង ឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅខាងក្នុងផ្ទះ។ ឃើញដូច្នេះ បងប្អូនប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទាក់ទងទៅកម្លាំងជំនាញការិយាល័យបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ ចេញរថយន្តគ្រប់គោលដៅជាច្រើនគ្រឿង មកដល់កន្លែងកើតហេតុ ដើម្បីធ្វើការបាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ថា ទីតាំងដែលកើតហេតុនេះ គឺជាទីតាំងដែលគេបានចាក់សោទុកចោល មិនមានបងប្អូនពលរដ្ឋរស់នៅ និងខូចខាតសម្ភារនោះទេ គ្រាន់តែខូចខាតតួផ្ទះប៉ុណ្ណោះ។

នៅក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបង្ការ-ពន្លត់និងសង្គ្រោះ បានបញ្ជាក់ឱ្យដឹងថា បានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់សរុបចំនួន ២៥រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ក្នុងនោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យជំនាញអគ្គិភ័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩រថយន្ត ស្មើនឹង ៧៦ម៉ែត្រគូប និងមានជំនួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ស្មើនឹង ១២ម៉ែត្រគូប រថយន្តពន្លត់ អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើបអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៦ម៉ែត្រគូប។

ហេតុការណ៍អគ្គិភ័យខាងលើ ត្រូវបានកម្លាំងជំនាញគ្រប់គ្រងបានទាំងស្រុង (ភ្លើងបានរលត់ជាស្ថាពរ) នៅវេលាម៉ោង ៥ល្ងាច ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមនុស្សណាម្នាក់បាត់បង់ជីវិត ឬទទួលរងគ្រោះថ្នាក់នោះឡើយ៕

RELATED ARTICLES