ខេត្តព្រៃវែង ៖ បុរសជនជាតិវៀតណាម ម្នាក់ បានធ្វើដំណើរតាមម៉ូតូ ចូលមកទិញសត្វព្រៃចម្រុះនៅលើទឹកដីខ្មែរ បានជាច្រើន លុះពេលដឹកចេញបម្រុងឆ្លងដែនត្រឡប់ទៅស្រុកវិញ ក៏ត្រូវកម្លាំងអាវុធហត្ថ ស្ទាក់បង្ក្រាបបាន ដោយដកហូតសត្វជាច្រើនប្រភេទ។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង វាំងហ្វី ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិភឿកទៀង ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានដឹកកម្លាំងសហការបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ម៉ូតូ ១គ្រឿង ដឹកជញ្ជូនបទល្មើសសត្វព្រៃខុសច្បាប់។

បង្ក្រាបបទល្មើសជាក់ស្តែងនេះ បានធ្វើឡើងនៅចំណុចភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ដោយសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ឈ្មោះង្វៀង វាំងហ្វី ព្រមទាំងដកហូតសត្វពស់ចម្រុះ ទម្ងន់៤០គីឡូក្រាម សត្វប្រវឹក ២ក្បាល និងសត្វលលកបាយ ចំនួន៣១ក្បាល។
ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីអាវុធហត្ថ ប្រគល់ឱ្យប្រធានក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័ត ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី៕