Monday, September 23, 2024
Homeព័ត៌មានជាតិក្រុមស៊ីវិលវ៉ៃខ្នោះបុរសម្នាក់ រួចថាចាប់ច្រឡំ ដោះលែងវិញ

ក្រុមស៊ីវិលវ៉ៃខ្នោះបុរសម្នាក់ រួចថាចាប់ច្រឡំ ដោះលែងវិញ

ភ្នំពេញ ៖ ជនស៊ីវិលមួយក្រុម បានធ្វើសកម្មភាពចាប់វាយខ្នោះបុរសម្នាក់ បញ្ចូលរថយន្ត ១គ្រឿង ដោយដឹងមិន ដឹងមូល ហេតុ រួចបញ្ជូនទៅសួនកុមារវត្តភ្នំ ដើម្បីពិនិត្យទឹកនោម លុះលទ្ធផលអវិជ្ជមាន ក៏ដោះលែងបុរសរងគ្រោះវិញ ដោយ ប្រាប់ថា ចាប់ច្រឡំ ទើបធ្វើឱ្យបុរសរងគ្រោះ កើតទុក្ខមិនសុខចិត្ត ប្តឹងទៅអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ឃាត់ខ្លួនបាន បុរស ២នាក់ ក្នុងចំណោមជនស៊ីវិលមួយក្រុមខាងលើ យកទៅសាកសួរ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចសួនកុមារវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូស៊ុយស៊ូគី និច ពណ៌ក្រហមខ្មៅ ចេញពីផ្ទះ ដើម្បីយកអំបុកនិងចេក ទៅឱ្យឪពុក នៅម្តុំជិតផ្សាររាត្រី លុះពេលមកដល់ចំណុចកើតហេតុ មានជនស៊ីវិលមួយក្រុម ធ្វើសកម្មភាពឃាត់ខ្លួនគាត់ ដោយចាប់វាយខ្នោះ រួចរុញចូលទៅក្នុងរថយន្ត ១គ្រឿង និងនាំយកទៅម្តុំសួនកុមារវត្តភ្នំ ដើម្បីធ្វើការពិនិត្យទឹកនោម ទៅលើរូបគាត់។ បន្ទាប់ពីពិនិត្យរួច លទ្ធផលពុំមានសារធាតុញៀន ឬបញ្ហាអ្វីនោះទេ ទើបក្រុមជនស៊ីវិលនោះ បានដោះលែងរូបគាត់ឱ្យត្រឡប់ទៅវិញ ដោយប្រាប់ថា ពួកគេជាប៉ូលិសគ្រឿងញៀន ចាប់ច្រឡំមនុស្ស។

ក្រោយកើតមានហេតុការណ៍ខាងលើរួចមក ដោយសារសាមីខ្លួនជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងទៅខាងសាលាខណ្ឌដូនពេញ ទើបសាលាខណ្ឌដូនពេញ បានដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅកាន់ទីតាំងកើតហេតុ រួចធ្វើការឃាត់បុរស ២នាក់ ក្នុងចំណោមជនស៊ីវិលមួយក្រុមខាងលើ (ម្នាក់ស្លៀកស៊ីវិល ម្នាក់ស្លៀកឯកសណ្ឋាន) ជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំមន្ត្រីជំនាញចុះមកធ្វើការសាកសួរ។

តាមការអះអាងពីជនរងគ្រោះ នៅពេលឃាត់ខ្លួនគាត់នោះ ក្រុមជនស៊ីវិលខាងលើ មិនបានប្រើអំពើហិង្សាវាយដំរូបគាត់ឡើយ តែបានដកហូតសម្ភារៈនៅលើខ្លួនគាត់ ដើម្បីពិនិត្យទឹកនោម លុះបន្ទាប់ពីពិនិត្យមិនឃើញមានអ្វី ទើបប្រគល់ទ្រព្យសម្បត្តិ និងទូរស័ព្ទ មកឱ្យគាត់វិញ។ ហេតុការណ៍នេះ ទោះបីជាមិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់រូបគាត់ (គ្រាន់តែរបួសត្រង់កដៃជាប់ខ្នោះ) ប៉ុន្តែសកម្មភាពនេះ គឺមិនគួរកើតឡើងទាល់តែសោះសម្រាប់រូបគាត់ ព្រោះមិនត្រឹមតែបង្កឱ្យគាត់ការភិតភ័យប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់យ៉ាងខ្លាំងទៀតផង។

ជុំវិញករណីខាងលើនេះ ជនរងគ្រោះ បានសំណូមពរឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់រូបគាត់ផង ព្រោះគេឧស្សាហ៍ឃើញមានក្រុមជនស៊ីវិល ចេះតែដើរធ្វើការឃាត់ខ្លួនមនុស្សបែបនេះពាសវាលពាសកាលជាញឹកញាប់ ក្នុងពេលបច្ចុប្បន្ន ដូចជាករណីរូបគាត់ជាឧទាហរណ៍ជាក់ស្តែងស្រាប់។

ក្រោយពេលបញ្ជូនក្រុមជនស៊ីវិលខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ធ្វើការសាកសួរ ទើបដឹងថា ក្រុមជនស៊ីវិលខាងលើ គឺជាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៣)។ បន្ទាប់មក សមត្ថកិច្ចខណ្ឌដូនពេញ បានប្រាប់ពួកគាត់ថា បើលើកក្រោយ ចង់ចុះមកចាប់មនុស្សនៅ ខណ្ឌដូនពេញ ត្រូវរាយការណ៍ប្រាប់លោកអធិការខណ្ឌ ដើម្បីលោកធ្វើការរាយការណ៍បន្តទៅលោកអភិបាលខណ្ឌដូនពេញ កុំឲ្យមានហេតុការណ៍បែបនេះកើតឡើងទៀត៕

RELATED ARTICLES